ក្តៅចិត្តណាស់! ​កំពុងរង់ចាំភ្លើងស្តុប ​​អាធំមកទាំង​កំរោល

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង រង​ការ​ខូចខាត​ខណៈ​ពេល​ឈប់​ចាំ​ភ្លើងស្តុប ហើយ​ត្រូវ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បើក​មក​កៀរ ហើយ​​រថយន្តបង្ក​បានព្យាយាម​បើក រត់​រហូត​មក​ដល់​ចំណុច​មុខ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក៏​ត្រូវ​កម្លាំង​នគរ​បាល​ដេញ​ឃាត់​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៦ តុលា ស្ថិត​ត្រង់​ចំណុច​ស្តុ​ប​ទេព​ផ​ន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-4320 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ឈប់​ព្រោះ​ចាំ​ភ្លើងស្តុប​ក្រហម ។ ស្រាប់តែ​ភ្លាម​នោះ រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​បង្ក ពណ៌​ទឹកប្រាក់​លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-4490 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង មក​ជ្រុល​កៀរ​រថយន្ត​កូ​រ៉ូ​ឡា ដែល​ឈប់​នោះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាង​មុខ​។

សាក្សី​បន្ត​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់ រថយន្ត​បង្ក​មិន​បាន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​បាន​ព្យាយាម​បើក​រត់ រហូត​មក​ដល់​មុខ​ផ្សារ​ហេង​លី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើប​សមត្ថកិច្ច​ល្បាត​ដេញ​ឃាត់​ជាប់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​និយាយ​ចរចា​គ្នា អស់​រយៈពេល​យ៉ាង​យូរ ទើបត្រូវ​គ្នា ដោយ​ម្ចាស់​រថយន្ត​បង្ក​បាន​ចេញថ្លៃ​ខូចខាត​ទៅ​លើ​ម្ចាស់​រថយន្ត​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច ៕