FBI ចាប់ខ្លួន​បុគ្គលិក​ជាប់​កុងត្រា​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ពីបទ​លួច​លេខ​កូដ​សម្ងាត់​ និពន្ធដោយ : VOA       October-07-2016, 9:19 am         486

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132FBI ចាប់ខ្លួន​បុគ្គលិក​ជាប់​កុងត្រា​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ពីបទ​លួច​លេខ​កូដ​សម្ងាត់​​បុគ្គលិក​ជាប់​កុងត្រា​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​មួយរូប​ត្រូវបាន​ចាប់ខ្លួន​ហើយ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពីបទ​លួច​យក​ព័ត៌មាន​សម្ងាត់ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងយុត្តិធម៌​។​

​ជនសង្ស័យ​អាយុ ៥១​ឆ្នាំ ឈ្មោះថា Harold Thomas Martin III រស់នៅ​ទីក្រុង Glen Burnie រដ្ឋ Maryland ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុងខែ​សីហា ហើយ​គាត់​គឺជា​បុគ្គល​ដែលមាន​សិទ្ធិ​ក្នុង​ការទទួល​ព័ត៌មាន​សម្ងាត់​ជាន់ខ្ពស់​របស់​ជាតិ​ផងដែរ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​នោះ​។​

​សេចក្តីថ្លែងការណ៍​នោះ​មិនបាន​បញ្ជាក់​អំពី​សារជាតិ ឬ​បរិ​មាណនៃ​ព័ត៌មាន​ដែល​ត្រូវ​លួច​នោះទេ ប៉ុន្តែ​បានលើកឡើង​ពី​ឯកសារ​ចំនួន​៦ ដែល​ទាញយក​ពី​ប្រភពព័ត៌មាន​សម្ងាត់ ហើយ​ដែល​ចងក្រង​ឡើង​ដោយ​ទីភ្នាក់ងារ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៤​។​

​បន្ទាប់ពី​ធ្វើ​ការត្រួត​ពិនិត្យឡើងវិញ ក្រុម​ស៊ើបអង្កេត​បាន​រកឃើញថា ឯកសារ​ទាំងនោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឯកសារ​សម្ងាត់​កំពូល ដែល​នេះ​មានន័យថា ការ​លាតត្រដាង​ឯកសារ​សម្ងាត់​ទាំងនោះ​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក​។​

​កាសែត The New York Times បាន​រាយការណ៍​មក​ថា បុគ្គលិក​ជាប់​កុងត្រា​រូបនេះ​ត្រូវបាន​គេ​សង្ស័យថា​បាន​លួច​យក​លេខ​កូដ​សម្ងាត់​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ ដើម្បី​វាយលុក​ចូលក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​បរទេស​មានដូចជា រុស្ស៊ី ចិន អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​ជាដើម​៕