ការ​កម្សាន្ដ​នៅ​ឆ្នេរសមុទ្រ​ថយ​ចុះ​៣០%​ខណៈ​អាកាសធាតុ​មិនសូវ​ល្អ

ខេត្ដ​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថ្លែង​ថា ភ្ញៀវ​ទេសចរ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ជាង​៣០% ខណៈ​អាកាសធាតុ​មិន​អំណោយផល ម្យ៉ាងទៀត​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​ប្តូរ​ទិស​ដៅ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ផ្សេង ។

លោក​ប្រធាន​មន្ទីរ​ថ្លែង​ទៀត​ថា សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​នៅ​ឆ្នេរ​អូរ​ឈើទាល​ពុំ​សូវ​កកកុញ​ដូច​ឆ្នាំ​មុន​ៗ​ទេ ។ បើ​យោង​តាម​តួលេខ​ភ្ញៀវ​ដែល​ចូល​មក​កម្សាន្ដ​នា​ឆ្នាំ​នេះ​សរុប​មាន​ចំនួន​៦០.៦៨០​នាក់ គឺ​ថយ​ចុះ​៣០%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៥៣.៣៩៩​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៧.២៨១​នាក់ ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​មានការ​ថយ​ចុះ​នេះ លោក តាំង សុចិត្ត​គ្រឹះ​ស្នា បញ្ជាក់​ថា ដោយសារ​កត្តា​អាកាសធាតុ​ព្រោះ​ឆ្នាំ​នេះ​មាន​រលក​ធំ​ៗ ខ្យល់​ភ្លៀង​ជាប់​ៗ​គ្នា ដែល​ជា​ហេតុ​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បង្វែរ​ទិស​ដៅ​ទៅ​កម្សាន្ដ​នៅ​ឆ្នេរ​ព្រែក​ត្រែង និង​ឆ្នេរ​អូរ​ត្រេះ និង​មួយ​ចំនួន​ធំ​ទៀត​ទៅ​កម្សាន្ដ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​រូង និង​រមណីយដ្ឋាន​ទឹកធ្លាក់ ក្បាលឆាយ និង​តាម​បណ្តា​ខេត្ត​ផ្សេង​វិញ ។ ដោយឡែក តម្លៃ​ម្ហូបអាហារ​និង​ផ្ទះសំណាក់​ពុំ​បាន​ហក់​ឡើង​ខ្ពស់​ដូច​ឆ្នាំ​មុន​ទេ ទាំង​ម្ហូបអាហារ​និង​ផ្ទះសំណាក់ ភ្ញៀវ​ដែល​មក​កម្សាន្ដ​និយាយ​ថា អាច​ទទួលយក​បាន ។

ដោយ​ឡែ​ក ជុំវិញ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នា​ឆ្នាំ​នេះ បើ​យោង​តាម​ប្រភព​ក្រៅផ្លូវការ​ពី​ប្រជាពលរដ្ឋ​និង​អាជីវករ​អះអាង​ថា គឺ​មក​ពី​ឆ្នាំ​នេះ​មាន​ករណី​លង់ទឹក​ច្រើន ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់​ជិត​១០​នាក់ ទើប​ភ្ញៀវ​ទេសចរ​មានការ​ភ័យ​ខ្លាច​ពុំ​ហ៊ាន​មក​កម្សាន្ដ គួប​ផ្សំ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទៀត នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ភ្លៀង​ស្ទើរ​រៀងរាល់ថ្ងៃ ។

លោក​វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ថ្លែង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦​នេះ​នៅ​ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹម​រយៈពេល​១៥​ថ្ងៃ​មាន​ចំនួន​១០​លើក​លើ​០៩​លើក បណ្តាល​ឱ្យ​ស្លាប់​០២​នាក់​លើ​០៦​នាក់ ថយ​ចុះ​០៤​នាក់ ក្នុង​នោះ​ស្រី​ចំនួន​០១​នាក់ រង​របួសធ្ងន់​០៨​នាក់​និង​ស្រាល​០២ ខួច​ខាត​រថយន្ត​០២​គ្រឿង ម៉ូតូ​១២​គ្រឿង ។ ចំពោះ​ករណី​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង បើកបរ​ជែង ហួស​ល្បឿន​កំណត់ និង បត់​មិន​គោរព​ច្បាប់​ចរាចរណ៍ ។

សូម​បញ្ចា​ក់ថា បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​សណ្ឋាគារ​សរុប​ចំនួន​៦៣ ស្មើនឹង​ចំនួន​៣.០៦៥​បន្ទប់ និង​ផ្ទះសំណាក់​ចំនួន​២៥០ ស្មើនឹង​៣.៤៤៩​បន្ទប់ ៕