យ៉ុ​ង ចាន់​កណ្ណិកា មាន​ផ្ទៃពោះ​កូន​ដំបូង ក្រុម​គ្រួសារ​បារម្ភ​ព្រោះ​នាង​នៅ​បន្ត​សម្តែង

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​យ៉ុ​ង ចាន់​កណ្ណិកា ធ្វើ​ឲ្យ​សាច់ញាតិ​រំភើប​ត្រេកអរ​ពេល​ដឹង​ថា​នាង​ពពោះ​កូន​ដំបូង ។

អ្នក​នាង​យ៉ុ​ង ចាន់​កណ្ណិកា និង​លោក​ចាន់ ចំណាន ជា​ស្វាមី​មានកូន​ដំបូង​ក្រោយ​ពី​រៀប​ការ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ខណៈ​ពពោះ​កូន​ដំបូង​នេះ​មានការ​លើក​ឡើង​ថា ក្រុម​គ្រួសារ​ព្រួយបារម្ភ​លើ​ផ្នែក​សុខភាព​ទាំង​កូន ទាំង​ម្តាយ ព្រោះតែ​យ៉ុ​ង ចាន់​កណ្ណិកា នៅ​មិន​ទាន់​ចង់​ផ្អាក​ការងារ​សិល្បៈ​ងាក​មក​ថែទាំ​គភ៌ ។ ទោះជា​យ៉ាងណា​ក្តី កណ្ណិកា បាន​ទទូច​ឲ្យ​សាច់ញាតិ ពិសេស​ស្វាមី យោគយល់​ដល់​នាង​ដែល​នៅ​បន្ត​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី ។ នាង​នៅ​តែ​សម្តែង​រហូត​ទាល់តែ​មិន​អាច​ឡើង​ឆាក​បាន ព្រោះ​ចង់​បង្ហាញមុខ​ជូន​ទស្សនិកជន និង​ចង់រក​ប្រាក់​សន្សំទុក​ប្រើ​ការ​នា​ពេល​ប្រសូត​បុត្រ ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​យក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៤ តុលា ឆ្នាំ​២០១៦ លោក​ចាន់ ចំណាន ជា​ស្វាមី​តារាចម្រៀង​យ៉ុ​ង ចាន់​កណ្ណិកា សម្តែង​ក្តី​ត្រេកអរ​ចំពោះ​ភរិយា​ដែល​មាន​ផ្ទៃពោះ​។ កូន​ដំបូង​នេះ​ភរិយា​របស់​លោក​ចាញ់​ខ្លាំង ដូច្នេះ​អត់​អាច​ចេញ​ទៅ​ណា​បាន​ទេ សូ​ម្បី​កម្មវិធី​អ្នកសិល្បៈ​មាន​ខួបកំណើត ឬ​កម្មវិធី​អ្វី​ផ្សេង​ត្រូវ​ជំនួស​ដោយ​លោក​ជា​ស្វាមី ។ ភរិយា​របស់​លោក​បាន​ផ្អាក​សម្តែង​រយៈពេល​ខ្លី​នៅ​ពេល​នាង​ចាញ់កូន​ពេក ។ ពេល​នេះ​កូន​ក្នុង​ផ្ទៃ​បាន​៣​ខែ​ហើយ តែ​មើល​មិន​ទាន់​ដឹង​ថា​ប្រុស ឬ​ស្រី​ទេ​។ កណ្ណិកា នឹង​បន្តការងារ​សិល្បៈ​ជា​ធម្មតា​ចាប់ពី​ពេល​មាន​ផ្ទៃពោះ​បី​ខែ រហូត​ដល់​ពេល​កូន​ក្នុង​ផ្ទៃ​មាន​អាយុ​៥​ទៅ​៦​ខែ ទើប​លោក​សម្រេចចិត្ត​ឲ្យ​ផ្អាក ។

បុរស​ជា​ស្វាមី​និយាយ​ថា «​តាម​ពិត​ចិត្ត​ខ្ញុំ​ជា​ស្វាមី​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ទៅ​ភរិយា​ដែរ​ចង់​ឲ្យ​គាត់​ផ្អាក​សិល្បៈ​ចាប់ពី​ពេល​នេះ​តទៅ តែ​គាត់​សំណូមពរ​ថា​ចង់​បន្ត​ឲ្យ​បាន​ច្រើន​ខែ​រហូត​ដល់​៥​ទៅ​៦​ខែ​ទើប​ផ្អាក ព្រោះ​តាម​ផែនការ​សម្រាលកូន​ហើយ​ខ្ញុំ​ឲ្យ​ភរិយា​ផ្អាក​សិល្បៈ​បួន​ទៅ​ប្រាំ​ខែ​សិន​ទើប​ចូល​វិញ ។ ដោយ​គម្លាត​ឆ្ងាយ​នេះ​ហើយ​ទើប​កណ្ណិកា​គាត់​ចង់​បំពេញការងារ​ទាំង​មាន​ផ្ទៃពោះ​នេះ​ឲ្យ​អស់ចិត្ត​សិន ណាមួយ​ខ្ញុំ​យល់​អារម្មណ៍​របស់​គាត់​គឺ​ស្រឡាញ់​សិល្បៈ​ខំ​តាំងពី​ក្មេង​មក​ម្ល៉េះ ទើប​ស្រប​តាម​បំណង​មួយ​នេះ ។

ទាក់ទិន​នឹង​ការយ​កកូន​បន្ទាប់​អាច​ថា ទាល់តែ​រំលង​មួយ​ឆ្នាំ​ទើប​យក​មួយទៀត ហើយ​រឿង​កូន​ទី​១​នេះ​ដូច​ជា​មិន​សុបិន​ឃើញ​អ្វី​ប្លែក​ទេ​គ្រាន់តែ​ប្រ​ព​ន្ឋ​របស់ខ្ញុំ​ធ្វើ​អ្វី​ចេះ​តែ​ជោគ​ជ័យ​​ជា​បន្តបន្ទាប់​» ។

អ្នក​នាង​យ៉ុ​ង ចាន់​កណ្ណិកា ជា​ម្ចាស់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដោយ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​អ្នក​នាង​ងួ​ន ស្រី​ស ។ ចាប់តាំងពី​កុមារភាព​រហូត​មក​ទល់​ពេល​នេះ​យ៉ុ​ង ចាន់​កណ្ណិកា បាន​តស៊ូ​ជាមួយ​អាជីព​សិល្បៈ​រហូត​ល្បីឈ្មោះ ។ កណ្ណិកា ធ្លាប់​ហាត់រៀន​ផ្នែក​ចម្រៀង​នៅ​សាលា​វិចិត្រសិល្បៈ ដែល​ជា​ស្ពាន​មួយ​ជួយ​ឲ្យ​កាន់តែ​យល់​ច្បាស់​ពី​របៀប​ប្រើ​សំឡេង ដូច្នេះ​នាង​អាច​ច្រៀង​បាន​ល្អ ។

បងស្រី​របស់​យ៉ុ​ង ចាន់​កន្និកា ជា​អ្នកចម្រៀង​ដែរ គឺ​អ្នក​នាង​យ៉ុ​ង ចាន់​សុធា​វី ៕