ឆែក​ទូរស័ព្ទ​ប្រពន្ធ​ឃើញ​គេ​ខ​ល​ចូល​ជា​ច្រើន​ម៉ោង ទីបំផុត​លែងលះ​គ្នា

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ទូរស័ព្ទ​ទៅ​ប្រពន្ធ​មិន​ចូល​ជា​ច្រើន​ម៉ោង ពេល​ប្រពន្ធ​មក​ដល់​ផ្ទះ​វិញ​បុរស​ជា​ប្តី​ក៏​ឆែក​ទូរស័ព្ទ​មើលឃើញ​មាន​លេខ​ខ​ល​ចូល​និយាយ​ជា​ច្រើន​ម៉ោង ធ្វើ​ឲ្យ​បុរស​ជា​ប្តី​មានការ​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​វាយ​ប្រពន្ធ​ឡើង​ហើម​មុខ ហើយ​ត្រូវ​ប្រពន្ធ​ទាញ​ចាន​គ្រឿងក្លែម​វាយ​រយះ​ក្បាល​ហូរ​ឈាម​វិញ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​មានឈ្មោះ ស៊ិ​ង វ៉ា​រី អាយុ​៣៣​ឆ្នាំ មុខរបរ​គ្រប់គ្រង​ខារ៉ាអូខេ​ស្ទឹង​លាប​នៅ​ជិត​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ស្នួល ឃុំ​ស្ពឺ​(​ក​) ស្រុក​បាភ្នំ​ខេត្ត ព្រៃវែង ។ ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ សេន បញ្ញា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោច​ក្រ មានស្រុក​កំណើត​នៅ​ភូមិ​គោក​គួ​ង ឃុំ​គោក​គួ​ង​ខាងលិច ស្រុក​កញ្ជ្រាច ខេត្តព្រៃវែង ។

ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​រៀបរាប់​ប្រាប់​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ស្រី​២​នាក់ ក៏​បាន​ទាក់ទង​ជាមួយ​បុរស​ពោះម៉ាយ​មានកូន​ប្រុស​ម្នាក់ រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​៣​ឆ្នាំ​មក​ហើយ រហូត​បង្កើត​បានកូន​ស្រី​ម្នាក់ ប៉ុន្តែ​ពេល​គាត់​គ្រប់​ខែ​សម្រាលកូន​បាន​២​ខែ ក៏​មាន​ជម្លោះ​តិចតួច ហើយ​ប្តី​របស់​គាត់​បាន​ចុះ​ចោល​គាត់​ជាង​៣​ខែ​ទើប​មក​បាន​សុំ​រស់នៅ​ជាមួយ​គាត់​វិញ តែ​ប្តី​រស់នៅ​ខណ្ឌ​សែន​សុខ ចំណែក​រូប​គាត់​រស់នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្តី​នៅ​ពេល​ល្ងាច​សុំ​លុយ​ទិញ​ទឹកដោះគោ​ឲ្យ​កូន ហើយ​ប្តី​ប្រកែក​ថា​អត់​មាន​លុយ​ទេ ។ ពេល​នាង​ទៅ​ធ្វើការ​បាត់ ស្រាប់តែ​ប្តី​មក​ផ្ទះ​របស់​គាត់ ហើយ​ផឹកស៊ី​ស្រវឹង​បាន​រករឿង​វាយ​គាត់​ហើម​មុខ​ហើម​មាត់ ធ្វើ​ឲ្យ​គាត់​ខឹង​បាន​យក​ចាន​គ្រឿងក្លែម​វាយ​ប្តី​វិញ​រយះ​ថ្ងាស ។

បើ​តាម​សំដី​បុរស​ជា​ប្តី​បាន​និយាយ​ថា ប្រពន្ធ​របស់​គាត់​ធ្វើការ​វេន​យប់ គាត់​ទូរស័ព្ទ​ជា​ច្រើន​ដង​អត់​ចូល ដល់​ម៉ោង​១១​យប់​ដល់​ម៉ោង​សំរាក​ប្រពន្ធ​របស់​គាត់​បាន​មក​ផ្ទះ​ជួល​នៅ​មុខ​រោងចក្រ រូប​គាត់​ក៏​បាន​យក​ទូរស័ព្ទ​របស់​ប្រពន្ធ​មក​ឆែក​មើលឃើញ​មាន​លេខ​ទូរស័ព្ទ​ខ​ល​ចូល​និយាយ​ច្រើន​ម៉ោង គាត់​មានការ​ប្រចណ្ឌ​បាន​សួរ​ថា អ្នក​ណា​ទូរស័ព្ទ​មក​និយាយ​យូរ​ម្ល៉េះ ប្រពន្ធ​ប្រាប់​ថា ម៉ូយ​យក​អង្ករ និង​ទឹក​សណ្តែក បន្ទាប់​មក​ប្រពន្ធ​បាន​យក​ទឹក​សណ្តែក​ទៅ​លក់ គាត់​ឃាត់​មិន​ឲ្យ​យក​ទៅ​លក់ តែ​ប្រពន្ធ​មិន​ព្រម បាន​និយាយ​ថា ថ្លៃ​ទឹកដោះគោ​កូន​មិន​ដែល​ជួយ​ចេញ​ផង​ឲ្យ​គាត់​ឈប់​លក់ បន្ទាប់​មក​បាន​ឈ្លោះប្រកែក​គ្នា និង​បាន​វាយ​ប្រពន្ធ​២-៣​ដៃ ក៏​ត្រូវ​ប្រពន្ធ​យក​ចាន​គ្រឿងក្លែម​វាយ​មួយ​ចាន​វិញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ប្តី​ប្រពន្ធ​នេះ​ទៅ​ប៉ុស្តិ៍​សំរោង​ក្រោម​ដើម្បី​សាកសួរ ធ្វើការ​ណែនាំ និង​អប់រំ ។ ដោយឡែក​ភាគី​ជា​ប្រពន្ធ​ខាងលើ​មិន​បាន​ប្តឹងផ្តល់​ទេ តែ​សុំ​ចែកផ្លូវ​គ្នា ដោយ​បុរស​ជា​ប្តី​យល់​ស្រប​តាម និង​បាន​សន្យា​ថា​ឈប់​មក​ផ្ទះ​របស់​ប្រពន្ធ​ទៀត​ហើយ ៕