លោក ហ៊ុន សែន៖ បក្ស​ប្រឆាំង​ចូល​សភា​ឬ​មិន​ចូល​ក៏​ស្ថានការណ៍​នយោបាយ​នៅ​ដដែល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ទោះ​បី​គណបក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា ឬ​មិន​ចូល ក៏​ស្ថានភាព​នយោបាយ​នៅ​ដដែល។ រី​ឯ​អ្នក​វិភាគ​ថា ស្ថានភាព​នយោបាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​ដូចជា​ប្រសើរ​ជាង​ពេល​កន្លង​មក បន្ទាប់​ពី​បក្ស​ប្រឆាំង​សម្រេច​វិល​ចូល​សភា​វិញ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​ប្រជាជន និង​កងកម្លាំង​ប្រដាប់​អាវុធ។

ក្រោយ​ពី​ស្ងប់ស្ងាត់​បញ្ចេញ​វោហារសាស្ត្រ​នយោបាយ​មួយ​រយៈ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​ចាប់​ផ្ដើម​លូក​មាត់​ចូល​ក្នុង​រឿង​នយោបាយ​ឡើង​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា លោក ហ៊ុន សែន ហាក់​ដូច​ជា​មិន​ភ្ញាក់ផ្អើល​ចំពោះ​គម្រោង​វិល​ត្រឡប់​ចូល​សភា​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឡើយ។ លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា សភាពការណ៍​នយោបាយ​នៅ​ស្រុក​ខ្មែរ​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​វា​ស្ថិត​ទៅ​លើ​អណ្ដាត​របស់​អ្នក​និយាយ៖ «»។

​ការ​ថ្លែង​ដូច​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​វិល​ចូល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​សភា​វិញ ដើម្បី​សម្របសម្រួល​ស្ថានភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច ឲ្យ​វិល​ទៅ​រក​ប្រក្រតី​ភាព​នៅ​មុន​ពេល និង​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ-​សង្កាត់។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ដំណោះស្រាយ​នយោបាយ ដូច្នេះ​លោក​សង្ឃឹម​ថា គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​នឹង​បាន​ជួប​ចរចា​គ្នា៖ «»។

​រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​សភា​លើក​ទី​៧ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​មាន​របៀបវារៈ​មួយ​ចំនួន​ដូច​ជា ការ​ស្ដាប់​ព្រះរាជសារ​ព្រះមហាក្សត្រ ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​អគ្គសវនករ​ចំនួន​បី​រូប ពិនិត្យ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រកប​មុខ​របរ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល និង​សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​អាស៊ាន​ជាដើម។ គណបក្ស​សង្គ្រោះ​ជាតិ ថា អាច​នឹង​ចូល​រួម​កិច្ចប្រជុំ​នេះ តែ​មិន​ទាន់​ប្រាកដ​ច្បាស់​មួយ​រយ​ភាគរយ​នោះ​ទេ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​ប្រែប្រួល ឬ​មិន​ប្រែប្រួល​គឺ​អាស្រ័យ​ទៅ​លើ​តួអង្គ​អ្នក​នយោបាយ។ លោក​មើល​ឃើញ​ថា កន្លង​មក​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រឈមមុខ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​រហូត​បណ្ដាល​ឲ្យ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ បាត់បង់​ទំនុក​ចិត្ត ហើយ​ក៏​មាន​ប្រតិកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទៀត​ផង៖ «»។
លោក សូ ចន្ថា បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា ស្ថានភាព​នយោបាយ​នៅ​តែ​ធម្មតា​នេះ គឺ​ជា​វោហារសាស្ត្រ​នយោបាយ​មួយ​ចង់​បង្ហាញ​មតិ​សាធារណៈ​ថា កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ។ មួយ​វិញ​ទៀត ប្រហែលជា​លោក​ចង់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែរ​ថា បក្ស​ប្រឆាំង​មិន​សំខាន់​ដែល​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាក់​គំនាប​រដ្ឋាភិបាល​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ប្រទេស​ចំនួន ៣៦ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា សហរដ្ឋអាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី រួម​នឹង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ចេញ​សេចក្ដី​ប្រកាស​រួមគ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ប្រកាស​នេះ​លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំនេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ជា​ពិសេស​ទៅ​លើ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

សេចក្ដី​ប្រកាស​របស់​បណ្ដា​ប្រទេស​ទាំង​៣៦ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ ដើម្បី​បន្ថយ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នយោបាយ ហើយ​បង្កើន​ការ​ទុក​ចិត្ត​គ្នា​ដែល​ធានា​ដល់​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​សិទ្ធិមនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​នៃ​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។