ព្រះមហាក្សត្រ ៖ រដ្ឋសភា​ជា​តំណាង​ប្រជាពលរដ្ឋ​នឹង​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ព្រះរាជ​បន្ទូល​ដោយ​ព្រះ​អង្គ​សង្ឃឹមថា «​រដ្ឋសភា​ដ៍​ឧត្តុង្គឧត្តម ជា​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​បន្ត​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​រួម​ជា​ជំហាន​ៗ ធានា​បាន​នូវ​សង្គម​កម្ពុជា​ប្រកបដោយ​សុខដុមរមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​» ។

នេះ​បើ​យោង​តាម​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​០៧ តុលា ២០១៦ ។

នៅ​ក្នុង​ព្រះរាជ​សារ​ដដែល ព្រះមហាក្សត្រ​បាន​បញ្ជាក់​ទៀត​ថា «​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង សម​ធ៌​ម ត្រូវ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ល​ទ្ឋិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​គោរព​សិ​ទ្ឋិ​មនុស្ស​» ៕