កូរ៉េ​ខាងត្បូង​និង​សហភាព​អឺរ៉ុប​គ្រោង​ប្រើ​គ្រប់​លទ្ធភាព​បញ្ចប់​កម្មវិធី​នុយ​ក្លេ​រ​អ៊ែ​រ​កូរ៉េ​ខាងជើង

យោង​តាម​YONHAP ថា​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា ប្រទេស​នេះ​និង​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា ប្រមូល​គ្រប់​មធ្យោបាយ ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ។

រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង​លោក  YUN BYUNG-SE និង​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស​លោកស្រី​FEDERICA MOGHERINI បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល បែ​ល​ហ្ស៊ិ​ក ខាងក្រៅ​សន្និសីទ​របស់​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ភាគី​ទាំង​២​គូសបញ្ជាក់​ថា ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​នៅ​កូរ៉េ​ខាងជើង បង្ហាញ​ពី​ភាព​បន្ទាន់​នៃ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ហើយ​តម្រូវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​បំផុត​ដើម្បី​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប អនុម័ត​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ហើយ​អនុវត្ត​ទណ្ឌកម្ម​ទាំងនោះ​ដោយ​ពេញលេញ ។

លោក​YUN BYUNG-SE សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​នានា​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​អនុវត្ត​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប និង​ពង្រឹង​ទណ្ឌកម្ម​ជា​ឯកតោភាគី ។ លោក​ក៏​ស្នើ​ផង​ដែរ​ឱ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​សំដៅ​ធ្វើការ​គាបសង្កត់​លើ​ក្រុង​ព្យុ​ង​យ៉ាង​តាម​រយៈ​ទណ្ឌកម្ម​ដោយ​ឯករាជ្យ​នានា​ព្រមទាំង​ការ​គាបសង្កត់​ខាង​ការទូត ។

លោកស្រី MOGHERINI សម្តែង​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​រីក​ចម្រើន​នៃ​សមត្ថភាព​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ហើយ​សន្យា​គ្រោង​វិធានការ​ពិសេស​ទាំង​ឡាយ​​ដើម្បី​រារាំង​សមត្ថភាព​ទាំងនោះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​នោះ​រួម​ទាំង​ការ​ពង្រឹង​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​របស់​សហភាព​អឺរ៉ុប ។

ម្យ៉ាងវិញទៀត​ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​រវាង​មេដឹកនាំ​កូរ៉េ​ខាងត្បូង​និង​មេដឹកនាំ​សហភាព​អឺរ៉ុប​នា​ឆ្នាំ​ខាង​មុខ​នេះ​ព្រមទាំង​ការ​ជួប​គ្នា​កម្រិត​ខ្ពស់​ឯទៀត​ៗ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ពុំ​ត្រឹមតែ​លើ​សំណុំរឿង​កូរ៉េ​ខាងជើង​ទេ​តែ​ក៏​លើ​បញ្ហា​ឯទៀត​ៗ​ផង​ដែរ ។

តើ​ការ​វាយប្រហារ​លើ​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​អាច​ទៅ​រួច​ទេ ?
យថាភាព​នៃ​ការ​វាយប្រហារ​មួយ​លើ​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ត្រូវ​បាន​លើក​ឡើង​កាលពី​ឆ្នាំ​១៩៩៤ ដោយ​រដ្ឋការ​លោក​ប៊ី​ល​គ្លី​ន​តុ​ន ។ ២២​ឆ្នាំ​បន្ទាប់​ពី​នេះ​មក​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ ដែល​អាច​ជា​ការ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ធ្វើ​ឱ្យ​តូច ។ ដូច្នេះ​យថាភាព​នោះ​នៅ​តែ​គ្រោង​ទៀត​ឬ ?

ពួក​អ្នកជំនាញ​ការ​យល់​ថា នឹង​ជា​ការ​លំបាក​បំផុត​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​បែប​នោះ ព្រោះតែ​កាលៈទេសៈ​វា​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​នឹង​កាលពី​២២​ឆ្នាំ​មុន ។ គេ​ត្រូវ​ដឹង​ថា កាលពី​ឆ្នាំ​១៩៩៤ កូរ​រ៉េ​ខាងជើង​មាន​តែ​ទីតាំង​នុយក្លេអ៊ែរ​មួយ​គត់​នៅ YONGBYON តែ​បច្ចុប្បន្ន​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​មាននៅ​គ្រប់កន្លែង​នៃ​ដែនដី​កូរ៉េ​ខាងជើង ។

ឧបសគ្គ​ទី​២​មួយទៀត​គឺ​ធម្មនុញ្ញ​អ​.​ស​.​ប មាត្រា​ទី​៣៩ ដែល​ចែង​ពី​បណ្តា​លក្ខខណ្ឌ​នៃ​អន្តរាគមន៍​យោធា ។ ប្រសិនបើ​គេ​ចង់​ធ្វើ​ប្រតិបត្តិការ​បែប​នោះ​ក្នុង​ក្រប​ខណ្ឌ​អ​.​ស​.​ប គេ​ត្រូវ​កំណត់​ថា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​គំរាមកំហែង​ដល់​សន្តិភាព​ហើយ​គេ​ត្រូវ​អនុម័ត​ដំណោះស្រាយ​ដែល​ចែង​ពី​អន្តរាគមន៍​យោធា​។ ប្រតិបត្តិការ​មួយ​បែប​នោះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​បើ​គ្មាន​ការ​ប្រើ​អ​.​ស​.​ប ព្រោះ​ចិន​ជា​សម្ព័ន្ធមិត្ត​តាំងពី​យូរលង់​មក​ហើយ​របស់​កូរ៉េ​ខាងជើង​អាច​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ប្រសិនបើ​សហរដ្ឋអាមេរិក​ប្រថុយ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ។

ទោះបី​យ៉ាងណា​ឥរិយាបថ​របស់​ចិន​មានការ​ផ្លាស់​ប្តូរ​នា​ពេល​ថ្មី​ៗ​នេះ ។ កាសែត​ចិន  THE CHINA TIMES  ចេញផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​ទី​២០ កញ្ញា​ដោយ​ដកស្រង់​ប្រភព​ការទូត​មួយ​ដែល​ថា​ចិន​នឹង​បិទ​ភ្នែក​ក្នុង​ករណី​មានការ​វាយប្រហារ​វះកាត់ និង​ប្រតិបត្តិការ​ដែល​សំដៅ​សម្លាប់​លោក​គី​ម ជុង​អ៊ុ​ន ។ ទោះជា​យ៉ាងណា​ប្រតិបត្តិការ​មួយ​បែប​នោះ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ នៃ​សង្គ្រាម​ទាំងស្រុង​មួយ​នៅ​ឧបទ្វីប​កូរ៉េ រួច​បណ្តា​ផលវិបាក​ពិតជា​ប្រកបដោយ​មហន្តរាយ​បំផុត ៕