អាណិត​ណាស់ ! ស្រែកថ្ងូរ​ក្នុង​ថ្លុកឈាម​រក​អ្នក​ជួយ

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ឮ​សំឡេង​ផ្ទុះ​កងរំពង​ពេញ​ព្រៃ សមត្ថកិច្ច​ជា​ច្រើន​បាន​សហការ​គ្នា​ចុះ​ល្បាត ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​កំពុង​ស្រែកថ្ងូរ​ក្នុង​ថ្លុកឈាម​រក​អ្នក​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ការពារ​ព្រំដែន​គោក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឌិន សុ​ភក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​កើតហេតុ​ជន​រង​គ្រោះ​បាន​បណ្ដើរ​ឆ្កែ​មួយ​ក្បាល​ចូល​ព្រៃ​បំណង​ទៅ​រក​សត្វ បេះ​ផ្កា​ព្រៃ រក​ផ្សិត បោច​វ​ល្លិ៍ និង​ដំឡូង​ជាដើម ដើម្បី​យក​មក​ទុក​ហូប និង​សល់​ប៉ុន្មាន​លក់​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ដើរ​ចូល​ដល់​ចំណុច​អូរ​សួស្ដី ក្នុងភូមិ​សាស្ត្រ​ភូមិ​ឯកភាព ស្រាប់តែ​ជាន់​លើ​គ្រាប់​មីន​ផ្ទុះ​ដាច់​ជើង​ស្ដាំ​ម្ខាង និង​មុត​អំបែង​លើ​ដងខ្លួន​មួយ​ចំនួន បណ្ដាល​ឲ្យ​សន្លប់​ដេក​ស្ដូកស្ដឹង​ក្នុង​ព្រៃ​តែ​ម្នាក់ឯង ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឮ​ស្នូរ​ផ្ទុះ​កងរំពង​ពេញ​ព្រៃ​ភ្លាម សមត្ថកិច្ច​រួម​មាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​, វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥, វរៈ​សេនា​តូច​លេខ​១៤៥ និង​កម្លាំងប្រដាប់អាវុធ​មួយ​ចំនួន​ទៀត​ដែល​ឈរជើង​នៅ​ទីនោះ​បាន​សហការ​គ្នា​ចុះ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​បន្ទាន់ ។ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្រែកថ្ងូរ​ក្នុង​ថ្លុកឈាម​រក​អ្នក​ឲ្យ​ជួយ ។ ឃើញ​ដូច្នេះ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​មើលឃើញ​ដាច់​ជើង​ស្ដាំ​ម្ខាង ព្រមទាំង​មាន​ស្នាម​របួស​លើ​ដងខ្លួន និង​ដៃជើង​មួយ​ចំនួន​ទៀត ក៏​លើក​ជន​រង​គ្រោះ​ដាក់​លើ​អង្រឹង​នាំ​គ្នា​សែង​មក​កាន់​ទីបញ្ជាការ​វរៈ​បម្រុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ថ្មដា ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​វិញ ព្រោះ​នៅ​ទីនោះ​ជិត​ជាង​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រាប់​មីន​ទាំងនេះ​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​រាយ​ប៉ាយ​នៅ​តាម​គោលដៅ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​កប់​ក្នុង​ដី ហើយ​ដុះ​ស្មៅ​ពីលើ លុះ​ពេល​ដើរ​ជាន់​ក៏​ផ្ទុះ​តែ​ម្ដង ហើយ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ គឺជា​ច្រើន​លើក​មក​ហើយ ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្មដា ឃុំ​អន្លង់​រាប និង​ឃុំ​ប្រមោយ ស្រុក​វាល​វែង ៕