អាន​អត្ថបទ​នេះ​រួច អ្នកនឹង​ចង់​ញ៉ាំ​ផ្លែ​ប័រ​កាន់តែខ្លាំង​

អាន​អត្ថបទ​នេះ​រួច អ្នកនឹង​ចង់​ញ៉ាំ​ផ្លែ​ប័រ​កាន់តែខ្លាំង​

​ផ្លែឈើ​គឺជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់​សុខភាព​មនុស្ស ព្រោះ​តែ​វា​ផ្ទុក​ទៅដោយ​ជីវជាតិ​សំខាន់ៗ​មួយចំនួន​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ប្រឆាំង​នឹង​អាការៈ​ជំងឺ​ផ្សេងៗ បំបាត់​បញ្ហា​ភ្លេចភ្លាំង ឬ​មហារីក​ជាដើម​។ ផ្លែឈើ​ដ៏​ពិសេស​មួយ​ដែល​អ្នក​គួរតែ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​នោះ​គឺ ផ្លែ​ប័រ​តែម្តង ព្រោះ​តែ​វា​ផ្ទុក​ទៅដោយ​ជីវជាតិ​ផ្តល់​សុខភាព​មួយចំនួន​។ បើ​គិត​ទៅ ផ្លែឈើ​មួយ​នេះ​គឺ​ខុស​គេ​ត្រង់​ថា វា​ផ្សំ​ឡើង​ដោយ​ជាតិ​កាបូ​អ៊ី​ដ្រាត និង​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ផ្តល់​សុខភាព ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​អស្ចារ្យ​តែម្តង​។
​តើ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​អ្វីខ្លះ​ដែល​អ្នក​អាចនឹងទទួល​បាន​ពី​ការ​ញ៉ាំ​ផ្លែ​ប័រ​?

  • ​ភាគច្រើន​រាងកាយ​មនុស្ស​យើង​មិន​អាច​ទទួលបាន​ជាតិ​ប៉ូ​តា​ស្យូម​គ្រប់គ្រាន់​ឡើយ ហើយ​ផ្លែ​ចេក​តែងតែ​ជា​ជម្រើស​ដំបូង​បំផុត​សម្រាប់​រឿងនេះ​។ ទោះបី​ចា​យ៉ាងណាក៏ដោយ ផ្លែ​ប័រក៏សម្បូរ​ជាតិ​ប៉ូតា​ស្យូម​ច្រើនជាងផ្លែ​ចេក​ផងដែរ ហើយ​ក៏​ចូលរួម​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​ទៀតផង​។
  • ​ក្រៅពី​បន្ថយ​សម្ពាធ​ឈាម ផ្លែ​ប័រក៏​សំខាន់​ចំពោះ​សុខភាព​ស្បែក​ដែរ ព្រោះ​តែ​វា​មាន​ជាតិ​ខ្លាញ់ Monounsaturated Fats ដែល​ជួយ​បង្គ្រប់​ជាតិ​ទឹក និង​ជួសជុល​ស្បែក​បាន​យ៉ាង​ល្អ​។ សារធាតុ​ខ្លាញ់​មួយ​នេះ​ដែរ ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​បាន​យ៉ាង​ល្អ​។
  • ​ផ្លែ​ប័រមិន​ត្រឹមតែ​បង្កើន​សមត្ថភា​ពរាង​កា​យ​ក្នុងការ​បឺត​ស្រូប​អង់​ទី​អុកស៊ី​ដង់​ពី​អាហារ​ទេ តែ​វា​ក៏​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុកស៊ីដ​ង​ខ្លួនឯង​ច្រើន​ដែរ ជាពិសេស Zeaxanthin និង Lutein ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ភ្នែក​។
  • ​ក្រៅពីនេះ ផ្លែ​ប័រ​នៅ​មានអ​ង់​ទី​អុក​ស៊ីដង់​មួយទៀត​ឈ្មោះថា Phtosterols ដែល​មាន​ប្រយោជន៍​ក្នុង​ការសម្រួល​ដល់​ការឈឺចាប់​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​។​
  • ​ជាតិ​សរសៃ​ដ៏​ខ្ពស់​របស់​ផ្លែ​ប័រមាន​ប្រយោជន៍​ណាស់​ក្នុង​ការលាង​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​។ ជាតិ​សរសៃ​ក៏​ត្រូវបាន​គេ​ដឹង​ថា​ជួយ​សម្រក​ទម្ងន់​បានដែរ ព្រោះ​វា​អាចជួយ​សម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម មានន័យ​ថា អ្នក​នឹង​មិន​ឃ្លាន​អាហារ​ផ្អែមៗ​ច្រើន​នោះ​ទេ​។
  • ប្រយោជន៍​មួយ​ផ្សេង​ទៀត​របស់​ផ្លែប័​រគឺ​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​តេ​វា​ផ្ទុក​ទៅ​ដោយ​អាស៊ីតហ្វូលីក​។ សារធាតុ​មួយ​នេះ​នឹង​ជួយ​បង្ការ​កូន​កើត​មក​ខូច​អវៈយវៈ​។
  • ​ថ្វី​បើ​ការសិក្សា​ជា​ច្រើន​និយាយ​ថា ផ្លែ​ប័រមាន​ប្រសិទ្ធភាពប​ង្កា​រ​ជំងឺ​មហារីកក៏​ដោយ តែ​វា​ក៏​ត្រូវបាន​គេ​រកឃើញ​ទៀតថា ជួយ​កាត់បន្ថយ​ផល​រំខាន​លើ​អ្នកជំងឺ​ដែល​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺមហារីក​។

​សរុបមក ផ្លែ​ប័រ​គឺជា​អាហារដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​យើង ជា​ពិសេស​អ្នក​ដែល​ចង់​ចាប់ផ្តើម​ញ៉ាំ​វា​ដើម្បី​សុខភាព​តែម្តង​។ ជាមួយគ្នា​នឹង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បាន​និយាយ​រៀបរាប់​ខាងលើ អ្នក​នឹង​ធ្វើឲ្យ​រាងកាយ​កាន់តែ​រឹងមាំ និង​មិន​ងាយ​មាន​ជំងឺ​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។