ធ្លាប់​ជួបប្រទះ​ទេ អា​ការៈឈឺ​ពោះ​កើតកូន​លេងៗ​?

ធ្លាប់​ជួបប្រទះ​ទេ អា​ការៈឈឺ​ពោះ​កើតកូន​លេងៗ​?

​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ក្នុង​ពោះ​ហាក់បីដូច​ជា​តឹង ឬ​ឈឺ​បែប​រមួលៗ​ក្នុងពេល​មាន​ផ្ទៃពោះ មានន័យ​ថា​អ្នក​កំពុងតែ​មាន​អា​ការៈឈឺ​ពោះ​កើតកូន​លេងៗ ឬ​ហៅ​ថា Braxton Hicks Contractions ហើយ​។ សូម​កុំ​បារម្ភ​អី វា​គឺជា​រឿង​ធម្មតា​ទេ ហើយ​ក៏​មិនមែន​ជា​សញ្ញា​ដែល​ថា​អ្នក​ត្រូវ​សម្រាលកូន​ដែរ​។ វា​គ្រាន់តែ​ជា​កម្លាំង​កន្ត្រាក់​មួយ​ដែល​កើតឡើង​លើ​សាច់ដុំ​ស្បូន​ប៉ុណ្ណោះ តែ​វា​នឹង​ជួយ​ជំរុញ​ដល់​របត់​ឈាម​រត់​កាន់តែ​ល្អ​ក្នុង​ស្បូន​ថែម​ទៀត​។

​ស្ត្រី​ភាគច្រើន​និយាយថា Braxton Hick នេះ​មាន​អារម្មណ៍​ដូច​ឈឺចាប់​ពេល​មក​រដូវ​អញ្ចឹង ហើយ​ច្រើន​តែ​មាន​រយៈពេល​យូរ​បំផុត ៣០​វិនាទី ដែល​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ស្ត្រី​មិន​ស្រួល​ក្នុង​ខ្លួន​បាន​។​

អាការៈ​នេះ​ច្រើន​តែ​ចាប់ផ្តើម​នៅ​ពេល​ស្ត្រី​មាន​អាយុគ័រ​ប្រហែល ៧​សប្តាហ៍ ប៉ុន្តែ​ដំបូង​ឡើយ​គឺ​គ្មាន​អារម្មណ៍​ដឹង​ទេ​។ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​ដំបូង អ្នក​អាច​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​បែបនេះ​នៅ​សប្តាហ៍​ទៅ ១៦​ឯណោះ​។ ដល់ពេល​មាន​កូន​លើក​ក្រោយៗ​ទៀត អាការៈ Braxton Hicks អាច​នឹង​កើតឡើង​ញឹកញាប់ ឬ​លឿន​ជាង​មុន​ទៅទៀត​។ ប៉ុន្តែ​ក៏​មាន​ស្ត្រី​ខ្លះ​មិន​ធ្លាប់​ជួប​អាការៈ​នេះ​ទាល់តែសោះ​ដែរ​។

ការ​ឈឺពោះ​កើតកូន​លេងៗ​មាន​អាការៈ​ដូចម្តេច​ខ្លះ​ទៅ​?៖

  • ​ជាធម្មតា​ឈឺ​យូរ​បំផុត​ប្រហែល ៣០​វិនាទី ទៅ​មួយ​នាទី​
  • ​ច្រើន​តែ​ធ្វើ​ឲ្យ​គ្មា​នផា​សុកភាព​ក្នុង​ខ្លួន តែ​មិន​ឈឺចាប់​អ្វី​ខ្លាំង​ឡើយ​
  • ​កើតឡើង​មិន​ទៀងទាត់​ពេលវេលា​
  • ក្នុង​មួយ​ដង​មិនអាច​កើត​ឡើង​លើសពី​ពីរដង​ឡើយ ហើយ​មួយ​ថ្ងៃ​អាច​មាន​តែ​ពីរ​ទៅ​បី​ដង​ប៉ុណ្ណោះ​
  • ​ច្រើន​តែ​បាត់​ទៅ​វិញ​នៅ​ពេល​អ្នក​ផ្លាស់ប្តូរ​ជំហរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​

​ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​មាន​ផ្ទៃពោះ​ចាស់ខែ​ហើយ អា​ការៈឈឺ​ពោះ Braxton Hicks អាច​នឹង​កើតឡើង​ញឹក​ញ៉ាប់ ប្រហែល​ជា​រៀងរាល់ ១០ ទៅ​២០​នាទី​ម្តង​។ នេះ​ហើយ​គឺជា​សញ្ញា​ដែល​អ្នក​កំពុងតែ​ត្រៀម​ខ្លួន​ដើម្បី​សម្រាលកូន​ហើយ ឬ​ត្រៀម​សម្រាលកូន​។ បើសិន​ជា​អ្នក​មិន​ច្បាស់​ថា​កំពុងតែ​មាន​អាកា​រៈណា​មួយ​ទេ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ឆ្មប​ភ្លាមៗ​ទៅ​។​

​អ្នក​ក៏​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឆ្មប​ភ្លាម​បើសិនជា​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖

  • ​មានការ​កន្ត្រាក់​ជា​រៀងរាល់ ១០​នាទី​ម្តង ឬ​លឿន​ជាង​នេះ​
  • កន្ត្រាក់​ក្នុង​ពោះ​ច្រើនជាង ៥​ដង​ក្នុង​មួយ​ម៉ោង​
  • ​ឈឺ ឬ​តឹង​ក្នុង​ឆ្អឹងខ្នង ឬ​ពោះ​ផ្នែក​ខាងក្រោម​
  • ​មាន​សម្ពាធ​កាន់តែខ្លាំង​ក្នុង​អាង​ត្រគៀក ឬ​ទ្វា​មាស​
  • ​ធ្លាក់​ឈាម​តាម​ទ្វា​មាស​
  • ​មាន​ហៀរ​ទឹក​ចេញ​ពីទ្វា​មាស​
  • ​មាន​អា​ការៈដូ​ច​ជំងឺ​ផ្តាសាយ​ដូចជា ច​ង្អោ ក្អួត ឬ​រាករូស​

​ភាគច្រើន​ការ​កន្ត្រាក់​ឈឺពោះ​កើតកូន​លេងៗ​នេះ​ជា​រឿង​ធម្មតា​ទេ ហើយក៏​មិន​បាច់​ត្រូវការ​ការព្យាបាល​អ្វី​ដែរ​។ ប៉ុន្តែ​បើសិនជា​អ្នក​យល់​ថា​មិន​ស្រួល​ក្នុង​ខ្លួន​ខ្លាំង អ្នក​អាច​ធ្វើ​ដូចខាងក្រោម​នេះ​បាន​៖

  • ​ចំណាយ​ពេល​ដើរ​មួយសន្ទុះ​
  • ​សម្រាក ឬ​គេង​
  • ​បន្ធូរ​អារម្មណ៍​ដោយ​ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ ឬ​ប្រើ​ទឹក​ក្តៅស្អំ​
  • ​ឲ្យគេ​ម៉ាស្សា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។