ខ្លោងទ្វារ​ទី​៣ ផ្លូវ​ចូល​ខាងកើត​នៃ ប្រាសាទបន្ទាយស្រី កំពុង​ជួសជុល​ឡើង​វិញ ដោយ​ក្រុម​ជំនាញ​នៃ អាជ្ញាធរ​ជាតិ​អប្សរា

ខ្លោងទ្វារ​ទី​៣ ផ្លូវ​ចូល​ខាងកើត​នៃ ប្រាសាទបន្ទាយស្រី កំពុង​ជួសជុល​ឡើង​វិញ ដោយ​ក្រុម​ជំនាញ​នៃ អាជ្ញាធរ​ជាតិ​អប្សរា



សៀមរាប​: អ្នកជំនាញ​បុរាណវិទ្យា​ពីរ​រូប រួម​នឹង​កម្លាំង​ពលករ ជាង​២០​នាក់ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ដំណើរការ ជួសជុល​ខ្លោងទ្វារ​ទី​៣ ផ្លូវ​ចូល​ខាងកើត នៃ​ប្រាសាទបន្ទាយស្រី​។ ដំណើរការ​ជួសជុល​នេះ ក្នុង​គោលបំណង​ធំ​ៗ ចំនួន​ពីរ គឺ​៖ កាត់​បន្ថយ​ការ​ខូចខាត ផ្ទាំង​សិលាចារឹក ទាំង​សងខាង ស្ថិត​នៅ​លើ​ស៊ុមទ្វារ នៃ​ច្រកចូល កណ្តាល​ខាងកើត ពី​សំណាក់​ភ្ញៀវ ចូល​ទស្សនា​ប្រាសាទ ប្រចាំ​ថ្ងៃ និង​សង្គ្រោះ​រចនាសម្ព័ន្ធ​ប្រាសាទ ដែល​កំពុង​រង​ការ​ហានិភ័យ​។ 

បន្ទាប់​ពី​ទទួល​អនុសាសន៍​ណែនាំ ពី​ក្រុម​អ្នកជំនាញ អា​ដ​ហុ​ក របស់ អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ពេល​ទស្សនកិច្ច របស់​អ្នកជំនាញ នៅ​ប្រាសាទបន្ទាយស្រី និង​សេចក្តីណែនាំ ជា​លាយ​ល័​ក្ខ​អក្សរ កាលពី​ថ្ងៃ​ទី​៤-៥ ខែមិថុនា ឆ្នាំ​២០១៥ កន្លង​មក  នាយកដ្ឋាន បាន​ផ្តើម​កិច្ចការ​បន្ទាន់ ដែល​ទាក់ទង​នឹង អនុសាសន៍​ខាងលើ គឺ​គម្រោង​ទី​១ ជួសជុល​ច្រកចូល ខាងជើង​នៃ​ខ្លោងទ្វារ ខាងកើត ក្នុង​កំពែង​ទី​៣ មុន​នឹង​បិទ​ច្រកចូល​កណ្តាល ដើម្បី​ការពារ​សិលាចារឹក សងខាង​មេ​ទ្វារ​។ ឯ​គម្រោង​ទី​២ គឺ​លើក​ថ្ម​ដែល​ធ្លាក់​រាយ​ប៉ាយ នៅ​កំពែង​ថ្មបាយក្រៀម ជ្រុង​និរតី ប្រមាណ​៧​ម៉ែត្រ​។

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុវត្ត​គម្រោង​ជួសជុល​នេះ ក្រោម​ថវិកា​ចំណាយ​ទាំងស្រុង ពី​អាជ្ញាធរ​ជាតិ​អប្សរា សម្រាប់​ការ​ជួសជុល ចំនួន​ពីរ​កន្លែង ត្រង់​រចនាសម្ព័ន្ធ​ប្រាសាទ ដែល​ខូចខាត ដោយ​ប្រើ​រយ​:​ពេល នៃ​ការ​ជួសជុល ចំនួន ៥ ខែ ហើយ​គ្រោង នឹង​បញ្ចប់ នៅ​ចុងឆ្នាំ ២០១៦​ខាង​មុខ​។

លោក សា​រ៉ា​យ គឹ​ម​ហួល ជា​បុរាណ​វិទូ បាន​និង​កំពុង​ដឹកនាំ ដំណើរ​នៃ​ការ​ជួសជុល ដោយ​ផ្អែក​លើ​បច្ចេកទេស និង​បទ​ពិសោធន៍ លើ​ការងា​ជួសជុល ប្រាសាទ​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ លោក​បាន​បញ្ជាក់​ថា មូលហេតុ នៃ​ការ​ទ្រុឌទ្រោម រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ និង​ភាគ​ខ្លះ​នៃ​កំពែង​ប្រាសាទ គឺ​បណ្តាល​មក​ពី កត្តា​ធម្មជាតិ គួប​ផ្សំ​នឹង​អាយុកាល ដ៏​យូរលង់​នៃ​សំណង់​នេះ ពោល​គឺ​មួយ​ភាគ នៃ​សំណង់ រង​ការ​បំផ្លាញ ដោយ​ការ​រលំ​បាក់​នៃ​ដើមឈើ ពិសេស​គឺ​ប្ញ​ស​នៃ​ដើមឈើ​ធំ​ៗ បាន​ចាក់​បំ​ប៉ើង​គ្រឹះ បណ្តាល​ឲ្យ​មានការ​ស្រុត ទ្រេត និង​ប្រេះ​ចេញពី​ទម្រង់​ដើម​។

