ការលក់ដូរ​អនាធិបតេយ្យ​លើ​សួនច្បារ​ផ្សារ​ក្រោម អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​កំពុង​ឆ្លើយ​ដាក់គ្នា​

​ខេត្តកំពង់ឆ្នាំង​៖​ ​ការដាក់​តាំង​លក់​ម្ហូបចំណី​យ៉ាង​អនាធិបតេយ្យ​នៅលើ​សួនច្បារ​ត្រី​គល់រាំង សួន​នាង​សុវណ្ណ​មច្ឆា មាត់ទន្លេ​ផ្សារ​ក្រោម​មកដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦​នេះ មិនទាន់មាន​ការរៀប​ចំ​អោយមាន​សណ្តាប់ធ្នាប់ មាន​សោភ័ណភាព​ឡើងវិញ​នៅឡើយ ក្រោយពី​គេ​អនុញ្ញាតអោយ​លក់​លក់​ក្នុង​រយះពេល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​កន្លងមក ដែល​ធ្វើអោយប៉ះពាល់​ដល់​សោភ័ណភាព ទេសចរណ៍​សណ្តាប់ធ្នាប់ និង​ការ​អនាម័យ​សួនច្បារ​យ៉ាងខ្លាំង ដែល​ពេលនេះ​អាជ្ញាធរ​ក្រុង និង​នគរបាល​ផ្នែក​សណ្តាប់ធ្នាប់​កំពុង​ឆ្លើយ​ដាក់គ្នា ។ ចំណែក​កៅអី​ថ្ម​២​បែកបាក់​នៅ​សួនច្បារ​ត្រី​គល់រាំង​តើ​ទុក​តាំង​លំអរ​អួត​ភ្ញៀវ​ទេសចរណ៍​ដល់​ណា​ទៀត និង​ការអោយ​រថយន្ត​ចត​នៅលើ​សួនច្បារ​ក៍​ធ្វើអោយ​បែកបាក់​ការ៉ូ​សួនច្បារ​អស់​មួយចំនួន​ផងដែរ មិនដឹង​ពេលណា​ទើប​គេ​ធ្វើ​ឡើងវិញ​។​

dsc00498

ទាក់ទង​នឹង​ករណី​លក់ដូរ​នៅលើ​ខឿន​សួនច្បារ​នេះ លោក បេ សា​រុំ អភិបាលរងក្រុង​កំពង់ឆ្នាំង​ទទួលបន្ទុក​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា​៖ កន្លងមក លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​រៀបចំ​កន្លែង​នោះ​ឡើងវិញ​អោយមាន​សណ្តាប់ធ្នាប់​ល្អជា​ច្រើនលើកច្រើនសារ តែ​នៅតែ​កើតមាន ដែល​បញ្ហា​នេះ​គឺមាន​ការ​បើកដៃ​អោយចូល​លក់​ពី​ខាង​អ្នកម៉ៅការ​កំពង់ផែ​ផ្សារ​ក្រោម អាជ្ញាធរ​ក្រុង​បាន​ហៅ​គាត់​មក​ធ្វើ​កិច្ចសន្យា​មិនអោយ​ធ្វើបែបនេះ​រួចហើយ​តែ​គាត់​នៅ​មិន​ស្តាប់​។ ម្យ៉ាងទៀត​អាជ្ញាធរ​ក្រុង​បានប្រគល់​ភារកិច្ច​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​នៅលើ​សួនច្បារ​ខាងលើនេះ អោយទៅ​នគរបាល​ប៉ុស្តិ​ផ្សារឆ្នាំង​ជា​អ្នកមើលការខុសត្រូវ ព្រោះ​នគរបាល​ប៉ុស្តិ​ផ្សារឆ្នាំង មាន​ទីតាំង​នៅជាប់​សួន​ទាំងនោះ​ស្រាប់​។​

