ភិន សុទី និង ឡ​ន លឿ​ប ត្រៀម​កណ្ដាប់​ដៃស្វា​គន​ម៍​កីឡាករ​បរទេស​នៅ​ថ្ងៃ​សៅរ៍​ខានស្អែក

រាជធានី​ភ្នំពេញ ៖ ភិន សុទី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​ឡ​ន លឿ​ប មក​ពី​ក្លិប​កងពលតូច​លេខ​៧០ កំពុង​ត្រៀម​កណ្ដាប់​ស្វាគមន៍​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍ CTN ថ្ងៃ​សៅរ៍​ទី​៨ តុលា ខានស្អែក​នេះ​។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើនកំពុង​ទន្ទឹងរង់ចាំ​មើល​ការ​ប្រកួត​មួយ​នេះ ថា ​តើកីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​យកឈ្នះ​កីឡាករ​បរទេស​បាន​ឬ​យ៉ាងណា ខណៈ​កីឡាករ​មក​ពី​ទ្វីបអឺរ៉ុប​ទាំង​ពីរ​សុទ្ធតែ​មាន​សមត្ថភាព​ពិបាកប៉ាន់ស្មាន​អីុចឹង​នោះ​។

កីឡាករ ភិន សុទី ដែល​ធ្លាប់​ប្រកួត​បាន​៣០​ដង ឈ្នះ​២២​ដង ចាញ់​៧​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ឈ្មោះ​Justin Wong ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​។ កីឡាករ​អា​មេ​រិ​ក​រូប​នេះ ធ្លាប់​ប្រកួត​បាន​៧​ដង ឈ្នះ​៦​ដង ចាញ់​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១​ដង ។ គូ​នេះ​បើ​គេ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​និង​បច្ចេកទេស​ប្រកួត​គឺ​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ ភិន សុទី បាន​ឡើយ ។

ចំណែក​ឡ​ន លឿ​ប ដែល​ធ្លាប់​ប្រកួត​បាន​៤២​ដង ឈ្នះ​៣០​ដង ចាញ់​១១​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២១​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​បេឡា​រុស​ឈ្មោះ
Susha Aliak Sander ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ កីឡាករ​បេឡា​រុស​រូប​នេះ​ធ្លាប់​ប្រកួត​បាន​១៧​ដង ឈ្នះ​១២​ដង ចាញ់​៤​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣​ដង ។ គូ​នេះ​អ្នក​ណា​ក៏​មាន​ជំនឿ​ចិត្ត​លើ​ឡ​ន លឿ​ប ច្រើន​ជាង​ដែរ ។

ក្រៅពី​គូ​អន្ដរជាតិ​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ដែរ ដូច​ជា​កីឡាករ​គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ រឿង ធា​រិ​ន មក​ពី​ក្លិប​សម្បត្តិ​គុន​ខ្មែរ ។ កីឡាករ រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ថា​ន រ៉ា​ឌី មក​ពី​ក្លិប​សម្រែក​រាជសីហ៍​ខេត្តបន្ទាយមានជ័យ និង​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ។

ចំណែក​សមាសភាព​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC នា​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ កីឡាករ​ឃុន សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Kongmethy SitPumpeun និង​កីឡាករ​ផង់ សុភាព មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Manavthong Nethnamchai ។

ឃុន សំខាន់ ធ្លាប់​ប្រកួត​បាន​៨១​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​១០១​ដង ឈ្នះ​៨០​ដង ចាញ់​១៨​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​មែន ប៉ុន្តែ​កីឡាករ​កម្ពុជា​គូ​នេះ​ធានា​ថា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​ទេ ។

ចំណែក ផង់ សុភាព ធ្លាប់​ប្រកួត​បាន​៧៥​ដង ឈ្នះ​៦០​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៧៥​ដង ចាញ់​១០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ យោង​តាម​ប្រវត្ដិ​ប្រកួត គូ​នេះ​អាច​ស៊ីសង​គ្នា​បាន ដោយសារ​ផង់ សុភាព ទោះបី​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​មែន​តែ​គេ​មាន​មហិច្ឆតា​ចង់​ឈ្នះ​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន ។

ដោយឡែក​គូប្រកួត​មិត្តភាព​នៅ​លើ​សង្វៀន​ដដែល​តម្រូវ​ទៅ​លើ​កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។

នៅ​ថ្ងៃអាទិត្យ​ទី​៩ តុលា នៅ​លើ​សង្វៀន​ទូរទស្សន៍ ​CNC ​ដដែល​ក៏​មានការ​ប្រកួត​អន្ដរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ផង​ដែរ ។ កីឡាករ សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Heunfa Sit Nayukthai និង​កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Rerngnoy Vor Panyvai ។ ចំណែក​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ សំខាន់ ប៉ាវ​ចិន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​សិទ្ធ ស៊ី​នេ​ត មក​ពី​ក្លិប​សាមគ្គី​គុន​ខ្មែរ ។ កីឡាករ ឡុ​ង សុ​ថេ​ត មក​ពី​ក្លិប​ខ្លារខិន​មានរិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ កូយ ឡាយ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ។ កីឡាករ ជ័យ ប៊ុ​ន​សុង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ចាន់ រក្សា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​គូ​ចុង​ក្រោយ កីឡាករ ចាន់ កំសត់ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ លី​ន គឹ​ម​ឆៃ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ៕