ទ្រាំ​លែង​បាន ! បីកូន​តូច​ទៅ​ប្តឹង​សុំ​លែងលះ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បីកូន​តូច​ មក​ប៉ុស្តិ៍​នគរបាល​ឫស្សី​កែវ​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ប្តឹង​សុំ​លែងលះ​ដោយសារ​តែ​ទ្រាំ​លែង​បាន​ព្រោះតែ​លោក​ប្តី​ ប្រចណ្ឌ​ខ្លាំង​ពេក​រហូត​វាយ​ ធ្វើបាប​ស្ទើរតែ​រាល់ថ្ងៃ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ឫស្សី​កែវ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ កែវ សុ​ម៉ា​លី ហៅ​សេង អាយុ​៣៥​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្តី​ហេងស៊យ​វាយ​ធ្វើ​បាយ​ឈ្មោះ ហេង ស្រី​មុំ អាយុ​២៨​ឆ្នាំ ជា​អ្នក​អ៊ុតខោអាវ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នាង​និង​ប្តី​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ តែ​បាន​សែនព្រេន​ដោយ​មាន​ចាស់ទុំ​ដឹង​ឮ ។ ចំណង​ស្នេហ៍​នេះ​មុន​ដំបូង​ នាង​មាន​សេចក្តីសុខ​ណាស់ ព្រោះតែ​ទទួល​ការ​អាណិត​ស្រលាញ់​ពី​ប្តី រហូត​ដល់​បានកូន​ស្រី​ម្នាក់​អាយុ​៥​ខែ ។

ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទ​ន្ធឹ​ម​នឹង​ការ​ស្រលាញ់​ហួសហេតុ នាង​ក៏​ត្រូវ​បាន​លោក​ប្តី​រករឿង និង​វាយតប់​ស្ទើរតែ​រាល់ថ្ងៃ ព្រោះតែ​ភ្លើង​ប្រចណ្ឌ សូ​ម្បី​តែ​នាង​និយាយ​ជាមួយ​មនុស្ស​ប្រុស​ក៏​មិន​បាន​ដែរ ។ ដោយសារ​តែ​ការ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​បែប​នេះ នាង​បាន​សុំ​លែងលះ​គ្នា ជា​ច្រើន​លើក​មក​ហើយ តែ​មិន​ដាច់ ។ នៅ​មុន​ពេល​មក​ប្តឹង​ប៉ូលិស នាង​ត្រូវ​បាន​ប្តី​រករឿង និង​វាយ​នាង​ជា​ថ្មី​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រាំ​លែង​បាន​ក៏​បីកូន​ធ្វើ​ដំណើរ​មក​ប៉ុស្តិ៍​ប្តឹង​សុំ​លែងលះ​គ្នា​តែ​ម្តង ។

បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ បាន​មក​ប្តឹង​សុំ​លែងលះ សមត្ថកិច្ច​នគរបាល​ក៏​បាន​ហៅ​បុរស​ជា​ប្តី​មក​ធ្វើការ​អប់រំ កុំ​ឲ្យ​ប្រើ​ហិង្សា​ដាក់​ប្រពន្ធ​ទៀត ហើយ​បុរស​ជា​ប្តី​រូប​នោះ​ក៏​បាន​សន្យា​ថា ឈប់​ប្រើ​ហិង្សា​ទៀត​ហើយ រួច​ពួក​គេ​ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀត។ បុរស​ម្នាក់​ត្រូវ​បាន​នារី​ ជា​សង្សារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ ​​ដើម្បី​បាន​រួច​ផុត​កម្ម​ផុត​ពារ ព្រោះ​តែងតែ​ប្រើ​ហិង្សា​វ៉ៃ​ដំ​ជា​ច្រើន​លើក​ច្រើន​សារ​ពេក ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វ៉​ន វ៉ា​ត់ ហៅ ប្រេះ អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោ​ប៉ែ​ត មានស្រុក​កំណើត​នៅ​ភូមិ​បាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ចំណែក​នារី​ជា​សង្សារ​ឈ្មោះ មិត គ​ន្ធា ហៅ ឌា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី បច្ចុប្បន្ន​ធ្វើការ​នៅ​កាស៊ីណូ ហូ​លី​ដេ ផា​លេស ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ ក្រុង​ប៉ោយ​ប៉ែ​ត​ដឹង​ថា នាង​បាន​ចេញពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​កាស៊ីណូ ហើយ​ក៏​មាន​ទំនាក់ទំនង​ ស្នេហា​ជាមួយ​ឈ្មោះ វ៉​ន វ៉ា​ត់ ហើយ​បាន​រួមរស់​ជាមួយ​គ្នា​ ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង ប៉ុន្តែ​ការ​រស់នៅ​ជាមួយ​គ្នា​ មិនសូវ​ចុះសម្រុង​ឡើយ គឺ​តែងតែ​ឈ្លោះប្រកែក​គ្នា​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ព្រោះតែ​បុរស​ជា​សង្សារ​តែងតែ​ប្រចណ្ឌ​នាង និង​ប្រើ​ហិង្សា​វ៉ៃ​នាង​ជា​ញឹកញាប់ តែ​នាង​មិន​ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច​ឡើយ ។

នារី​រង​គ្រោះ​បញ្ជាក់​ថា ជា​ចុង​ក្រោយ​បុរស​ជា​សង្សារ​ បាន​យក​ខ្សែ​សាក​ទូរស័ព្ទ និង​ក្រ​ចាក់​ចងដៃ​ចងជើង ហើយ​យក​កាំបិត​ភ្ជង់​ក​នាង​ទៀត ។ ដោយ​ទ្រាំ​នឹង​អំពើ​ដ៏​កាច​សាហាវយង់ឃ្នង​នេះ​លែង​បាន ទើប​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

មន្ត្រី​អាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​បុរស​ជា​សង្សារ​ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​សង្សារ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រើ​ហិង្សា​លើ​សង្សារ​ចំនួន​ ៥​លើក​ពិតប្រាកដ​មែន ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទ្រាំ​លែង​បាន ! បីកូន​តូច​ទៅ​ប្តឹង​សុំ​លែងលះ

ទ្រាំ​លែង​បាន ! បីកូន​តូច​ទៅ​ប្តឹង​សុំ​លែងលះ

ទ្រាំ​លែង​បាន ! បីកូន​តូច​ទៅ​ប្តឹង​សុំ​លែងលះ

ទ្រាំ​លែង​បាន ! បីកូន​តូច​ទៅ​ប្តឹង​សុំ​លែងលះ