ខឹង ឪពុក​ម្តាយ​ស្តីបន្ទោស នារី​វ័យក្មេង​ម្នាក់ ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន

ខឹង ឪពុក​ម្តាយ​ស្តីបន្ទោស នារី​វ័យក្មេង​ម្នាក់ ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន



ភ្នំពេញ​: ខំធ្វើការ​ជា​កម្មករ​បណ្តុះ​ដើម​ស្វាយចន្ទី និង​សន្សំ​បាន​ប្រាក់​បាន​៣០​ម៉ឺន​រៀល បំណង​យក​ទៅ​ទិញ​សម្លៀក​បំពាក់ តែ​មិន​ទាន់​ទាំង​បាន​ទិញ​ផង​ប្រាក់​ទាំងនោះ​ក៏​បាត់​មិនដឹង​ជ្រុះ​នៅ​ទីណា ពេល​ដែល​នាង​ប្រាប់​ឪពុក​ម្តាយ​ថា បាត់ប្រាក់​អស់​៣០​ម៉ឺន​រៀល បែរជា​ឪពុក​មិន​ជឿ ហើយ​ចោទ​ថា នាង​យក​ប្រាក់​ទាំងនោះ​ទៅ​ឲ្យ​សង្សារ​នាង​ទៅ​វិញ ថែម​ទាំង​បាន​ស្តីបន្ទោស​នាង​ទៀត​ផង ធ្វើ​ឲ្យ​នាង​មានការ​អាក់អន់ស្រពន់ចិត្ត​ជា​ខ្លាំង រួច​ក៏​ឡើង​ទៅ​សំងំ​ក្នុង​បន្ទប់ ក្រោយមក​ក៏​សម្រេចចិត្ត​មក​លោតទឹក​ស្លាប់​ខ្លួន លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​លើ​ស្ពាន​ឃាត់​ទាន់​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

នារី​ប៉ុនប៉ង​លោតទឹក​មិន​បាន​សម្រេច​នេះ​ឈ្មោះ ព្រហ្ម សុភា អាយុ​២២​ឆ្នាំ មុខរបរ​ជា​កម្មករ​បណ្តុះ​ដើម​ស្វាយចន្ទី មាន​ទីលំនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

នាង​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​រូប​នាង​ធ្វើការ​ជា​កម្មករ​បណ្តុះ​ដើម​ស្វាយចន្ទី​បាន​ប្រាក់ខែ​ជា​រៀង​រាល់​ខែ​តែងតែ​ឲ្យ​ឪពុក​ម្តាយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ហើយ​នាង​ទុក​ជាប់​ខ្លួន​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ទិញ​របស់របរ​ប្រើប្រាស់ និង​សម្លៀក​បំពាក់ ព្រោះ​នាង​មាន​វ័យ​ជាង​២០​ឆ្នាំទៅ​ហើយ ។

ហើយ​នៅ​មុន​ពេល​កើតហេតុ​នាង​មាន​ប្រាក់​ក្នុង​ខ្លួន​ចំនួន​៣០​ម៉ឺន​រៀល បំណង​យក ទៅ​ទិញ​សម្លៀក​បំពាក់ តែ​មិន​ទាន់​ទាំង​បាន​ទិញ​ផង​ប្រាក់​ទាំងនោះ​ក៏​បាត់​មិនដឹង​ជ្រុះ​នៅ​ទីណា ពេល​ដែល​នាង​ប្រាប់​ឪពុក​ម្តាយ​ថា បាត់ប្រាក់​អស់​៣០​ម៉ឺន​រៀល បែរជា​ឪពុក​មិន​ជឿ ហើយ​ចោទ​ថា នាង​យក​ប្រាក់​ទាំងនោះ​ទៅ​ឲ្យ​សង្សារ​នាង​ទៅ​វិញ ថែម​ទាំង​បាន​ស្តីបន្ទោស​នាង​ទៀត​ផង ធ្វើ​ឲ្យ​នាង​មានការ​អាក់អន់ស្រពន់ចិត្ត​ជា​ខ្លាំង រួច​ក៏​ឡើង​ទៅ​សំងំ​ក្នុង​បន្ទប់​។ ពេល​ម្តាយ​ឃើញ​ដូច្នេះ​ក៏​ឡើង​ទៅ​តាម ហើយ​នាង​ប្រាប់​ម្តាយ​ថា​ចង់​សម្លាប់​ខ្លួន​ពេល​ឮ​ដូច្នេះ​ម្តាយ​នាង​គ្មាន​អើពើ​ឡើយ​ថែម​ទាំង​និយាយ ថា​ទៅ​សម្លាប់​ខ្លួន​ទាំង​យប់​ហ្នឹង​មែន ? ពេល​ឮ​ម្តាយ​សួរ​បែប​នេះ​ធ្វើ​ឲ្យ​រូប​នាង​រឹតតែ​ខូចចិត្ត​ខ្លាំង​ឡើង​ៗ ហើយ​បើ​និយាយ​ពី​ឪពុក​របស់​នាង​វិញ​មិន​ដែល​ចូល​ចិត្ត​រូប​នាង​ទេ តែងតែ​រករឿង និង​ហួងហែង​ប្រាក់​របស់​នាង​រាល់ពេល​ដែល​ដឹង​ថា​មាន​ប្រាក់ រហូត​ដល់​អ្នក​ជិតខាង​គិត​ថា នាង​មិនមែន​ជា​កូនបង្កើត​របស់​ឪពុក​នាង​ទៀត​ផង​៕