ទ្រាំ​លែង​បាន ! បីកូន​តូច​ទៅ​ប្តឹង​សុំ​លែងលះ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បីកូន​តូច​មក​ប៉ុស្តិ៍​នគរបាល​ឫស្សី​កែវ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ប្តឹង​សុំ​លែងលះ​ដោយសារ​តែ​ទ្រាំ​លែង​បាន​ព្រោះតែ​លោក​ប្តី​ប្រចណ្ឌ​ខ្លាំង​ពេក​រហូត​វាយ​ធ្វើបាប​ស្ទើរតែ​រាល់ថ្ងៃ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឫស្សី​កែវ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ កែវ សុ​ម៉ា​លី ហៅ​សេង អាយុ​៣៥​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្តី​ហេងស៊យ​វាយ​ធ្វើ​បាយ​ឈ្មោះ ហេង ស្រី​មុំ អាយុ​២៨​ឆ្នាំ ជា​អ្នក​អ៊ុតខោអាវ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នាង​និង​ប្តី​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ តែ​បាន​សែនព្រេន​ដោយ​មាន​ចាស់ទុំ​ដឹង​ឮ ។ ចំណង​ស្នេហ៍​នេះ​មុន​ដំបូង​នាង​មាន​សេចក្តីសុខ​ណាស់ ព្រោះតែ​ទទួល​ការ​អាណិត​ស្រលាញ់​ពី​ប្តី រហូត​ដល់​បានកូន​ស្រី​ម្នាក់​អាយុ​៥​ខែ ។

ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទ​ន្ធឹ​ម​នឹង​ការ​ស្រលាញ់​ហួសហេតុ នាង​ក៏​ត្រូវ​បាន​លោក​ប្តី​រករឿង និង​វាយតប់​ស្ទើរតែ​រាល់ថ្ងៃ ព្រោះតែ​ភ្លើង​ប្រចណ្ឌ សូ​ម្បី​តែ​នាង​និយាយ​ជាមួយ​មនុស្ស​ប្រុស​ក៏​មិន​បាន​ដែរ ។ ដោយសារ​តែ​ការ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​បែប​នេះ នាង​បាន​សុំ​លែងលះ​គ្នា ជា​ច្រើន​លើក​មក​ហើយ តែ​មិន​ដាច់ ។ នៅ​មុន​ពេល​មក​ប្តឹង​ប៉ូលិស នាង​ត្រូវ​បាន​ប្តី​រករឿង និង​វាយ​នាង​ជា​ថ្មី​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រាំ​លែង​បាន​ក៏​បីកូន​ធ្វើ​ដំណើរ​មក​ប៉ុស្តិ៍​ប្តឹង​សុំ​លែងលះ​គ្នា​តែ​ម្តង ។

បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​មក​ប្តឹង​សុំ​លែងលះ សមត្ថកិច្ច​នគរបាល​ក៏​បាន​ហៅ​បុរស​ជា​ប្តី​មក​ធ្វើការ​អប់រំ កុំ​ឲ្យ​ប្រើ​ហិង្សា​ដាក់​ប្រពន្ធ​ទៀត ហើយ​បុរស​ជា​ប្តី​រូប​នោះ​ក៏​បាន​សន្យា​ថា ឈប់​ប្រើ​ហិង្សា​ទៀត​ហើយ រួច​ពួក​គេ​ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