ស្លៀក​ឈុត​ប៊ី​គី​នី មិន​ធ្លាប់​​មាននៅកម្ពុជា​

រាជធានីភ្នំពេញ ៖ ចាត់​ទុក​ថា ​ជា​ការ​មិន​ធ្លាប់​មាននៅ​​​ក្នុងប្រទេស​កម្ពុជា​ ដែល​តារាចម្រៀង​ល្បី​ៗ​នឹង​​នាំ​គ្នា​សម្តែង​​តន្ត្រី​ដែល​​អម​ដោយ​អាង​​ហែល​ទឹក ​ហើយ​ទស្សនិកជន​ត្រូវ​តម្រូវ​ឱ្យ​​ចូលរួម ​ទាល់តែ​គ្រង​ឈុត​ប៊ី​គី​នី ​ឬ​សម្លៀក​​បំពាក់​​លក្ខណៈ​ហែល​ទឹក​ ដើម្បី​ស្រប​​តាម​តម្រូវការ​កម្មវិធី ​។

មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មានការ​ចែកចាយ​ព័ត៌មាន​​ស្ដី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍ «Pool Party» ជា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន នៅ​យប់​ថ្ងៃ​ទី​៨ តុលា​ ខាងមុខនេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ព្រឹ​ត្ត​ការណ៍​នេះ​ ត្រូវ​គេ​ឃើញ​ធ្វើ​ឡើង​ស្ទើរតែ​គ្រប់​ប្រទេស​ ទៅ​ហើយ​​នៅ​លើ​ពិភពលោក ជា​ពិសេស​គឺ​នៅ​តាម​បណ្ដា​ប្រទេស​ធំ​ៗ​ ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​ទេសចរណ៍​ ។

ប្រមាណ​ជា​៣-៤​ឆ្នាំ​ចុង​ក្រោយ មាន​មនុស្ស​ស្ថិត​ក្នុង​​សង្គម​ស៊ី​វិ​ល័យ​​តិច​ណាស់ មិន​ស្គាល់​ព្រឹត្តិការណ៍ Pool Party ដែល​គេ​ធ្វើ​ឡើង​ នៅ​តាម​បណ្ដា​ប្រទេស​នានា ដោយ​មានការ​ប្រគំ​តន្ត្រី​ច្រៀង​រាំច្រៀង និង​លេងល្បែង​កម្សាន្ត​នៅ​ក្នុង​អាង​ទឹក​ដ៏​ធំ​ ដើម្បី​ជួបជុំ​គ្នា​ ។ បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺ​រ៉ុ​ប អា​មេ​រិ​ក និង​ប្រទេស​ជិតខាង​ខ្មែរ សុទ្ធតែ​ធ្វើ​ព្រឹត្តិការណ៍​នេះ​ ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ពង្រីក​សក្កា​នុ​ពល​​ទេសចរណ៍​របស់​ខ្លួន លើកលែងតែ​កម្ពុជា​ ដែល​មិន​ទាន់​មាន​អ្នក​បោះទុន​រៀបចំ​ ។

ព្រឹត្តិការណ៍​នេះ​ តម្រូវ​ឱ្យ​​អ្នកចូលរួម​ស្លៀកពាក់​ជា​ឈុត​ហែល​ទឹក រាំ​​លេង​​ក្នុង​អាង​ហែល​​ទឹក និង​ទស្សនា ការ​សម្ដែង​លើ​ទឹក​យ៉ាង​កង​រំពង អម​ជាមួយនឹង​ការ​ទទួលទាន​អាហារ​ នៅ​ក្នុង​បរិយាកាស​មួយ​ដ៏​រ៉ូ​មេ​ទិច ​។ ជាមួយនឹង​ការ​តុបតែង​កាយ ​ដោយ​ឈុត​ហែល​ទឹក​​​ទាំងស្រុង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ នៅ​ពេល​ព្រឹត្តិការណ៍ Pool Party ត្រូវ​បាន​ប្រកាស​ធ្វើ​ឡើង​នៅ​​ប្រទេស​កម្ពុជា​ ។

លោកប៉ា​នី វី​រៈ​រិ​ទ្ធ ប្រធាន​ផ្នែក​ផលិតកម្ម​វិធី​របស់ Clips Media នឹង​ជា​អ្នក​ប្រកាស​ធ្វើ​ព្រឹត្តិការណ៍​នេះ ​បាន​អះអាង​ថា បើ​ទោះជា Pool Party របស់​ពិភព​លោក ត្រូវ​កំណត់​ឱ្យ​អ្នកចូលរួម​ស្លៀកលីអូ និង​ប៊ី​គី​នី ​ដើម្បី​ចូលរួម ក៏​ការ​​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា នា​យប់​ថ្ងៃ​ទី០​៨ តុលា នៅ​សណ្ឋាគារ​សុខា​​ភ្នំពេញ​ត្រើយម្ខាង​ ទល់មុខ​ព្រះ​បរមរាជវាំង​នេះ គឺ​មិន​តម្រូវ​ដូច្នេះ​ទេ ​។

លោ​កថា​ បណ្ដា​ភ្ញៀវ​ដែល​​ទិញ​សំបុត្រ​ចូលរួម គ្រាន់តែ​ពាក់​អាវយឺត និង​ខោខ្លី​ ដែល​អាច​លេង​ទឹកបាន ​គឺ​គ្រប់គ្រាន់​។ ព្រឹត្តិការណ៍​នេះ​ លោក​ថា​គ្រាន់តែ​បាន​ប្រកាស​ភ្លាម​ មានការ​កក់​សំបុត្រ​ជា​មុន ​ប្រមាណ​​រាប់រយ​សំបុត្រ​រួច​មក​​ហើយ ដោយ​ខាង​អ្នក​រៀបចំ​នឹង​កំណត់​លក់​សំបុត្រ​ត្រឹមតែ​៥០០​សំបុត្រ​ប៉ុណ្ណោះ​ ។