dsc00497

​ដោយឡែក​លោក ហ៊ុល វាសនា អនុប្រធាន​ការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បដិសេធថា​មិនមាន​ការប្រគល់​ភារកិច្ច​រៀបចំ​ការលក់​ដូរ​នៅលើ​សួន​នោះ​មកអោយ​ខាង​សមត្ថកិច្ច​នគរបាល​នោះទេ តែ​កន្លងមក​លោក​ជួយ​រៀបចំ​គ្នា​ប៉ុណ្ណោះ ហើយ​ថ្មីៗ​នេះ អាជ្ញាធរ​ក្រុង​បាន​អនុញាតិ​អោយ​ដាក់​ល្បែង​កំសាន្ត​នៅលើ​សួន​ទាំងនោះ ម្លោះ​ហើយ​អ្នកលក់ដូរ​អនាធិបតេយ្យ​ទាំងនោះ​ក៍​កើតមាន​សារជាថ្មី​នាំអោយ​ឈឺក្បាល​ដដែល​។

dsc00489

ចំណែក​លោក រិ​ន រដ្ឋា នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ផ្សារឆ្នាំង​វិញ​បាន​និយាយ​អោយដឹងថា​៖ ករណី​លក់ដូរ​ខាងលើនេះ​មកពី​អាជ្ញាធរ​ក្រុង អោយគេ​ដាក់​ល្បែង​កំសាន្ត​នៅលើ​សួនច្បារ​នាង​សុវណ្ណ​ម​ច្ចា ដូច្នេះ​អ្នកលក់ដូរ​ម្ហូបចំណី​ដែល​ធ្លាប់​លក់​នៅ​ខាងក្រោយ​ក៏​ឡង​មក​លក់​នៅលើ​សួនច្បារ​ដែរ រឿងនេះ​សមត្ថកិច្ច​ដេញ​គេ​ដែរ​តែ​គេ​ថា បើ​ល្បែង​កំសាន្ត​ទាំងនោះ​ចេញ​ពីលើ​សួនច្បារ​ទើប​គេ​ចេញ​ដែរ ហើយ​ការរៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ​ទាល់តែ​ប្រើប្រាស់​សមត្ថកិច្ច​ចំរុះ​ទើប​អាច​រៀបចំ​បាន​។​

dsc00495

​បញ្ហា​នេះ គេ​ចាំ​មើលថា​តើ អាជ្ញាធរ​ក្រុង​អាច​រៀបចំ​សួនច្បារ​ផ្សារ​ក្រោម​អោយមាន​សោភ័ណភាព​ឡើងវិញ​បាន ឬ​អត់ ព្រោះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើសិនជា​នៅតែ​បណ្តែតបណ្តោយ​អោយ​លក់​នៅ​លើ​សួន​បែបនេះ​ទៀត​នោះ ទៅ​ថ្ងៃមុខ​ច្បាស់​ជា​ដេញ​លែងចេញ បង្ក​ទៅជា​ផល​លំបាក​ដល់​អាជ្ញាធរខេត្ត និង​រាជរដ្ឋាភិបាល​ទៀតផង ដូច​ករណី​ការលក់ដូរ​នៅតាម​ផ្លូវ​ដើម​ស្រល់​ជា​ឧទាហរណ៍​ស្រាប់ ដែល​រហូតមក​ដល់ពេលនេះ នៅតែ​ដោះស្រាយ​ពុំ​ចេញ ចង់​រៀបចំ​អោយមាន​សណ្តាប់ធ្នាប់​ក៍​ពុំ​កើត ដែល​បញ្ហា​ទាំងអស់នេះ​គឺ​កើតចេញពី​អ្នកម៉ៅការ គួបផ្សំ​នឹង​អាជ្ញាធរ​ក្រុង​ចេះតែ​ថា​មិន​អី​ទៀត​នោះ តែ​ដោះស្រាយ​មិន​ចេញ​រហូតដល់​សព្វថ្ងៃនេះ​៕ ( រិទ្ធិជ័យ )