ទោះបីជា​ជំនួប​មិត្តភាព​ក៏ដោយ កម្ពុជា​-​ហុងកុង ទាមទារ​ជ័យជម្នះ​រៀងៗ​ខ្លួន​ និពន្ធដោយ : សឿន វណ្ណឌេត       October-06-2016, 2:53 pm         169

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទោះបីជា​ជំនួប​មិត្តភាព​ក៏ដោយ កម្ពុជា​-​ហុងកុង ទាមទារ​ជ័យជម្នះ​រៀងៗ​ខ្លួន​​ក្រោយ​ចាញ់​ក្រុម​ហុងកុង ៤-២ នៅលើ​ទឹកដី​នៃ​ទីក្រុង​ហុងកុង​កាលពីដើម ខែកញ្ញា កន្លងទៅ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ម្សិលមិញ លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​តទល់​ជាមួយ​ក្រុម​ហុងកុង​លើក​ទី​២​នៅលើ​ទឹកដី​របស់ខ្លួន​នា​ល្ងាច​នេះ​។ ចំណែក​គ្រូបង្វឹក​ហុងកុង​បាន​ប្តេជ្ញា​ថា នឹងដាក់​កីឡាករ​ល្អៗ​ទាំងអស់​ក្នុងការ​តទល់​ជាមួយ​កម្ពុជា​។​

​ទោះបីជា​ក្រុម​ហុងកុង​មាន​កីឡាករ​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់ និង​ធ្លាប់​យកឈ្នះ​លើ​កម្ពុជា ៤-២ នៅ​លើក​ទឹកដី​របស់ខ្លួន​ក៏ដោយ​។ ប៉ុន្តែ​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ជាក់ថា សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង​លើក​ទី​២ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការស្វាគមន៍​ក្រុម​ភ្ញៀវ​មួយ​នេះ​។

​លើសពីនេះ លោក​បាន​ប្តេ​ជា្ញ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ថ្មី ដើម្បី​បំបែក​ក្បួន​ប្រយុទ្ធ​របស់​ក្រុម​ហុងកុង​ដែល​លោក​ធ្លាប់បាន​ជួប និង​មើល​ការប្រកួត​របស់​ក្រុម​នេះ​នាពេល​កន្លងមក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​នឹង​ប្រើ​បទពិសោធន៍​ដែល​ទទួលបាន​ពី​ការហ្វឹកហាត់ និង​ប្រកួត​នៅ​សិង្ហ​បុរី ដើម្បី​ស្វែងរក​ជ័យជម្នះ​ក្នុងជំនួប​ល្ងាច​នេះ​ទៀតផង​។​

​លោកគ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​សង្ឃឹមថា កូនក្រុម​របស់លោក​នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​ស្វែងរក​ជ័យជម្នះ​បំពេញ​ទឹកចិត្ត​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ​។ ហើយ​លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​សម្រាប់​ជំនួប​នៅលើ​ទឹកដី​របស់ខ្លួន​លើក​នេះ​។​

​យ៉ាងណាមិញ លោក Kim Pan Gon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហុងកុង បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាង​ចំពោះ​ការរីកចម្រើន​របស់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ទាំង​លើ​ផ្នែក​បច្ចេកទេស និង​អ្នកគាំទ្រ​។ ទោះបីជា​យ៉ាងនេះ​ក្តី​លោក​បាន​បញ្ជាក់ថា សម្រាប់​ជំនួប​នា​ល្ងាច​នេះ​គឺ​មិន​មានការ​បន្ធូរដៃ​នោះឡើយ ដោយ​លោក​នឹងដាក់​កីឡាករ​ជើង​ខ្លាំង​ទាំងអស់​ឲ្យ​ចូលរួម​ប្រកួត​។ 

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក នឹង​ខិតខំ​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ស្វែងរក​ជ័យជម្នះ​ម្តងទៀត​លើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ម្យ៉ាងទៀត ដើម្បី​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះមុខ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ដែល​គាំទ្រ​កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ​៕