អាមេរិក​ផ្អាក​នាំ​អង្ករ​ចូល​ពី​វៀតណាម​ដោយសារ​ប្រើ​ជាតិ​គីមី​ហួស​កម្រិត​និង​ខ្វះ​អនាម័យ

សហរដ្ឋ​អាមេរិក​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម ក្រោយ​ពី​អាជ្ញាធរ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ផ្នែក​អាហារ និង​ថ្នាំពេទ្យ​របស់​អាមេរិក (FDA) បាន​រក​ឃើញ​ថា អង្ករ​ទាំងនោះ​មាន​ជាតិ​គីមី​ចំនួន ៨​ប្រភេទ​ដែល​ប្រើ​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ។

ឆ្លើយ​តប​នឹង​វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ដែល​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អាមេរិក ត្រូវ​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណភាព​អង្ករ រួម​មាន​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត ជាដើម ដើម្បី​បញ្ចៀស​បញ្ហា​ការ​នាំ​អង្ករ​ចេញ​ពី​វៀតណាម ទៅ​សហរដ្ឋ​អាមេរិក នា​ថ្ងៃ​អនាគត។

ចាប់​ពី​ឆ្នាំ​២០១២ ដល់​ខែ​សីហា ឆ្នាំ​២០១៦ អង្ករ​ចំនួន ១​ម៉ឺន​តោន​នាំ​ចូល​ដោយ​ក្រុមហ៊ុន​អង្ករ​វៀតណាម ចំនួន​១៦ ត្រូវ​បាន​រក​ឃើញ​ថា មាន​បញ្ហា​អនាម័យ និង​ពុំ​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ។

របាយការណ៍​របស់ FDA បង្ហាញ​ថា រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៦ នេះ អង្ករ​ចំនួន ១.៧០០​តោន​ដែល​បម្រុង​នាំ​ចូល​ទីផ្សារ​អាមេរិក រួម​មាន​អង្ករ​ក្រអូប​ម្លិះ អង្ករ​បី​កំណាត់ និង​អង្ករ​សំរូប ជាដើម ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។ បម្រាម​របស់​អាមេរិក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​នាំ​អង្ករ​ចេញ​របស់​វៀតណាម។

ក្រសួង​គយ​វៀតណាម ឲ្យ​ដឹង​ថា រយៈពេល ៨​ខែ​ក្នុង​ឆ្នាំ​២០១៦ នេះ បរិមាណ​នាំ​អង្ករ​ចេញ​ពី​ប្រទេស​វៀតណាម មាន​ចំនួន​ជិត ៣​លាន ៤​សែន​តោន​ទៅ​សហរដ្ឋ​អាមេរិក ដែល​គិត​ជា​ប្រាក់​មាន​ចំនួន ១.៥០០​លាន​ដុល្លារ​អាមេរិក។ បរិមាណ​នាំ​ចេញ​អង្ករ​នេះ គឺ​បាន​ថយ​ចុះ​ចំនួន​ជាង ១៦% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។