មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់ ខេត្តរតនគិរី រង​ការ​រិះគន់ថា​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស

លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ត្រូវបាន​ប្រជាពលរដ្ឋ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​លោក ហុង សុវណ្ណ​រាន និង​បក្ខពួក​ត្រូវបាន​គេ​ដឹងថា​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈើ​ជាច្រើន​នាក់​ដូចជា ឈ្មោះ​ចែ​អ៊ី ឈ្មោះ​ប៉ែត ឈ្មោះ​ស្រី​ល័​ក្ខ ឈ្មោះ​ស្រី​ណែ​ត ឈ្មោះ​ទូច ឈ្មោះ​កាំ​ង និង​ឈ្មោះ​វ៉ែន ជាដើម​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​លំផាត់​តាម​អំពើ​ចិត្ត​។ ចំណែក​លោក កែប កត់ ប្រហែល​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​លោក ហុង សុវណ្ណ​រាន ទើប​បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង​៩​យប់ ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​លំផាត់ បាន​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​របស់​ឈ្មួញ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច​គល់ស្ពាន​ស្រុក​លំផាត់ ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ប្រណីត​នោះ​ម៉ាក​តូយ៉ូតា ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-6975 ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មានមុខ​កាត់​ធំៗ​ចំនួន​១២​ដុំ​។ ទន្ទឹមនឹងនេះ​នគរបាល​ស្រុក​លំផាត់ បាន​ឃាត់ខ្លួន​ក្រុម​ឈ្មួញ​ដុះ​ស្លែ​៣​នាក់​ប្រចាំ​ខេត្តរតនគិរី គឺ​ឈ្មោះ សាត ធារ៉ា ឈ្មោះ លី ង៉ុ​ក និង​ឈ្មោះ អែម តុ ដែល​សុទ្ធតែជា​ឈ្មួញ​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ​។

ក្រោយពេល​បង្ក្រាប​រួច​កម្លាំង​នគរបាល​ស្រុក​លំផាត់ បានប្រគល់​ទាំង​ជនល្មើស ទាំង​វត្ថុតាង ទៅ​ឲ្យ​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ គឺជា​អ្នកចាត់ការ​តាម​នីតិវិធី​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ទាំង​៣​នាក់​ខាងលើ​សុទ្ធតែជា​ប្រភព​ចំណូល​របស់លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ដូច្នេះ​លោក ហុង សុវណ្ណ​រាន ប្រាកដជា​រក​វិធី​ដោះលែង​ពួកគេ​ជាមិនខាន​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​កន្លងមក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​លំផាត់ មិនដែល​បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ ហើយ​មានតែ​សមត្ថកិច្ច​នគរបាល​និង​កម្លាំង​អាវុធហត្ថ​ជា​អ្នកធ្វើការងារ​ជំនួស​។ ចំណែក​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ និង​បក្ខពួក​គិតតែ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហេតុនេះហើយ​ទើប​បទល្មើស​នៅតែ​បន្ត​កើតឡើង​គ្មាន​ទីបញ្ចប់​៕

whatsapp-image-2016-10-05-at-2-23-19-pm-300x169 whatsapp-image-2016-10-05-at-2-24-40-pm-300x169 10_05_2016_03_20_36whatsapp-image-2016-10-05-at-2-23-300x191