អ្នក​ភូមិ​ស្រែគរ​ខេត្ត​ស្ទឹងត្រែង​បង្ខំ​ចិត្ត​លក់​ដើម​បេង​មួយ​ដើម​អាយុ​រាប់​រយ​ឆ្នាំ​ទៅ​ឲ្យ​ឈ្មួញ

អ្នក​ភូមិ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បង្ខំ​ចិត្ត​លក់​ឈើ​មាន​តម្លៃ​ប្រភេទ​បេង​មួយ​ដើម​មាន​អាយុ​រាប់​រយ​ឆ្នាំ​ទៅ​ឲ្យ​ឈ្មួញ នៅ​គ្រា​ដែល​ពួក​គាត់​គ្រោង​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី។ អ្នក​ភូមិ​ថា មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​ដូចនេះ ដោយសារ​ជីវភាព​ខ្វះខាត ដ្បិត​លំនៅឋាន និង​ភូមិ​កំណើត​របស់​ពួក​គាត់​នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បើ​សិន​គេ​បើក​ទំនប់​ឲ្យ​ដំណើរ​ការ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ តុលា ថា ឈើ​បេង​មាន​មុខ​កាត់​ជិត​ពីរ​ម៉ែត្រ ប្រវែង​ជិត ១០​ម៉ែត្រ ឋិត​នៅ​ខាង​ក្រោយ​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ហ្វង បូលី ត្រូវ​បាន​ឈ្មួញ​ទិញ​ក្នុង​តម្លៃ ៥​ពាន់​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​១ តុលា ក្រោយ​ពី​ពួក​គេ​បាន​កាប់​រំលំ និង​អារ​ច្រៀក​កាល​ពី​ចុង​ខែ​កញ្ញា។

ពលរដ្ឋ​ត្រូវ​ជា​ប្អូន​ថ្លៃ​ម្ចាស់​ឈើ រស់នៅ​ឃុំ​ស្រែគរ គឺ​លោក ពុធ ឃឿន កត់​សម្គាល់​ថា ឈើ​បេង​មួយ​ដើម​នោះ បង​ប្រុស​របស់​លោក បាន​ថែទាំ​តាំង​ពី​ឆ្នាំ​១៩៥៦ រហូត​មក​ទល់​ពេល​នេះ។ លោក​ថា កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា អ្នក​ភូមិ​បាន​កាប់​រំលំ​ដើម​ឈើ​នោះ ក៏​ឃើញ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ត្រី​អាវុធហត្ថ​ចុះ​មក​ឃាត់​ទុក ក៏ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​មាន​ការ​សម្របសម្រួល​ពី​ឈ្មួញ​ឈើ ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ។ លោក​ថា ក្រុមហ៊ុន​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក៏​ធ្លាប់​បង្ខំ​ឲ្យ​អ្នក​ភូមិ​លក់​ដើម​ឈើ​មាន​តម្លៃ​នេះ​ដែរ ដោយសារ​តំបន់​នោះ​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍន៍៖ «គាត់​លក់​ទាំង​បង្ខំ​ចិត្ត គាត់​ដេក​គិត ៥​ឆ្នាំ​ហើយ ដោយសារ​តែ​ឈើ​មួយ​ដើម​ហ្នឹង។ មូលហេតុ​គាត់​ចង់​លក់​ដោយសារ​ទី​១ ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ដែរ។ ហើយ​ទី​ពីរ​ទៀត​ដោយសារ​វារីអគ្គិសនី ឲ្យ​គាត់​បង្ខំ​ចិត្ត​លក់​ឈើ​ហ្នឹង​ដែរ ក៏ប៉ុន្តែ​ពី​មុន​គាត់​អត់​លក់​ដោយសារ​តែ​គាត់​ខ្លាច​ជំនឿ​អរូបិយ​អារក្ស​អ្នកតា​ធ្វើ​បាប»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ តុលា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឋិត​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​ទី​រួម​ខេត្ត ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ជាង ៨០​គីឡូម៉ែត្រ។

