បាល់បោះលីកកំពូលកម្ពុជា នឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ

ការប្រកួតបាល់បោះក្របខ័ណ្ឌលីកកំពូលរបស់កម្ពុជា ប្រចាំឆ្នាំ២០១៦(Cambodia Basketball League 2016) នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតដណ្តើមពាន នៅវគ្គផ្តាច់ព្រ័ត្រ។

ft-img-template

បើតាមព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា បានឲ្យដឹង ក្រុមទាំង៤ ដែលបានជម្នះការប្រកួតតាំងពីវគ្គជម្រុះតាមពូលA និងពូលB ដោយមួយពូលមាន៨ក្រុមអស់រយៈពេលជាច្រើនខែមកនេះ គឺមានក្រុម Extra Joss Fighters ក្រុមMSGM Beast ក្រុមBayon Airlines និងក្រុមALLN Supermen។

mm2

យ៉ាងណាមិញ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ខាងមុខនេះ ក្រុម Extra Joss Fighters ដែលគេស្គាល់ថាជាក្រុមរបស់លោក Ken Gadaffi ទីប្រឹក្សារបស់ NOCC នោះ ត្រូវជួបក្រុម MSGM Beast នៅរសៀលម៉ោង៣:០០ ហើយក្រុមBayon Airlines ត្រូវប្រកួតជាមួយក្រុមALLN Supermen ចាប់ពីម៉ោង ៥:០០តទៅ ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ត្រូវបានគេរំពឹងទុកជាមុនថា នឹងក្លាយជាការប្រកួតដ៏គួរឲ្យជក់ចិត្ត និងមានភាពស្វិតស្វាញខ្លាំង ព្រោះក្រុមទាំង៤ ដែលបានឡើងមកដល់វគ្គនេះ សុទ្ធតែមានសមត្ថភាពលេងបានល្អ និងស៊ីចង្វាក់គ្នា ពិសេសក្រុមទាំង៤នេះ សុទ្ធតែមានការចូលរួមពីកីឡាករបរទេសដូចគ្នា៕

The post បាល់បោះលីកកំពូលកម្ពុជា នឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ appeared first on CamboSport.