នៅ​លើ​វិថី​ទៅ​កាន់​ការ​ចរចា​ជា​ថ្មី​​៖ បក្ស​ប្រឆាំង​ត្រូវ​ចេះ​បត់បែន​និង​ហ៊ាន​លះបង់!

កាលពីថ្ងៃអង្គារ ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា សមាជិកសភាមកពីបក្សប្រឆាំងនិងគណបក្សកាន់អំណាចបានបង្ហើបថា អាចនឹងមានការចរចាឡើងវិញរវាងគណបក្សទាំងពីរ ក្រោយបែរខ្នងដាក់គ្នាអស់រយៈពេលជិត១ឆ្នាំ។ អ្នកវិភាគនយោបាយនៅកម្ពុជាមើលឃើញថា ការវិលត្រឡប់ចូលតុចរចារវាងបក្សជាប់ឆ្នោតទាំងពីរគឺជារឿងដែលអាចទៅរួច និងគួរឲ្យស្វាគមន៍អបអរ។ ប៉ុន្តែនៅលើផ្លូវទៅកាន់តុចរចានោះ បក្សប្រឆាំងទំនងជាត្រូវចេះបត់បែន និងហ៊ានលះបង់ខ្ពស់ជាងមុនបន្តិច។

គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ កំពុងតែស្ថិតនៅលើវិថីទៅកាន់តុចរចាជាថ្មីម្ដងទៀត បន្ទាប់ពីកិកកុកដាក់គ្នាអស់រយៈពេលជិត១ឆ្នាំ។ បើទោះបីជាបានបង្ហាញឆន្ទៈវិលចូលតុចរចារួមគ្នាក៏ដោយ ក៏បក្សជាប់ឆ្នោតទាំងពីរនៅតែស្ទាក់ស្ទើរនៅឡើយ ដោយមិនបានបញ្ជាក់ច្បាស់ថា ការចរចានឹងធ្វើឡើងតាមផ្លូវណា និងស្ថិតក្នុងកម្រិតណានៅឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេប្រមើលដឹងជាមុនរួចស្រេចហើយថា ការចរចាទំនងជាមានត្រឹមតែកម្រិតបច្ចេកទេសប៉ុនណោះ។ គ្មានឡើយការចរចាថ្នាក់កំពូល ខណៈលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសដាច់ណាត់មិនជួបអង្គុយចរចាជាមួយគណបក្សប្រឆាំងទេ។ លោកបានលើកឡើងថា កន្លែងចរចាបច្ចុប្បន្នគឺរដ្ឋសភា។

Loading...

ឥឡូវនេះ រដ្ឋសភាទំនងជាច្រកតែមួយគត់ សម្រាប់ឈានទៅទម្លុះទម្លាយជញ្ជាំងខណ្ឌចែករវាងបក្សជាប់ឆ្នោតទាំងពីរ។ ប៉ុន្តែច្រកនេះ ហាក់មានលក្ខណៈតូចចង្អៀតណាស់សម្រាប់គណបក្សសង្គ្រោះជាតិ ដែលបានដាក់ការទាមទារធំគួរសម។ ការទាមទាររបស់គណបក្សសង្គ្រោះជាតិ គឺបរិយាកាសនយោបាយប្រក្រតី។ បរិយាកាសនយោបាយប្រក្រតី ដែលមានន័យថា តំណាងរាស្ត្រ និង ថ្នាក់ដឹកនាំគណបក្សប្រឆាំងលែងត្រូវរងការកៀបសង្កត់តាមផ្លូវតុលាការ ហើយមានសិទ្ធិធ្វើនយោបាយនិងដើរហើរទៅណាមកណាដោយគ្មានការភ័យខ្លាច។ កន្លងមក ដើម្បីសម្រេចបាននូវការទាមទារនេះ បក្សប្រឆាំងបានគម្រាមធ្វើមហាបាតុកម្ម ដើម្បីដាក់សម្ពាធទៅលើគូបដិបក្ខ។ ចំណែកគណបក្សប្រជាជនកម្ពុជាវិញ អ្នកវិភាគមើលឃើញថា មិនត្រឹមតែមិនអើពើនឹងការទាមទាររបស់បក្សប្រឆាំងទេ គណបក្សកាន់អំណាចនេះថែមទាំងកៀបសង្កត់បក្សប្រឆាំងវិញ តាមរយៈការប្រើប្រាស់កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ រួមទាំងប្រព័ន្ធយុត្តិធម៌ផង។

