នាវា​ចម្បាំង​អាមេរិក​ពីរ​គ្រឿង​ ចូល​ចត ​កំពង់​ផែ​វៀតណាម

ក្រុងហាណូយៈ កងទ័ពជើងទឹកអាមេរិក បាននិយាយពីថ្ងៃពុធថា នាវាចម្បាំងអាមេរិកពីរ គ្រឿងបានទស្សនកិច្ចឆកសមុទ្រ កាមរ៉ាញ់ ជាការចូលចតកំពង់ផែ នៅឯមូលដ្ឋានកងទ័ពជើងទឹកវៀតណាមដំបូង ចាប់តាំងពីប្រទេសទាំងពីរ បានធ្វើប្រក្រតីកម្មនៃទំនាក់ទំនងរបស់ពួកគេឡើងវិញ បន្ទាប់ពី ២១ ឆ្នាំ។

នាវាមុជទឹកដឹកជញ្ជូនសម្ភារ USS Frank Cable និងនាវាពិឃាតបំពាក់មីស៊ីល USS John S. McCain បានមកដល់មូលដ្ឋានយោធាជើងទឹកដែលមានទឹកជ្រៅក្នុងខេត្ត Khanh Hoa នោះតាំងពីថ្ងៃអាទិត្យ ជាសញ្ញានៃទំនាក់ទំនងយោធាកក់ក្តៅមួយ រវាងប្រទេសទាំងពីរ ចំពេលមាន មានភាពតានតឹងពុះងំនៅសមុទ្រចិនខាងត្បូង។

Loading...

នាវាទាំងពីរ បានចាកចេញពី កំពង់ផែពីព្រឹកថ្ងៃអង្គារ។ កងទ័ពជើងទឹកអាមេរិក បាននិយាយថា មុនពេលឈប់នៅឆកកាមរ៉ាញ់ នាវា USS John McCain បាន ចូលចតក្នុងក្រុងដាណាំង។

ក្នុងសេចក្តីថ្លែងការណ៍មួយ ព្រឹទ្ធសមាជិក Joghn McCain បាននិយាយថា៖ «ដំណើរទស្សនកិច្ចទៅចំណតអន្តរជាតិកាមរ៉ាញ់ និងកំពង់ផែកងទ័ពជើងទឹកដាណាំងរបស់នាវាទាំងនោះ ក៏ដូចជាសមយុទ្ធដែនសមុទ្រជាច្រើនជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាម គឺជាភ័ស្តុតាងច្រើនថែមទៀតនៃទំនាក់ទំនងយុទ្ធសាស្រ្ដកំពុងកើនឡើងរវាងអាមេរិក និងវៀតណាម»។

លោក McCain បានបន្តថា៖ «ខ្ញុំមានទំនុកចិត្តថា ជាតិយើងទាំងពីរ នឹងបន្តធ្វើការរួមគ្នាដើម្បីពង្រឹងពាណិជ្ជកម្មដែនទឹកបើកចំហ និងរក្សាតុល្យភាពអំណាចដែលគាំទ្រសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ដែលទ្រទ្រង់សន្តិសុខ និង វិបុលភាពរួមរបស់យើង»។

ឆកសមុទ្រកាមរ៉ាញ់មានចម្ងាយ ប្រមាណជា ៣២២គ.ម.ពីប្រជុំកោះប៉ារ៉ាសែល និងស្រ្ប៉ាត់លី ជាទីដែលចិនបានសង់កោះសិប្បនិម្មិតជាច្រើន។ ឆកនោះ ធ្លាប់ត្រូវបានកងទ័ពជើងទឹក បារាំង អាមេរិក ជប៉ុន និងរុស្ស៊ី ប្រើជាច្រើនឆ្នាំកន្លងមក។

ថ្មីៗនេះ វៀតណាម បានផ្តល់មូលដ្ឋានយោធានេះឲ្យបណ្តានាវា បរទេសដែលបំពេញទស្សនកិច្ច ចូលចត ក្នុងកិច្ចប្រឹងប្រែងដើម្បីរក្សាវត្តមានអន្តរជាតិដ៏រឹងមាំនៅសមុទ្រចិនខាងត្បូង ចំពេលមាន ជម្លោះដែនសមុទ្រជាមួយចិន។

អាមេរិក និងសម្ព័ន្ធមិត្តតំបន់ប៉ាស៊ីហ្វិករបស់ខ្លួន បានជំទាស់ នឹងគ្រោងការរានដីទាំងនេះ ដោយ បារម្ភថា ទីនោះកំពុងត្រូវប្រើដើម្បី បង្កើតជាតំបន់ការពារអាកាសមួយ។ ចិន អះអាងថា ខ្លួនមាន សិទ្ធិគ្រប់យ៉ាងដើម្បីសាងសង់ក្នុង ដែនដីខ្លួនផ្ទាល់ ហើយកោះទាំង នោះ នឹងត្រូវប្រើជាសំខាន់ ដើម្បី បំណងស៊ីវិល៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