អាណោចអាធ័ម​ណាស់ ! ជិត​ទៅ​អា​មេ​រិ​ក​វិញ​ហើយ​បែរជា​​ស្លាប់​បែប​នេះ

ខេត្តកំពត ៖ បុរស​ជា​អាណិកជន​ខ្មែរ​ម្នាក់​ខណៈ​មក​លេង​ស្រុក​កំណើត​ហើយ​បម្រុង​នឹង​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​ហើយ ស្រាប់តែ​ខ្យល់គ​ដួល​សន្លប់​ក្នុង​បន្ទប់ទឹក​ផ្ទះ​ឪពុក​របស់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​បាន​ស្លាប់​នៅ​តាម​ផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

ប្រភព​ព័ត៌មាន​ពី​ឪពុក​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចូល​បន្ទប់ទឹក​តាំងពី​ម៉ោង​៧ និង​១៥​នាទី​ព្រឹក រហូត​ដល់​ម៉ោង​ជិត​១០ ដោយ​បាត់​ជន​រង​គ្រោះ​យូរ​ពេក​មិនឃើញ​ចេញពី​បន្ទប់ទឹក​ក៏​មានការ​សង្ស័យ ហើយ​នាំ​គ្នា​គាស់​គន្លឹះទ្វារ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​សន្លប់​អង្គុយ​ផ្អែក​អាង​ទឹក​ក្នុង​បន្ទប់ទឹក​ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្រញាប់​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ក្រែង​អាច​ជួយ​សង្គ្រោះ​បាន ប៉ុន្តែ​ពេល​ដល់​ពេទ្យ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ពែ​ក ធា​រ័​ត្ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​សហរដ្ឋអាមេរិក ហើយ​បាន​មក​លេង​ស្រុក​កំណើត​នៅ​ក្រុង​កំពត​តាំងពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦​ម្ល៉េះ ហើយ​បម្រុង​វិល​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​ក្នុង​ខែតុលា​នេះ តែ​បែរជា​ជួប​ហេតុការណ៍​បែប​នេះ​ទៅ ។

ជុំវិញ​ទិដ្ឋភាព​ខាងលើ​គេ​ឃើញ និង​ឮ​តែ​សំឡេង​ទ្រហោយំ​ពី​សំណាក់​ក្រុម​គ្រួសារ​សំដែង​ពី​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​សមាជិកគ្រួសារ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សព​រួចរាល់ ដឹង​ថា ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​ឪពុក​ស្ថិត​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ​ក្រុង​កំពត ខេត្តកំពត ៕