រុស្ស៊ី​ខកចិត្ត​ដែល​ការបោះឆ្នោត​អាមេរិក​ផ្តោត​តែ​លើ​រុស្ស៊ី និង​លោកពូ​ទីន​ និពន្ធដោយ : ថ្មីៗ       October-06-2016, 4:03 pm         346

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​ខកចិត្ត​ដែល​ការបោះឆ្នោត​អាមេរិក​ផ្តោត​តែ​លើ​រុស្ស៊ី និង​លោកពូ​ទីន​​រដ្ឋាភិបាល​រុស្ស៊ី​បាន​អះអាងថា ខ្លួន​សោកស្តាយ​ដែល​រុស្ស៊ី​និង​ប្រធានាធិបតី វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ការឃោសនាបោះឆ្នោត​នៅ​អាមេរិក​។ ការជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី និង​អនុ​ប្រ​ធា​ធិបតី​ទាំងពីរ​បក្ស​សុទ្ធតែ​និយាយ​ពី​បញ្ហា​រុស្ស៊ី ហើយ​ភាគច្រើន​ពួកគេ​រិះគន់​មេដឹកនាំ​រុស្ស៊ី​មិន​សំចៃមាត់​ទេ​។​

​ក្រោយ​ពេលដែល​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ប្រកាសថា រុស្ស៊ី​បំផ្លាញ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​ក្នុងការ​បង្កើត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី និង​ចោទថា លោកពូ​ទីន មិន​គោរព​មេដឹកនាំ​អាមេរិក រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បានបង្ហាញ​ការខកចិត្ត​ខ្លាំង​ចំពោះ​ការយក​រុស្ស៊ី​ជា​ផ្ទាំង​ស៊ី​ប​ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក​។​

​យោងតាម​សារព័ត៌មាន NBC អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង Dmitry Peskov បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ទី ៥ តុលា​ថា វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​ដែល​ប្រធានាធិបតី ពូ​ទីន និង​រុស្ស៊ី​ត្រូវ​បានជា​គេ​យកមក​ធ្វើ​ប្រ​ធានា​បទ​រិះគន់​និង​វាយប្រហារ​ក្នុងការ​ឃោសនា​នយោបាយ​អាមេរិក​។ នេះ​ជា​លើកដំបូង​បំផុត​ហើយ ដែល​រុស្ស៊ី​ប្រកាសថា ខ្លួន​មិន​ពេញចិត្ត​ការ យក​រុស្ស៊ី​និង​ប្រធានាធិបតី​ខ្លួន​ទៅ​រិះគន់​និង​វាយប្រហារ​ដោយ​ប្រើប្រាស់​ពាក្យសម្តី​មិន​ស​ម្យ​នោះ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា​៖«​ជាការ​ពិតណាស់ យើង​ចង់​ឲ្យ​មានការ​លើកឡើង​ពី​ប្រទេស​យើង​ប៉ុន្តែ​វា​គួរ​ជា​រឿង​វិជ្ជមាន​។ យើង​សោកស្តាយ​ណាស់​ដែល​យើង​ដឹងថា សន្លឹក​បៀរ​រុស្ស៊ី​និង​ឈ្មោះ​ប្រធានាធិបតី​រុស្ស៊ី​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ភាពអវិជ្ជមាន​ដើម្បី​ទាញយក​សំឡេងឆ្នោត​នៅ​អាមេរិក​ដូច្នេះ​»​។​

​តាមពិតទៅ ប្រធានបទ​ស្តីពី​រុស្ស៊ី និង​លោក ពូ​ទីន បាន​ក្លាយជា​ប្រធានបទ​ពេញនិយម​ក្នុងការ​ឃោសនា ជាពិសេស​ការជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​អាមេរិក​។ កន្លងមក លោក ដូ​ណា​ល់ ត្រាំ បាន​កោតសរសើរ​លោក ពូ​ទីន មិន​ដាច់​ពី​មាត់ ហើយ​លោក​ក៏​អះអាង​ផងដែរ​ថា លោក​នឹង​អាចធ្វើ​ការ​ជាមួយ​លោក ពូ​ទីន​បាន​បើ​លោក​ជាប់ឆ្នោត​។ ប៉ុន្តែ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឯណោះ​វិញ បាន​ទិតៀន​រុស្ស៊ី​មិន​ដក​ដៃ ហើយ​ថែមទាំង​ចោទថា​រុស្ស៊ី បាន​ព្យាយាម​ចូល​លួច​ទិន្នន័យ​គណៈកម្មការ​ជាប​ក្ស​ប្រជាធិបតេយ្យ​ថែមទៀត​ផង​។​

​ដោយឡែក​ក្នុង​ការជជែក​ដេញដោល​រវាង​បេក្ខជន​អនុ​ប្រធានាធិបតី​លោក Tim Kaine និង​លោក Mike Pence នា​ថ្ងៃ ៤​តុលា​នេះ​វិញ​ម្តង បញ្ហា​រុស្ស៊ី និង​ប្រធានាធិបតី​រុស្ស៊ី​នៅតែ​ជា​ចំណុច​សំខាន់​ដែរ​។ លោក Mike Pence បាន​ព្យាយាម​និយាយ​បង្វែរ​ការចាប់អារម្មណ៍​ដោយ​មិន​ផ្តោតលើ​ការសរសើរ​របស់​ដូ​ណា​ល់ ត្រាំ ចំពោះ​លោក ពូ​ទីន ឡើយ​។​

 លោក Mike Pence បានប្រកាសថា បើសិនជា រុស្ស៊ី​បន្ត​ពាក់ព័ន្ធ​ឬ​លូកលាន់​ក្នុង​ជម្លោះ​ស៊ី​រី អាមេរិក​ត្រូវ​ប្រើប្រាស់​កម្លាំង​ដើម្បី​កម្ទេច​របប​ដឹកនាំ​លោក អាសាដ វិញ​ម្តង​។ ចំ​ណែ​លោក Tim Kaine ឯណោះ​វិញ ព្យាយាម​ផ្តោត​តែ​ពី​ទំនាក់ទំនង​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​លើកឡើង​ពីស​ម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​សរសើរ​លោក ពូ​ទីន និង រុស្ស៊ី កន្លងមក​ដែរ​៕