យ៉ាងណាក៏ដោយ ការចរចាដែលអាចនឹងកើតឡើងនាពេលខាងមុខនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយចាត់ទុកថាជាសញ្ញាណល្អ សម្រាប់ឆាកនយោបាយកម្ពុជា ជាពិសេសសម្រាប់ការបោះឆ្នោតដែលកំពុងតែខិតជិតចូលមកដល់នាពេលខាងមុខ។ ប៉ុន្តែដើម្បីឲ្យបក្សទាំងពីរដើរដល់តុចរចា អ្នកវិភាគផ្ដល់យោបល់ថា គណបក្សប្រឆាំងទំនងជាត្រូវចេះបត់បែន និងហ៊ានលះបង់ខ្ពស់ជាងមុនបន្តិច។

ហេតុអ្វីត្រូវបត់បែន និង លះបង់?

ជាការពិត ប្រសិនបើសង្គ្រោះជាតិគ្រាន់តែចង់ធ្វើខ្លួនជាឆ្អឹងទទឹងករបស់គណបក្សកាន់អំណាច សង្គ្រោះជាតិមិនចាំបាច់ធ្វើអ្វីទាំងអស់ ក្រៅតែពីរិះគន់និងវាយប្រហារគណបក្សកាន់អំណាច។

ប៉ុន្តែ ប្រសិនបើចង់វិលទៅជាន់ឆាកនយោបាយ ស្វែងរកការគាំទ្រពីពលរដ្ឋ ដើម្បីឈានទៅដឹកនាំប្រទេស សង្គ្រោះជាតិត្រូវតែចាកចេញឲ្យផុតពីស្ថានភាពថយក្រោយមិនរួច ទៅមុខក៏មិនដល់ ដូចបច្ចុប្បន្ន។ ហើយដើម្បីឈានចេញពីស្ថានភាពនេះឲ្យបាន បក្សប្រឆាំងដាច់ខាតត្រូវចេះបត់បែន និងហ៊ានលះបង់ខ្ពស់។ សង្គ្រោះជាតិត្រូវទទួលស្គាល់ថា សព្វថ្ងៃ ខ្លួនទំនងជាគ្មានជំរើសអ្វីផ្សេងក្រៅពីនេះឡើយ ព្រោះសម្ពាធមហាជនដែលបានដាក់គំនាបទៅលើបក្សប្រជាជនកម្ពុជានៅឆ្នាំ២០១៦ មិនមានទម្ងន់ដូចឆ្នាំ២០១៣ឡើយ។ ចំណែកការអន្តរាគមន៍ដែលបក្សប្រឆាំងទទួលបានពីសហគមន៍អន្ដរជាតិកន្លងមក គឺគ្មានន័យអ្វីទាំងអស់សម្រាប់បក្សកាន់អំណាច។

ខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ និងខណៈដែលបក្សកាន់អំណាចកំពុងតែធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីយកចិត្តរាស្ត្រ គណបក្សប្រឆាំងរឹតតែមិនគួរស្ថិតនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ យូរទៀតទេ។ ចាប់ពីពេលនេះតទៅ នៅចំពោះស្ថានការណ៍អ្វីក៏ដោយ សង្គ្រោះជាតិត្រូវតែចេះដាក់ខ្លួន និងហ៊ានលះបង់ផ្ដល់សម្បទានខ្លះដល់បក្សកាន់អំណាច ជាថ្នូរនឹងភាពប្រក្រតីខាងនយោបាយដែលខ្លួនចង់បាន៕

ប្រភព៖ rfi