ប្រធានាធិបតី​អ៊ីរ៉ង់ ផ្តើម​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វៀតណាម ម៉ាឡេស៊ី និង​ថៃ និពន្ធដោយ : ទេព អ៊ីវិសាល       October-06-2016, 3:06 pm         430

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​អ៊ីរ៉ង់ ផ្តើម​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វៀតណាម ម៉ាឡេស៊ី និង​ថៃលោកប្រធានាធិបតីអ៊ីរ៉ង់​ប្រធានាធិបតី​អ៊ីរ៉ង់ បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រួមមាន​នៅក្នុង​ប្រទេស​វៀត​ណា​ម ម៉ាឡេស៊ី និង​ថៃ​។ វត្តមាន​របស់លោក​ប្រធានាធិបតី​រូបនេះ មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដ្បិត​តំបន់​អាស៊ី ក៏​ស្ថិតនៅ​ក្នុងទិសដៅ​សំខាន់​របស់​អ៊ីរ៉ង់​ផងដែរ​នោះ​។

​លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់ នៅ​ថ្ងៃទី​០៥ ខែតុលា ម្សិលមិញ បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​តាម​ការអញ្ជើញ​របស់លោក​ប្រ​ធានា​ធីប​តី​វៀតណាម Trần Đại Quang​។ ទិសដៅ​បន្ទាប់​របស់លោក គឺ​ម៉ាឡេស៊ី ហើយ​ចុងក្រោយ​គឺ​ថៃ​។

​អ្វី​គួរកត់សម្គាល់​នោះ មុនពេល​នៃ​ការចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​ប្រធានាធិបតី Hassan Rouhani  ក៏បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ ក្នុងនោះ លោក បាន​ពណ៌នា «​តំបន់​អាស៊ី ជា​ទ្វីប​ដ៏​សំខាន់​សម្រាប់​អ៊ីរ៉ង់ ដោយ​លោក បន្ថែមថា សតវត្សរ៍​ទី​២១ គឺជា​កម្ម​សិទ្ធិ​របស់​អាស៊ី​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Press TV​។

​ប្រមុខ​នីតិ​ប្រតិបត្តិអ៊ីរ៉ង់​រូបនោះ ក៏បាន​បញ្ជាក់ដែរថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម ពិតជា​សំខាន់​សម្រាប់​ការពង្រីក​ចំណង​ទ្វេភាគី​រវាង​អ៊ីរ៉ង និង​វៀតណាម ជាពិសេស​នោះ លើ​ការនាំចេញ​សេវា​បច្ចេកវិទ្យា និង​វិស្វកម្ម​ពី​ក្រុង​តេ​ហេ​រ៉ង់​ទៅកាន់​ក្រុង​ហាណូយ​។

​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ម៉ាឡេស៊ី ដែលជា​ទិសដៅ​បន្ទាប់ពី​វៀតណាម លោក Hassan Rouhani បាន​អះអាងថា លោក នឹង​ជជែក​ជាមួយនឹង​មេដឹកនាំ​ម៉ាឡេស៊ី ដើម្បី​ផ្សះផ្សារ​ឡើងវិញ​នូវ​ចំណង​ទ្វេភាគី​ទាំងពីរ​ដែល​បាន​ធា្ល​ក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។

​មិន​ខុសពី​វៀតណាម និង​ម៉ាឡេស៊ី លោក Rouhani ក៏​នឹង​ជួប​ជជែក​ជាមួយនឹង​មេដឹកនាំ​ថៃ​ដែល​ស្ថិតនៅ​ក្នុងទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ពង្រឹង​ចំណង​ទ្វេភាគី​ផងដែរ​។ តែ​បន្ថែម​ពី​ការជួប​ជាមួយ​មេដឹកនាំ​ថៃ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ក៏​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី (ACD) ដែល​នឹងមាន​ការចូលរួម​ពី​មេដឹកនាំ​អាស៊ី​៣៤​ប្រទេស​នៅក្នុង​ក្រុង​បាងកក​នៃ​ប្រទេស​ថៃ​ផង​ដែរនោះ​៕