ក្រុម​តំណាង​CNRP មិន​ចូល​ប្រជុំ​សភា និង​ធ្វើ​សន្និសីទកាសែត​បន្តិចទៀត​នេះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​រាយការណ៍​ពី​វិមាន​រដ្ឋ​សភាជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភាជាតិ​ដូច​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​នេះ​ប្រកាស​កាលពី​ថ្ងៃ​ទី​០៦ តុលា​នោះ​ទេ និង​ប្រកាស​ធ្វើ​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ តុលា​នេះ​។

មក​ដល់​ម៉ោង​៨​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ មិន​ទាន់​មាន​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​លើក​ឡើង​ពី​មូលហេតុ​ច្បាស់លាស់​ដែល​ក្រុម​តំណាងរាស្ត្រ​ខ្លួន​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​នោះ​នៅឡើយ​ដែរ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ តុលា​ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា សម័យប្រជុំ​សភា​នៅ​ព្រឹក​នេះ ទោះ​គេ​(​សំដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​) ចូល ឬ​មិន​ចូល​ប្រជុំ​ក៍​ពុំ​មាន​បញ្ហា​នោះ​ទេ ។

សេចក្តីរាយការណ៍​ពី​វិមាន​រដ្ឋសភា​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​រដ្ឋសភា​បាន​និង​កំពុង​បន្ត​ដំណើរការ​នីតិវិធី​ប្រជុំ​ដោយ​រលូន​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន និង​មាន​វត្តមាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចូលរួម​ផង​ដែរ សរុប​កូរ៉ុម​៦៧​រូប ព្រមទាំង​កំពុង​ពិភាក្សា​និង​អនុម័ត​របៀបវារៈ​ចំនួន​៨៕