​លោក កឹម សុខា បញ្ជាក់ថា កុំ​បង្កាត់ភ្លើង​ជម្លោះ​និង​កុំ​ចាក់​សាំង​លើ​ភ្លើង​ជម្លោះ​

នៅ​ព្រឹក​ថ្ងៃនេះ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ថា កុំ​បង្កាត់ភ្លើង​ជម្លោះ​និង​កុំ​ចាក់​សាំង​លើ​ភ្លើង​ជម្លោះ​។ ការ​ថ្លែង​របស់ លោក កឹម សុខា យ៉ាង​ដូច្នេះ​ត្រូវគេ​សង្កេតឃើញថា​ស្របពេល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ហាក់​កំពុង​វិល​ទៅរក​ភាពប្រក្រតី​វិញ​នៅមុន​ការបោះឆ្នោត​នាពេលខាងមុខ​នេះ​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា​៖ ទី​១-​ខ្មែរ​យើង​នៅតែមាន​បញ្ហា​ជាច្រើន ហើយ​ឫសគល់​នៃ​បញ្ហា​នោះ​គឺ​យើង​ឈ្លោះ​គ្នា បែកបាក់​គ្នា​មិនចេះចប់ ឈ្លោះ​គ្នា​គ្រប់ទិសទី ឈ្លោះ​មិនចេះ​ខ្មាស​គេ​។ ទី​២-​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចង់បាន​សេចក្តីសុខ ប្រកបដោយ​យុត្តិធម៌ និង​ការរីកចម្រើន និង​ទី​៣-​កាលណា​យើង​ជា​អ្នកដឹកនាំ​នៅតែ​បន្ត​ឈ្លោះ​គ្នា​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​នៅតែ​បន្ដ​យក​ទម្លាប់​ឈ្លោះ​គ្នា​នេះ​តទៅទៀត​។ ដូច្នេះ​បើ​យើង​នៅតែ​បន្ដ​ឈ្លោះ​បែកបាក់​គ្នា ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នឹង​គ្មាន​ថ្ងៃ​ចៀស​ផុតពី​រណប​ប្រទេស​ណាមួយ​ឬ​ឲ្យ​ផលប្រយោជន៍​ទៅ​ប្រ​ទស​ណាមួយ​នោះទេ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា​ដើម្បី​ឲ្យ​ខ្មែរ​យើង​បាន​សេចក្តីសុខ​រស់នៅ​ដោយ​សុខដុមរមនា​និង​មានការ​រីកចម្រើន​ស្ថិតស្ថេរ​លុះត្រាតែ​យើង​ឈប់​យក​ខ្មែរ​គ្នាឯង​ធើ្វ​ជាស​ត្រូវ ឈប់​គុំកួន​សងសឹក​គ្នា និង​កាត់បន្ថយ​ជម្លោះ​ឲ្យ​បាន​ច្រើន​ជាទីបំផុត​។ គួរ​កត់សម្គាល់ថា បើទោះជា​កន្លងមក​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាព​តានតឹង​កម្រិត​ណាក៏ដោយ​ក៏​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​តែងតែ​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ឲ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​និង​រក្សា​ឯកភាព​ជាតិ​ចៀសវាង​ឲ្យ​បានការ​បែកបាក់​ជាតិ​ជាថ្មី​៕

14516594_1484154891601805_8431241817082769175_n 14610968_1484154888268472_4740521403185614145_n