យន្ដហោះ​ទម្លាក់​គ្រាប់​បែក​រ៉ូស្ស៊ី​ពីរ​គ្រឿង រង​ការ​តាម​ប្រមាញ់​ពី​អ៊ឺរ៉ុប​ខាង​លិច

យន្ដហោះពីរគ្រឿង ដែលមានជំនាញ ខាងទម្លាក់​គ្រាប់​បែក​ធុនធ្ងន់ របស់​ប្រទេសរ៉ូស្ស៊ី ត្រូវបាន​កងទ័ព​អាកាស​​របស់​​បណ្ដា​ប្រទេស នៅអ៊ឺរ៉ុប​ខាង​លិច ទទួល​ស្វាគមន៍​យ៉ាងចាស់ដៃ បន្ទាប់ពីយន្ដហោះទាំងនេះ បាន​ហោះ​រំលោភ​ចូល​មក កាលពីថ្ងៃទី២២ ខែតុលាកន្លងមក។ ការហោះហើរ របស់យន្ដហោះ​ចម្បាំងរ៉ូស្ស៊ី បាន​ធ្វើ​ឡើង​​ជា​លើក​ទី​ពីរ​ហើយ នៅក្នុងឆ្នាំ២០១៦នេះ។
យន្ដហោះ​ទម្លាក់​គ្រាប់​បែក​រ៉ូស្ស៊ី​ពីរ​គ្រឿង រង​ការ​តាម​ប្រមាញ់​ពី​អ៊ឺរ៉ុប​ខាង​លិច

យន្ដហោះប្រភេទ «TU-160» ដែលមានជំនាញខាងទម្លាក់គ្រាប់បែក របស់ប្រទេសរ៉ូស្ស៊ី។ (រូបថតក្រសួង​ការពារជាតិបារាំង)

យន្ដហោះពីរគ្រឿង ដែលមានជំនាញខាងទម្លាក់គ្រាប់បែក របស់ប្រទេសរ៉ុស្ស៊ី ត្រូវបាន​យន្ដហោះ​ប្រដេញ របស់​ប្រទេស​ណ័វ៉ែស អង់គ្លេស និងបារាំង តាមប្រមាញ់កាលពីចុងខែកញ្ញា កន្លងទៅនេះ។ នៅពេលហោះចូល មក​ក្នុង​ដែនសមុទ្រ​បារាំង យន្ដហោះចម្បាំង​រ៉ូស្ស៊ីទាំងពីរ​គ្រឿង ត្រូវបានយន្ដហោះ រ៉ាហ្វាល់ (Dassault Rafale) ចំនួន​៤គ្រឿង របស់កងទ័ពអាកាសបារាំង រារាំងទុក​អស់ជាច្រើនម៉ោង។

ហេតុការណ៍នេះ ត្រូវបានគេហទំព័រ របស់ក្រសួងការពារជាតិបារាំង អះអាងឲ្យដឹង ថាបានកើតឡើង ​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា កន្លងមក រវាងពីម៉ោង៩ព្រឹក រហូតមកដល់ម៉ោង ១៤រសៀល ហើយ​ត្រូវបាន​​សារព័ត៌មាន​ «Le Télégramme» យកមកធ្វើជា​របាយការណ៍លំអិត នៅប៉ុន្មានថ្ងៃមុននេះ។

យន្ដហោះទាំងពីរគ្រឿង ដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់តាមភាសាអង់គ្លេស NATO និង​ភាសាបារាំង OTAN) ដាក់ឈ្មោះថា «ក្ងានខ្មៅ (Black Swan ឬCygne Noir)» ត្រូវបានប្រដេញតាម ដោយ​យន្ដហោះ F-16 ច្រើនគ្រឿងរបស់ប្រទេសណ័រវ៉េស មុននឹងត្រូវកងទ័ពអាកាស របស់ប្រទេសអង់គ្លេស តាម​ប្រមាញ់​ពី​ក្រោយដែរ។ លុះហោះចូលមកដល់ ជិតដែនទឹករបស់ប្រទេសបារាំង ដែលទទួល​ដំណឹង​នេះ ជា​មុន ពី​កងទ័ពអាកាសអង់គ្លេសនោះ យន្ដហោះប្រមាញ់បារាំង​ធុន «រ៉ាហ្វាល់» ចំនួន៤គ្រឿង បានហោះ​ឡើង​ជា​បន្ទាន់ តាមក្រៀក​យន្ដហោះ​រ៉ូស្ស៊ីទាំងពីរគ្រឿង រហូតទៅដល់ដែនសមុទ្រ នៃប្រទេសអេស្ប៉ាញ។

