ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត សមត្ថកិច្ច​សង្ស័យ​ខ្យល់គ​ស្លាប់

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ក្នុង​ទឹក តាម​ដៃ​ដងស្ទឹង​សែន​មនោ​រម្យ ចម្ងាយ​ប្រមាណ​ពី​មណ្ឌល​សុខភាព​តា​កឹង​១០០​ម៉ែត្រ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​សាកសព កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​តា​កឹង ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នៅ​ទីនោះ បាន​បញ្ជាក់​ថា សាកសព​បុរស​ម្នាក់ ដែល​គេ​ស្គាល់​អត្តសញ្ញាណ​មានឈ្មោះ ចក់ ជឹ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពង្រ ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​។

បច្ចុប្បន្ន បាន​មក​ស្នាក់​នៅ​ចំណុច​ស្ទឹង​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​តា​កឹង ឃុំ​ថ្មី ស្រុក​គូលែន​។ សមត្ថកិច្ច​បន្ត​ថា តាម​ការ​ធ្វើ​កោសល្យវិច័យ ទៅ​លើ​សាកសព​បាន​បញ្ជាក់​ថា សព​បាន​ស្លាប់​តាំងពី​ថ្ងៃ​ទី​១ ខែតុលា មក​ម្ល៉េះ ដោយសារ​តែ​ខ្យល់គ និង​រមួលក្រពើ​ជើង​ខាងស្តាំ​។ ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ឲ្យ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ការ​ស្លាប់​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា មិនមែន​ជា​ករណី​ឃាតកម្ម​ឡើយ​៕