ឃាត់​រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័​តឺ​ន័​រ​៤​គ្រឿង ដែល​បំផ្លាញ​ផ្លូវ និង​លូ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កុងតឺន័រ​ចំនួន​៤​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ឃាត់​និង​នាំ​យក​ទៅ​ទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ២០១៦នេះ ដោយសារ​តែ​រថយន្ត​នោះ​ចូល​រាជធានី​ភ្នំពេញ​ទាំង​ថ្ងៃ និង កិន​បែក​គម្រប​លូ និង​បាក់​ស្រុត​ផ្លូវ​បេតុង នៅ​ក្នុងភូមិ​ពោងពាយ និង​ភូមិ​ឧកញ៉ា​វាំង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

លោក ប៉ឹ​ល កុសល អភិបាល​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ការ​ឃាត់​រថយន្ត​ដឹក​កុងតឺន័រ ដោយសារ​តែ​រថយន្ត​ធុន​ធ្ងន់​ទាំងនោះ​ចូល​រាជធានី​ភ្នំពេញ​ទាំង​ថ្ងៃ បាន​កិន​គម្រប​លូ និង​ផ្លូវ​បេតុង បណ្តាល​ឲ្យ​បាក់​ស្រុត ទើប​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​អាជ្ញាធរ​ឲ្យ​ជួយ​មាន​វិធាន​ការណ៍​ដោះស្រាយ​។ លោក​អភិបាល​ខណ្ឌ បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ធុន​ធ្ងន់​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ហាម​ចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ តែ​អ្នកបើកបរ​មិន​ស្តាប់​តាម​ការ​ណែនាំ នៅ​តែ​ល្មើស​នឹង​បម្រាម​របស់​អាជ្ញាធរ​។​

នៅ​ក្នុង​ការ​ឃាត់​ទុក​នេះ​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ ជួយ​ជុស​ជួល​គម្រប​លូ និង​ផ្លូវ​ដែល​បាក់​ស្រុត ដោយសារ​តែ​រថយន្ត​ដឹក​លើស​ចំណុះ​ទាំងនេះ​។​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​ហាម​រថយន្ត​ធុន​ធ្ងន់​ចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ​របស់​សាលា​រាជធានី​ភ្នំពេញ ហាក់ដូចជា​គ្មាន​ប្រសិទ្ធិ​ភាព​ឡើយ ជា​ហេតុ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ និង​បង្ក​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​។ ទន្ទឹម​នោះ​ដែរ ប្រជាពលរដ្ឋ​ក៏​សំណូមពរ ដល់​អាជ្ញាធរ គួរ​មាន​វិធាន​ការណ៍​យ៉ាង​តឹងរ៉ឹង ចំពោះ​រថយន្ត​ធុន​ធ្ងន់​ទាំងនោះ​៕