៥​យ៉ាង​ដែល​និស្សិត​​ជិត​បញ្ចប់​ការ​សិក្សា​ត្រូវ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិភព​ពិត​នៃ​ការងារ​

ខណៈដែលនិស្សិតមួយចំនួនបញ្ចប់ការសិក្សាដោយមានការងារធ្វើ ឬមានគម្រោងនៅក្នុងដៃត្រូវធ្វើ និស្សិតមួយចំនួនទៀតមិនមាននោះទេ ហើយព្រមទាំងមិនបានត្រៀមខ្លួនសម្រាប់ការចូលទៅកាន់ពិភពការងារជាក់ស្ដែងនៅក្នុងសង្គមថែមទៀតផង។ ដូចនេះ ខាងក្រោមនេះ គឺជា៥ចំណុចដែលអាចជួយនិស្សិតទាំងអស់នោះបាន។

១. កុំគិតពីការចាប់ផ្ដើមការងារក្នុងក្ដីស្រមៃរបស់អ្នកក្នុងពេលភ្លាមៗ ប៉ុន្តែផ្ដោតលើវិធីថាតើអ្នកអាចទទួលបានវាដោយរបៀបណានៅក្នុងពេលខាងមុខ

និស្សិតភាគច្រើនមានការភ័យខ្លាចក្នុងការសម្រេចពីអ្វីដែលគេត្រូវស្វែងរក និងភ័យខ្លាចថាជម្រើសរបស់គេត្រឹមត្រូវឬទេ ដូចនេះហើយ ពួកគេអាចមានភាពស្ទាក់ស្ទើរពីការជ្រើសរើសពីការងារដំបូងរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅ និស្សិតទាំងអស់ត្រូវគិតថា ការងារដំបូងរបស់ខ្លួនមិនបានធ្វើឲ្យប៉ះពាល់ដល់អាជីពដែលខ្លួនចង់បានក្នុងថ្ងៃអនាគតនោះទេ ហើយវាក៏មិនមែនជាការងារចុងក្រោយរបស់ខ្លួននោះដែរ។ ផ្ទុយទៅវិញ ការងារដំបូងនឹងអាចជួយឲ្យពួកគេដឹងពីវិធីឈានទៅសម្រេចបាននូវការងារក្នុងក្ដីស្រមៃក្នុងថ្ងៃអនាគត ព្រោះថា វាគឺជាឱកាសមួយដែលជួយឲ្យពួកគេស្វែងយល់នូវពិភពថ្មីសម្រាប់ជីវិត កសាងបណ្ដាញទំនាក់ទំនង ទទួលបានបទពិសោធន៍ និងទទួលបានការបំភ្លឺផ្លូវទៅកាន់អនាគតដែលពួកគេចង់បានទៀតផង។ បន្ថែមលើនេះទៀត ប្រសិនបើពួកគេចេះជ្រើសរើសបាននូវការងារដំបូងដែលគួរឲ្យចាប់អារម្មណ៍ ហើយអាចជួយឲ្យខ្លួនពួកគេមានទីផ្សារសម្រាប់ខ្លួនឯងក្នុងការងារបន្ទាប់ទៀតនោះ រឹតតែល្អ។

២. គូសផែនទីកំណត់រាល់សប្ដាហ៍សម្រាប់ត្រីមាសនៃការសិក្សាដែលនៅសល់ ដើម្បីឲ្យអ្នកអាចមើលឃើញនូវវិធីដែលអ្នកនឹងសម្រេចគោលដៅរបស់អ្នក

ប្រសិនបើនៅសល់ពេលប៉ុន្មានសប្ដាហ៍មុនពេលដែលអ្នកបញ្ចប់ការសិក្សា អ្នកត្រូវរកឲ្យឃើញថាគោលដៅរបស់អ្នកជាអ្វី វាអាចជាការទទួលបានការងារ ការទទួលបាននិទ្ទេសល្អពីសាលា ការចុះកម្មសិក្សា បន្ទាប់មកអ្នកត្រូវធ្វើផែនការប្រចាំសប្ដាហ៍ដើម្បីសម្រេចបាននូវគោលដៅនោះ។ ក្នុងនោះអ្នកអាចធ្វើផែនការដែលមានគំរូដូចខាងក្រោម៖
– កំណត់ការណាត់ជួបជាមួយនិងអ្នកផ្ដល់សេវារកការងារធ្វើ
– ធ្វើនូវតារាងបញ្ជីបង្ហាញពីចំណាប់អារម្មណ៍ ជំនាញ និងការចង់បានរបស់អ្នក សម្រាប់ការងារដំបូង
– រៀបចំធ្វើបច្ចុប្បន្នភាពឯកសារប្រវត្តិរូបរបស់អ្នកសម្រាប់ដាក់សុំការងារ
– ជជែកពិភាក្សាជាមួយនិងអ្នកណាដែលដឹងរឿងពាក់ព័ន្ធនឹងអ្វីដែលអ្នកគិត និងចង់ធ្វើ។ល។
៣. ធ្វើការណាត់ជួបជាមួយនឹងអ្នកផ្ដល់សេវារកការងារធ្វើឲ្យបានឆាប់តាមដែលអាចធ្វើបាន