ករណី​នេះ​ដែរ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មើល​ឃើញ​ថា ដើម​ឈើ​មាន​តម្លៃ​នេះ ត្រូវ​ពលរដ្ឋ​ថែទាំ ៦​ទសវត្សរ៍​មក​ហើយ អំឡុង​ពេល​ពួក​គេ​មក​តាំង​ទីលំនៅ​តំបន់​នោះ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៥៦។ លោក​យល់​ថា ពលរដ្ឋ​គួរ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឈើ​មាន​តម្លៃ​នោះ ម្យ៉ាង​តំបន់​នោះ​ក៏​ឋិត​ក្នុង​គម្រោង​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន​ដែរ។ លោក​បញ្ជាក់​ថា ទោះ​បី​ជា​រុក្ខជាតិ​អ្វី​ក៏ដោយ ឲ្យ​តែ​ឋិត​ក្នុង​ដី​ដែល​ពួក​គេ​កាន់​កាប់​មាន​ការ​ទទួល​ស្គាល់​ជា​សាធារណៈ និង​រដ្ឋ​អំណាច នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​ស្រប​ច្បាប់៖ «រឿង​ពលរដ្ឋ​លក់​ដើម​បេង​ហ្នឹង យើង​ឃើញ​ថា​មាន​ប៉េអិម ទាំង​រដ្ឋបាលព្រៃ​ឈើ ចុះ​ទៅ​ធ្វើ​ការ​ហ្នឹង។ ខ្ញុំ​ថា​វា​ខុស​ច្បាប់​ហើយ ព្រោះ​ដើម​បេង​គាត់​អត់​សិក្សា​ពី​កត្តា​អាស្រ័យ​ផល ក៏ដូចជា​សិទ្ធិ​ពី​មុន​មក តើ​ដើម​បេង​វា​ស្ថិត​របៀប​ណា? ចុះ​ទៅ​គេ​រៀបចំ​ផែនការ​ចាប់ តែ​មិន​ដឹង​និយាយ​ត្រូវ​គ្នា​យ៉ាង​ម៉េច បាន​គេ​ចេញ​វិញ ហើយ​គេ​ប្រគល់​ឲ្យ​អាជ្ញាធរ»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា អាជ្ញាធរ​ជំនាញ​ត្រូវ​សម្រួល​ការ​អាស្រ័យ​ផល​ឈើ​មាន​តម្លៃ​នោះ ដើម្បី​បង់​រំលស់​ផ្លូវ​ចិត្ត និង​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ ខណៈ​ដែល​ភូមិ​កំណើត​របស់​ពួក​គាត់​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​ឈើ​មាន​តម្លៃ​នោះ​ក៏​ប្រឈម​លិច​ទឹក​ដែរ៖ «វា​ជា​ថ្លៃ​ប៉ះប៉ូវ​មួយ ព្រោះ​ការ​បាត់បង់​ភូមិ​លំនៅឋាន​ដែល​ធ្លាប់​រស់នៅ​រាប់​សិប​ឆ្នាំ​មក​ហើយ ត្រូវ​ប្ដូរ​ទៅ​ជាអាង​ទឹក។ ទី​ពីរ ដោយសារ​កន្លែង​គាត់​រស់នៅ​វា​លិច​ទៀត ហើយ​ដើម​បេង​មិន​អាច​រស់​បាន​ទេ ត្រូវ​តែ​ងាប់។ ចឹង​គួរ​តែ​សម្រួល​រឿង​ហ្នឹង​ទៅ! យើង​មាន​មូលដ្ឋាន​ច្រើន​ដែរ ត្រូវ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ជំនាញ​អាជ្ញាធរ​ដែនដី​ហ្នឹង មេត្តា​សម្រួល​រឿង​ហ្នឹង​ដល់​គាត់»

ឃុំ​ស្រែគរ នៃ​ស្រុក​សេសាន ឋិត​ក្នុង​គម្រោង​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន។ ពលរដ្ឋ​រស់នៅ​ទីនោះ ៩០​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។