ហួសចិត្ត ! សង​គេ​អស់ហើយ សមត្ថកិច្ច​នៅ​តែ​យក​រថយន្ត​ទៅ​ខណ្ឌ​ទៀត

រាជធានី​ភ្នំពេញ ៖ ពិតជា​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ ខណៈ​រថយន្ត​ឡិច​ស៊ី​ស RX 300 មួយ​គ្រឿង​បាន​បុក​រះ​ម៉ូតូ​៤​គ្រឿង​បណ្ដាល​ឲ្យ​ដួល​រដូករណែល ​​ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​​ក៏​បាន​សម្រួល​ត្រូវរ៉ូវ​គ្នា​ដោយ​សងការ​ខូចខាត​ទៅ​ខាង​ម៉ូតូ​​រួច​អស់ហើយដែរ តែ​សមត្ថកិច្ច​នៅ​តែ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ទៀត ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងលិច​ស្តុ​ប​ពេទ្យ​ចិន តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​៤​គ្រឿង ធ្វើ​ដំណើ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-1381 បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​ទាំង​៤​គ្រឿង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​គរ​លើ​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ តែ​ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល ត្រូវរ៉ូវ​គ្នា​អស់​ទៅ​ហើយ ដោយ​ភាគី​ខាង​រថយន្ត​ចេញថ្លៃ​ខូចខាត​ឲ្យ​ខាង​ម្ចាស់​ម៉ូតូ ហើយ​គា​គី​ខាង​ម៉ូតូ​ក៏​ចេញ​ទៅ​អស់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ភាគី​ខាង​ម៉ូតូ​ទទួល​សំណង និង​ចេញ​ទៅ​អស់ហើយ សមត្ថកិច្ច​នៅ​តែ​មិន​ព្រម​ឲ្យ​រថយន្ត​បង្ក​ទៅ​ទៀត ដោយ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា រង់ចាំ​ដោះស្រាយ​បន្ត​ទៀត ៕