កុំស្រវឹងដល់ថ្នាក់នេះ ប្រយ័ត្ន!

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​ចុងភៅ​នៅ​សណ្ឋាគារ​មួយ បាន​ផឹកស្រា​ស្រវឹង​ខ្លាំង​ពេក រហូត​ដល់​វង្វេងវង្វាន់ ដោយ​​គិត​ថា​​​ជា​ផ្ទះ​ខ្លួនឯង បាន​ឡើង​រហូត​​ដល់​លើដំបូល​​ស​ង្ក័​សី បណ្ដាល​ឱ្យ​ផុង​ធ្លាក់​បែក​ក្បាល​របួសធ្ងន់ ដែល​ហេតុការណ៍​​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល កាលពី​វេលា​​ម៉ោង​១២ និង​០៣​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​០៧ តុលា ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លេខ​​៨៣ លើ​ផ្លូវ​១២២ សង្កាត់​ផ្សារ​ដេរ​ប៉ូ​៣ ខណ្ឌទួលគោក ។

ប្រភព​​ឱ្យ​ដឹង​ថា មុន​ពេល​​កើតហេតុ គេ​ឃើញ​បុរស​​ម្នាក់​មិនដឹង​​ថា ដើរ​មកពីណា​​បាន​ឡើង​លើដំបូល​​ស​ង្ក័​សី នៅ​សំយាប​មុខ​ផ្ទះ
គេ​ ហើយ​ដើរ​លើ​នោះ​​បាន​បន្តិច ស្រាប់តែ​បុរស​ម្នាក់​នោះ​​បាន​ដើរ​ផុង​ស​ង្ក័​សី​ធ្លាក់​ចុះ​មក​​ក្រោម​ បណ្ដាល​ឱ្យ​រង​របួស​​បែកក្បាល ។
ភ្លាម​ៗ​​នោះ ម្ចាស់ផ្ទះ​ខាង​លើ​ បាន​រាយការណ៍​ទៅ​កាន់​​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​​អន្តរាគមន៍​ជួយ​​ឃាត់​បុរស​​នោះ ។

ក្រោយមក ក៏​មាន​បុគ្គលិក​នៅ​សណ្ឋាគារ បាន​មក​មើល​បុរស​ម្នាក់​នោះ ក៏​ស្គាល់​ហើយ​ប្រាប់​ថា ជា​ចុងភៅ​នៅ​សណ្ឋាគារ​ឡឺ​ប្រេ​ស៊ី​ដង់ ឈ្មោះ​រ៉ាត់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​កន្លែង​កើតហេតុ ។

ដោយសារ​តែ​បុរស​ខាងលើ​ស្រវឹង​ខ្លាំង​ពេក​រហូត​លែង​ដឹង​អី និយាយ​ស្ដាប់​គ្នា​លែង​បាន ហើយ​សង្ស័យ​តែ​លើក​នេះ ដោយសារ​តែ​គាត់​ផឹកស្រា​ជ្រុល ទើប​បានជា​រហូត​ដល់​ថ្នាក់​វង្វេង​ផ្ទះ​គេ​ថា​ជា​ផ្ទះ​របស់​ខ្លួន​បែប​នេះ ។ ក្រោយ​ពេល​កើតហេតុ បុរស​ត្រូវ​អ្នក​រួមការ​ងារ​ជាមួយ​គាត់ ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក ដែល​នៅ​ជិត​កន្លែង​កើតហេតុ​នេះ ៕