លួច​ម៉ូតូ​១​គ្រឿង​ពី​ខេត្តកណ្តាល​ត្រូវ​ចាប់ខ្លួន​នៅ​ស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជា​បុគ្គលិក​សន្តិសុខ​របស់​ក្រុមហ៊ុន​WPS ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប ចាប់ខ្លួន​ពី​បទ​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពី​ខេត្តកណ្តាល​រួច​យក​មក​លក់​នៅ​ខេត្តស្វាយរៀង ដោយ​មាន​តម្លៃ​ថោក​ហើយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​គួរ​ឲ្យ​សង្ស័យ អ្នកទិញ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​សាកសួរ ក៏​បែកធ្លាយ​ដឹង​ថា​ជា​ចោរលួច ក៏​ចាប់ខ្លួន​តែ​ម្ដង​។

ករណី​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦  នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​។ ទាក់ទិន​ករណី​ខា​លើ​នេះ​ដែរ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​សំបួរ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​គួរ​ឲ្យ​ស​ង្ស​យ័​ដោយ​បុរស​ម្នាក់​ឈ្មោះ សំ សា​រឿ​ន បាន​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១៥​លក់​ក្នុង​តម្លៃ​១.០០០$ ហើយ​ពេល​សួរ​រក​ឯកសារ​កាត​គ្រី​ម៉ូតូ​ឆ្លើយ​ថា មិន​មាន​ឯកសារ​អ្វី​ទេ ទើប​មានការ​ស​ង្ស​យ័​ក៏​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។

មន្ត្រី​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំបួរ បាន​រាយការណ៍​បន្ទាន់​តាម​រយៈ​ទូរ​សព្ទ​ដៃ​ជូន​លោក​វរសេនីយ៍ទោ កែវ សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​សុំ​គោលការណ៍​ថ្នាក់លើ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​បាន អញ្ជើញ​ឈ្មោះ សំ សា​រឿ​ន (​ហៅ​សៅ​) ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ  មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​WPS ខូ​អិ​ល​ធី​ឌី (​ភ្នំពេញ​) មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ដើម្បី​មក​សាកសួរ​ព័ត៌មាន។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ សារភាព​ថា ខ្លួន​ពិតជា​បាន​យក​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លា​កក​លេខ 1FK-8158 នេះ​ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ អ៊ូ សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​បរ​រត់​ម៉ូតូឌុប មាន​ទី​នៅ​បច្ចុប្បន្ន​ភូមិ​ដើម​ជ្រៃ ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល ពិតប្រាកដ​មែន​។

ក្រោយ​ពី​ជន​ស​ង្ស​យ័​សារភាព​ពី​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុ​តាង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី នៅ​ថ្ងៃ​ទី​៦ តុលា ២០១៦​នេះ​នឹង​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​។ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជន​ស​ង្ស​យ័​ខាងលើ​គឺ ធ្លាប់​ជាប់​ព​ន្ធា​គារ​រយៈពេល​១​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​១៩៩៩ ពី​បទ​លួច មិន​នឹក​ស្មានថា​១៦​ឆ្នាំ​ក្រោយមក​ប្រព្រឹត្ត​ខ្លួន​ជា​ចោរ​ដដែល ទើប​ចូល​គុក​សារ​ជា​ថ្មី​៕