ជាង​១០០​នាក់​បាន​ស្លាប់​នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ គ្រោះថ្នាក់​ចរាចរណ៍​ ​

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ បានកើតឡើងចំនួន២៧៥លើក បណ្តាឲ្យអ្នកស្លាប់ ចំនួន១៣៣នាក់ និងរបួលចំនួន៤៣៥នាក់  ដែលភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ២៨លើក ខេត្តកំពត២៤លើក និងខេត្តព្រះសីហនុ២០លើក ។
យោងតាមរបាយការណ៍ បូកសរុបលទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ខែកញ្ញា ឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា “ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃស្លាប់៤នាក់ទៅ៥នាក់។ មូលហេតុបើកបរលើសល្បឿនកំណត់៤២%  មិនប្រកាន់ស្ដាំ១៤% មិនគោរពសិទ្ធិអាទិភាព១១% វ៉ាជែង១១% បត់៩% ស្រវឹង៨% កត្តាយានយន្ត៣% កត្តាផ្លូវ១% និងងងុយដេក១%”។
យោងតាមរបាយការណ៍ បន្ដទៀតថា បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន១៩លើក ស្មើ៧% ស្លាប់ថយ ចំនួន១៨នាក់ ស្មើ១៣% និងអ្នករបួសថយ ចំនួន៩១នាក់ ស្មើ២១%។ ប្រៀបធៀបនឹងខែសីហា (ខែមុន)ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន១៥លើក ស្មើ៥% ស្លាប់កើនចំនួន៣នាក់ស្មើ១៣% និងអ្នករបួសថយចំនួន៩១នាក់ស្មើ២១% ។
សូមរំលឹកថា ក្នុងចំណោមអ្នកស្លាប់ នៅខែសីហា ឆ្នាំ២០១៦ ចំនួន១៣៣នាក់ ភាគច្រើនជាអ្នកជិះម៉ូតូ មានចំនួន៩៧នាក់ស្មើ៧៣% (ប្រភេទ១២៥សេសេចុះក្រោម)  ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន៧៧នាក់ស្មើ៧០%៕

ជាង​១០០​នាក់​បាន​ស្លាប់​នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ គ្រោះថ្នាក់​ចរាចរណ៍​ ​