គម្រោង​ជួសជុល ពង្រឹង​រចនាសម្ព័ន្ធ​ខ្លោងទ្វារ និង​កំពែង​ថ្មបាយក្រៀម គឺ​អនុវត្ត​ដោយ​ផ្នែក​ៗ ត្រង់​ចំណុច ដែល​មានការ​ខូចខាត រង​ហានិភ័យ​ខ្ពស់ ដែល​នឹង​ប៉ះពាល់ ដល់​សុវត្ថិភាព​ជុំវិញ​។ រាល់​បច្ចេកទេស នៃ​គ្រប់​ដំណាក់កាល​នី​មូ​យ​ៗ ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ និង​ប្រុង​ប្រយ័ត្ន ដល់​ការ​បែកបាក់ ដុំ​ថ្ម​ប្រាសាទ កំឡុង​ពេល​មានការ​រុះរើ​ថ្ម និង​ពេល​រំកិល​ថ្ម​ចេញ ពី​ស្រទាប់​ដើម ហើយ​បន្ទាប់​ពី​រុះរើ​ថ្ម អ​សុវត្ថិភាព​មួយ​ផ្នែក​តូច នៃ​ជញ្ជាំង នឹង​គ្រោង​ពង្រឹង​គ្រឹះ ដែល​រង​ការ​ស្រុត ឲ្យ​មាន​ភាពរឹងមាំ​ឡើង​វិញ​។ ចំណែក​ថ្ម​ដែល​បាន​រុះរើ កន្លង​មក គឺ​តម្រូវការ​ចាំបាច់ ក្នុង​ការ​ជួសជុល នឹង​រៀប​បញ្ចូល​នៅ​ទីតាំង​ដើម ស្រប​តាម​កម្រិត​កម្ពស់ ដែល​បុរាណ​បាន​កំណត់​។

ដូច្នេះ​រាល់​បច្ចេកទេស នៃ​ការ​ជួសជុល ទាំង​អម្បាល​មា​ណ គឺ​អ្នកជំនាញ បាន​តោង​គោរព​ខ្ជាប់ខ្ជួន នូវ​ការ​រក្សា​ទម្រង់​ដើម របស់​សំណង់ ដោយ​គិត​អំពី​ការ​ប្រើប្រាស់ បច្ចេកទេស​បុរាណ​ឡើង​វិញ រួម​ទាំង​សម្ភារ​: និង​ប្រវត្តិ​នៃ​សំណង់​ជាដើម​។ ហេតុនេះ​ហើយ គ្រប់​ដំណើរ​នៃ ការ​ចល័ត និង​រុះរើ​ថ្ម គឺ​ធ្វើ​ឡើង​ដោយ ប្រុង​ប្រយ័ត្ន​នូវ​រាល់​ការ​បែកបាក់​ថ្ម ដោយ​ប្រការ​ណាមួយ ព្រមទាំង​ពិនិត្យ​ល្អិតល្អន់ លើ​ស្លាកស្នាម​បុរាណវិទ្យា​ទាំងឡាយ ដែល​ស្ថាបត្យករ​ជំនាន់​ដើម បាន​កំណត់ និង​សាងសង់ ដើម្បី​ជា​អំ​ណា​ង ក្នុង​ការ​បន្ត​ជួសជុល តាម​ទម្រង់​ដើម​។

អ្នកជំនាញ​បុរាណវិទ្យា​រូប​នេះ បាន​រៀបរាប់​ថា តាម​ពិត​ទៅ រចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត នៃ​ប្រាសាទ​ដ៏​ចំណាស់ ដែល​មាន​អាយុកាល តាំងពី​សតវត្ស​ទី​១០ មកនេះ មានការ​ទ្រុឌទ្រោម​ច្រើន តែ​ការ​ជួសជុល គឺ​ធ្វើ​ឡើង​ទៅ​លើ​ចំណុច ដែល​មាន​ហានិភ័យ​ខ្ពស់ ជា​អាទិភាព​។ 

ប្រាសាទបន្ទាយស្រី មានឈ្មោះ​ដើម​ថា ឦ​ស្វរ​បុ​រៈ សាងសង់​ឡើង ក្នុង​ឆ្នាំ​៩៦៧ នៃ​គ​ស ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៥​។ ប្រាសាទ​នេះ ត្រូវ​បាន​រក​ឃើញ និង​ធ្វើការ​អភិរក្ស​ឡើង​វិញ ដោយ​បារាំង តាំងពី​ឆ្នាំ​១៩១៦​។ ចាប់ពី​ឆ្នាំ​១៩២៤ មក សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​ធ្វើការ​ត្រួស​ត្រាយព្រៃ និង​ចាប់ផ្តើម​ធ្វើការ​សិក្សា ស្រាវជ្រាវ​ជា​បន្តបន្ទាប់​។ នៅ​ឆ្នាំ​១៩៣១-១៩៣៦ ការ​ជួសជុល​ទ្រង់ទ្រាយ​ធំ តាម​បច្ចេកទេស អាណា​ស្ទី​ឡូ ក៏​បាន​ចាប់ផ្តើម​ឡើង ដែល​ដឹកនាំ​ដោយ​លោក Henry Marchal ដោយ​យក​លំនាំ តាម​ការ​ជួសជុល ប្រាសាទ​ខាងត្បូង​នៃ Prambanan នៅ​ផ្នែក​កណ្តាល​កោះ​ជ្វា នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ ការ​ជួសជុល​ពេល​នោះ គឺ​ធ្វើ​ឡើង​ទៅ​លើ​ប្រាសាទ​កណ្តាល និង​រចនាសម្ព័ន្ធ​ខ្លះ​ៗ តែ​នៅ​មាន​រចនាសម្ព័ន្ធ ជា​ច្រើន​ទៀត ដែល​មិន​ទាន់​បាន​ជួសជុល ហើយ​ទាមទារ​ការ​អភិរក្ស ជួសជុល​ជា​បន្ត​ទៀត​៕