យន្ដហោះ​ទម្លាក់​គ្រាប់​បែក​រ៉ូស្ស៊ី​ពីរ​គ្រឿង រង​ការ​តាម​ប្រមាញ់​ពី​អ៊ឺរ៉ុប​ខាង​លិច

សារព័ត៌មានបារាំង «Le Télégramm»​ បានបញ្ជាក់ថា យន្ដហោះទាំងពីរគ្រឿង របស់ប្រទេសរ៉ូស្ស៊ី ត្រូវ​បាន​បង្កើត​ឡើង ដើម្បីធ្វើការវាយប្រហារ នៅចម្ងាយឆ្ងាយ ហើយអាចផ្ទុកកាំជ្រួចរយៈឆ្ងាយ ដែលបាញ់ចំគោលដៅ រវាង​ពី១២ ទៅ​ដល់​១៤ដើម។

ការហោះរំលោភ ចូលមកក្នុងដែនទឹក នៃបណ្ដាប្រទេសអ៊ឺរ៉ុបខាងលិចនេះ ត្រូវបានធ្វើឡើង ជាលើកទីពីរហើយ សម្រាប់ឆ្នាំ២០១៦តែមួយ។ កាលពីខែកុម្ភៈកន្លងទៅ យន្ដហោះប្រភេទ «TU-160» ដែលមានជំនាញ ខាង​ទម្លាក់​គ្រាប់​បែកដូចគ្នា ត្រូវបានរារាំង ដោយកងទ័ពអាកាសបារាំង បន្ទាប់ពីយន្ដហោះទាំងពីរនេះ បាន​ហោះ​ចូល មកក្នុងដែនសមុទ្រភាគខាងជើង (la Manche) នៃប្រទេសបារាំង។ យន្ដហោះ «TU-160» នីមួយៗ របស់​ប្រទេស​រ៉ូស្ស៊ី មានសមត្ថភាព អាចផ្ទុយកាំជ្រួច បានរហូតដល់ទៅ ២៥ដើម ហើយ​យន្ដហោះ​​ប្រភេទ​ដូចគ្នានេះ ក៏ត្រូវ​បាន​បញ្ជូន ក្នុងពេលសព្វថ្ងៃ ឲ្យទៅធ្វើការទម្លាក់គ្រាប់បែកដែរ នៅក្នុងប្រទេសស៊ីរី។

» អានអត្ថបទដែលទាក់ទង៖ នាវា​មុជ​ទឹក​«នុយក្លេអ៊ែរ»​រ៉ូស្ស៊ី លប​ចូល​មក​ក្បែរ​ឆ្នេរ​សមុទ្រ​បារាំង

បណ្ដាប្រទេសនៅអ៊ឺរ៉ុបខាងលិច បានចាត់ទុកការហោះហើរ ចូលមកក្នុងដែនទឹករបស់ខ្លួនដូច្នេះ ថាជាការ​បង្ក​រឿង​មួយ ពីសំណាក់ប្រទេសរ៉ូស្ស៊ី។ អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានបារាំង សម្រាប់ទំនាក់ទំនងអន្តរជាតិ (IFRI) លោក «Tatiana Kastouéva-Jean» ធ្លាប់បានថ្លែងប្រាប់សារព័ត៌មាន «Voix du Nord» របស់បារាំងថា តាម​រយៈ​ការ​ហោះហើរនេះ ប្រទេសរ៉ូស្ស៊ី​បានបញ្ជូនសារ​ចំនួនពីរខុសគ្នា មកបណ្ដាប្រទេស នៅអ៊ឺរ៉ុបខាង​លិច។ លោកបញ្ជាក់ថា ការរំខានទាំងនេះ ជាការបង្ហាញឫទ្ធិ និងឥទ្ធិពល នៃសព្វាវុធថ្មីៗរបស់ប្រទេសរ៉ូស្ស៊ី និងជា​ការ​សាក​ល្បង​ចងដឹង ពីសមត្ថភាព«ឆ្លើយតប» ពីសំណាក់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង៕