សម្រាប់និស្សិតដែលជិតបញ្ចប់ការសិក្សា ហើយចង់ស្វែងរកការងារធ្វើ ការជួបជាមួយនិងអ្នកផ្ដល់សេវារកការងារធ្វើ គឺជារឿងអាទិភាពត្រូវធ្វើ ដែលក្នុងនោះអាចជាកន្លែងផ្ដល់សេវារកការងារធ្វើដែលនៅក្នុងសាកលវិទ្យាល័យរបស់អ្នក ដើម្បីអោយអ្នកជំនាញពិនិត្យមើលឡើងវិញនូវប្រវត្តិរូបរបស់អ្នកសម្រាប់ការងារ វាយតម្លៃលើសមត្ថភាពរបស់អ្នក ព្រមធ្វើការសម្ភាសន៍សាកល្បង ជាដើម ដែលការអនុវត្តនេះ មានប្រយោជន៍ច្រើននៅពេលដាក់ពាក្យសុំការងារជាក់ស្ដែង។

៤. បង្កើតបណ្ដាញទំនាក់ទំនងឲ្យបានច្រើនដើម្បីជួយ

អ្នកត្រូវចាត់ទុកអ្នករាល់គ្នាជាធនធានបណ្ដាញការងារប្រកបដោយសក្ដានុពលសម្រាប់ខ្លួន ក្នុងនោះមាន និស្សិតដូចគ្នា មិត្ត ភក្តិ សាស្ត្រាចារ្យ និងអតីតនិស្សិតជាដើម។ ការបង្កើតនូវបណ្ដាញទំនាក់ទំនងនេះ មានសារៈសំខាន់ណាស់សម្រាប់ការទទួលបានឱកាសការងារ និងសម្រាប់អាជីពការងាររបស់អ្នក។ អ្នកត្រូវហ៊ាននិយាយបង្ហាញទៅកាន់អ្នកទាំងនោះ ឲ្យដឹងពីអ្វីដែលអ្នកគិតចង់ធ្វើ ដូចនេះ នៅពេលដែលគេមានការងារដែលសាក សមនិងអ្នក នោះគេនឹងនឹកឃើញដល់រូបអ្នក។ ចូរចាំថា អ្នកទាំងអស់នោះ រីករាយនឹងចាំជួយដល់អ្នក ព្រោះគេក៏ជានិស្សិតដូចអ្នក ឬក៏ធ្លាប់ជានិស្សិតដូចអ្នកដែរ។

៥. បើកចិត្តឲ្យទូលាយ និងសាកល្បងដាក់សុំរាល់ការងារទាំងអស់

កាលណាអ្នកដាក់ពាក្យសុំការងារកាន់តែច្រើន នោះឱកាសដែលអ្នកទទួលបានការងារក៏កាន់តែមានច្រើនដែរ ដូចនេះអ្នកត្រូវដាក់សុំការងារឲ្យបានច្រើន។ បន្ថែមលើនេះទៀត អ្នកត្រូវបើកចិត្តឲ្យទូលាយថា គ្មានការងារណាដែលខុស ឬត្រូវនោះទេ គ្រាន់តែប្រភេទនៃបទពិសោធន៍ខុសគ្នា។ អ្នកមិនត្រូវកម្រិតខ្លួនអ្នកសម្រាប់តែមួយក្រុមហ៊ុន មួយតួនាទី ឬក៏មួយវិស័យនោះទេ ព្រោះថាអ្នកមិនអាចដឹងទេថា អ្នកអាចបាត់បង់ឱកាសអ្វីខ្លះ ប្រសិនបើអ្នកបិទជម្រើសរបស់អ្នកឆាប់រហ័សពេក៕
ប្រែសម្រួល៖ Sophany
ប្រភព៖

  • ៥​យ៉ាង​ដែល​និស្សិត​​ជិត​បញ្ចប់​ការ​សិក្សា​ត្រូវ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិភព​ពិត​នៃ​ការងារ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: