ឈិន សុធារី ​រង​ទុក្ខ​ដល់​ថ្នាក់​ចង់​បញ្ចប់​ជីវិត​ចោល​កូនភ្លោះ​

ភ្នំពេញ: នាង ឈិន សុធារី ក្រោយជម្នះបាននូវពាក្យនិន្ទារបស់សង្គមខ្មែរ កូនទុំក្នុងឧទរមុនម៉ែក្រាបផ្ទឹមការ នឹងលោក សុវណ្ណ មករា ហើយក៏ឈ្នះទាំងការរក្សាកំណើតកូនភ្លោះផងលុះប្រសូតទាំងចម្រើនបាន ៧ ខែកូនៗក៏មានរូបឆោមទ្រលុកទ្រលន់ដែលគួរឲ្យក្នាញ់នោះ ស្រាប់តែថ្មីៗនេះចេញសារប្រកាសជាសាធារណៈក្នុងទំព័រហ្វេសប៊ុករបស់នាង និងបង្ហាញពីចេតនាសឹងតែចង់បញ្ចប់ជីវិតចោលកូនៗភ្លោះភ្នែកខ្មៅក្រឹបនោះ។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់ នាងឈិន សុធារី នាចុងខែកញ្ញាកន្លងទៅ បានរំលេចនូវសារ បង្ហាញការទួញសោយសោកដ៏គួរឲ្យភ្ញាក់ផ្អើលថា៖ «ពិបាកទ្រាំណាស់លោកអើយ.មានអ្នកណាយល់អារម្មណ៍នេះ? និយាយតាមត្រង់.មិនចង់រស់ទេ ប៉ុន្តែខ្លោចផ្សារនឹងកូន បើអត់ពីម៉ាក់ទៅ តើបាននរណាមើលថែកូន? ឬមានដែរតែ តើគេអាចមើលថែកូនៗ បានដូចម៉ាក់ទេ? សំណួរគ្មានចម្លើយ !?»។

Loading...

យ៉ាងណាអមជាមួយនឹងប្រយោគដ៏គួរឲ្យខ្លោចចិត្តនេះ ឈិន សុធារី ជាតារាចម្រៀង និងជាអតីតពិធីការិនី ភពប្រសព្វជីវិតអាពាហ៍ពិពាហ៍ជាមួយតារាសម្តែង លោក សុវណ្ណ មករា និងបានចូលរោងការកាលពីខែតុលា ឆ្នាំ២០១៥ ជាមួយវត្តមានភ្ញៀវចូលរួមចំនួនប្រមាណជាង ៥០ តុ នៅឯសណ្ឋាគារ កាំបូឌីយ៉ាណា នាងក៏បានយករូបភាពមួយ បង្ហាញពីអារម្មណ៍ទុក្ខព្រួយ និងស្តាយក្រោយមកដាក់បញ្ចូល ជាមួយនឹងសាររបស់ខ្លួន ដោយរូបភាពនេះ មានសរសេរអក្សរធំៗថា៖ «ជាតិនេះហួសហើយ តែផ្សងសុំជាតិក្រោយ កុំឲ្យជួបបញ្ហា និងទុក្ខដូចជាតិនេះទៀត»។

នៅក្នុងអត្ថន័យសារបញ្ចេញទុក្ខសោករបស់នាង ឈិន សុធារី ជាសាធារណៈ ហាក់បង្ហាញពីការពិបាកចិត្ត ព្រោះតែមានស្វាមី មិនចេះទទួលខុសត្រូវ ធ្វើឲ្យនាងបៀមទុក្ខប៉ុនភ្នំ ត្រូវសំងំទូលតែម្នាក់ឯង គួរឲ្យអាសូរក្នុងគ្រួសារ ដោយការរ៉ាប់រងចិញ្ចឹម បីបាច់ថែរក្សាកូនតូចទាំងពីរ តែម្នាក់ឯង គ្មានវត្តមានលោក សុវណ្ណ មករា ជាស្វាមីរួមសុខរួមទុក្ខជាមួយគ្នា។

ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ មិនអាចទាក់ទងគូស្វាមីទាំងពីរនោះដើម្បីសូមការពន្យល់ពីសារទួញទុក្ខនោះបានទេ ព្រោះទូស័ព្ទពួកគេមិនអាចទាក់ទងបាន។ តែបើតាមការបង្ហើបពីអ្នកសិល្បៈរួមអាជីពថា ក្រុមគ្រួសាររបស់តារាសម្ដែង ឈិន សុធារី និងលោក សុវណ្ណ មករា មិនសូវជារស់នៅចុះសម្រុងគ្នាទេ តាំងពីអ្នកទាំងពីររៀបការរួចមក ដោយលោក សុវណ្ណ មករា តែងតែដើរលេងផឹកស៊ីស្រវឹង មិនសូវចូលផ្ទះ និងគិតពីសុខទុក្ខរបស់ប្រពន្ធឡើយ ធ្វើឲ្យនាងទ្រាំរស់ទាំងក្ដីឈឺចាប់ ព្រោះតែការសម្រេចចិត្តខុសមួយពេល។

នៅក្នុងហ្វេសប៊ុកក៏មានអ្នកលើកទឹកចិត្តចំពោះនាងឈិន សុធារី និងជំរុញយ៉ាងទទូច ឲ្យនាង តស៊ូឡើង ដើម្បីកូនៗភ្លោះប្រុសស្រីរបស់នាងទាំងពីរ ដោយកុំយកការបញ្ចប់ជីវិតមកដោះស្រាយវិបត្តិ អាណិតកូន។ មតិលើកទឹកចិត្តទាំងនោះ មានដូចជា «ខ្ញុំសង្ឃឹមថា បងស្រីនឹងរឹងមាំឡើងវិញ»។

បន្ថែមពីសារលើកទឹកចិត្តថា «តស៊ូឡើងបង រស់ដើម្បីកូន កុំឲ្យគេមើលងាយយើងថា យើង ជាស្រីគា្មនលទ្ធភាពចិញ្ចឹមកូន បងត្រូវប្រឹងប្រែងឡើងរហូតដល់កូនបងធំដឹងក្តី និងមានតែពេលវេលាទេដែលអាចឲ្យបងរសាយទុក្ខបាននោះ នាង ឈិន សុធារី ក៏បានឆ្លើយតបដោយខ្លីវិញ ថា៖ «ចាស អូនអរគុណច្រើនណាស់»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