ដេក​មិន​ព្រម​ឡើង ទៅ​មើល​ទើប​ដឹងថា ហួស​បាត់ទៅហើយ​ ​

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦តុលា ២០១៦ នៅភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដោយមានបុរសម្នាក់ដែលគេដឹងថាជាអ្នកញៀនស្រាបានដេកស្លាប់ក្នុងអង្រឹងកន្លែងចាំចម្ការបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ ទើបដឹងថា ករណីនេះជនរងគ្រោះខ្យល់គរ ហើយគ្មានអ្នកជួយសង្គ្រោះ ។
បើយោងតាមលោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ឲ្យដឹងថា តាមការសាកសួរសាច់ញាតិ ក៏ដូចជាម្ចាស់ចំការគឺជនរងគ្រោះ មានឈ្មោះ លឹម សិទ្ធ ជាមនុស្សផឹកស្រាជាប្រចាំគ្មានថ្ងៃស្រាកនោះទេ ។
ប្រភពបន្តថា មុនពេលកើតហេតុនេះ កាលពីល្ហាច ជនរងគ្រោះបានទិញស្រាមកផឹកតែឯង គ្មានអ្នកណាចាប់អារម្មណ៍នោះទេ ព្រោះជាទម្លាប់របស់ជនរងគ្រោះទៅហើយ ។ រហូតដល់ព្រឹកឡើងពេលដែលសាច់ញាតិទៅដាស់អោយធ្វើការ ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍អោយសមត្ថកិច្ចចុះទៅ ពិនិត្យ ក្រែងមានពាក់ព័ន្ឋនឹងករណីឃាតកម្ម ។
លោកអធិការបន្តថា ក្រោយទទួលសេចក្តីរាយការណ៍ លោកបានដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ ។ ក្រោយត្រួតពិនិត្យលើសាកសព សមត្ថកិច្ចជំនាញរកមិនឃើញ មានស្លាកស្នាមពាក់ព័ន្ឋនឹងករណីឃាតកម្មនោះទេ ព្រោះនៅលើខ្លួនសព គ្មានស្នាកស្នាមអ្វីទាំងអស់ ។លោកអធិការបន្តថា ការពិនិត្យនេះ គឺមានការចូលរួមពីលោកមេភូមិ និងក្រុមគ្រួសារជនរងគ្រោះផងដែរ ។សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។ ករណីនេះក្រុមគ្រួសារ ទទួលស្គាល់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារខ្យល់គរពិតមែន ។
បន្ទាប់ពីពិនិត្យ និងបំពេញឯកសាររួចរាល់ សមត្ថកិច្ចបានប្រគល់សពអោយក្រុម គ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដេក​មិន​ព្រម​ឡើង ទៅ​មើល​ទើប​ដឹងថា ហួស​បាត់ទៅហើយ​ ​