ករណី​ប្រធាន​មន្ទីរ​រតនាគារ​ខេត្ត​ប៉ៃលិន យក​បង្គោលរបង​បិទផ្លូវ​សាធារណៈ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

ករណី​លោក សុខ គុន​ថា​ល់ ប្រធាន​មន្ទីរ​រតនាគារ​ខេត្ត​ប៉ៃលិន យក​បង្គោលរបង​ទៅ​បិទផ្លូវ​សាធារណៈ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​និង​អំពាវនាវ​ឲ្យ​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ អ្នកភូមិ​អូ​រអិល​ជាច្រើន​គ្រួសារ​បាន​ឲ្យ​ដឹងថា នៅពេល​ឃើញ​អាជ្ញាធរខេត្ត​រៀបចំ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ​ប្រវែង​ជាង​១០០០​ម៉ែត្រ​សម្រាប់​ពួកគាត់​ប្រើប្រាស់​នៅ​ទល់មុខ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​០១៦​ក្នុងភូមិ​អូរ​រអិល ជាប់​នឹង​ភូមិ​ផ្សារ​ព្រំ ធ្វើ​ឲ្យ​ពួកគាត់​មាន​សេចក្ដី​រីករាយ​ព្រោះ​មាន​ផ្លូវ​ងាយស្រួល​ធ្វើដំណើរ​។ ក៏ប៉ុន្តែ​ពួកគាត់​ត្រូវ​ខកចិត្ត​ទៅវិញ​ដោយសារ​ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន លោក សុខ គុន​ថា​ល់ យក​បង្គោលរបង​ជាច្រើន​ទៅ​បោះ​ចំ​កំ​ណ្ដា​ល​ផ្លូវ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ផ្លូវ​តទៅទៀត​។

តាម​ការអះអាង​របស់​អ្នកភូមិ​អូរ​រអិល ជាប់​ភូមិ​ផ្សារ​ព្រំ បាន​ឲ្យ​ដឹងថា​មុនពេល​ឈូសឆាយ​ធ្វើ​ផ្លូវ​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក​និង​ខេត្ត បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កាប់​ដី​ទទឹង​២​ម៉ែត្រ​នៅ​សងខាង​ផ្លូវ ដើម្បី​ធ្វើ​ផ្លូវ​១​ខ្សែ​ងាយស្រួល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​។ នៅពេលដែល​អាជ្ញាធរ​កំពុង​យក​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ​ស្រាប់តែ​លោក សុខ គុន​ថា​ល់ យក​បង្គោលរបង​ទៅ​បោះ​បិទផ្លូវ​តែម្តង​ដោយ​លើកឡើងថា​ជា​ដី​របស់ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។ អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​បំផុត​នោះ​គឺ​លោក សុខ គុន​ថា​ល់ ប្រធាន​មន្ទីរ​រតនាគារ​ខេត្ត​ប៉ៃលិន បាន​និយាយ​ក្អេងក្អាង​ថា​ខ្លួន​មិនបាន​បិទ​ផ្លូវលំ​នោះទេ គឺ​បិទ​តែ​នៅ​លើដី​របស់ខ្លួន​ប៉ុណ្ណោះ​។

ទាក់ទង​បញ្ហា​ខាងលើនេះ​លោក យ៉ាន អ៊ិត នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​សាលាខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ផ្លូវលំ​១​ខ្សែ​ប្រវែង​១៤០០​ម៉ែត្រ​ត្រូវបាន​អាជ្ញាធរខេត្ត​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ស្ទើរតែ​រួចរាល់​ទៅហើយ​នៅសល់តែ​១៥០​ម៉ែត្រ​ទៀត​ដែល​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ស្រាប់តែ​លោក សុខ គុន​ថា​ល់ ប្រធាន​រតនាគារ​ខេត្ត យក​បង្គោលរបង​មក​បិទ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​សាលា​ក្រៅ រង់ចាំ​មើលថា​តើ​អាជ្ញាធរខេត្ត​ប៉ៃលិន ដោះស្រាយ​យ៉ាងម៉េច​ចំពោះ​ទង្វើ​ដ៏​គឃ្លើន​របស់លោក សុខ គុន​ថា​ល់ ដែល​យក​របង​បិទផ្លូវ​មិន​ឲ្យ​អាជ្ញាធរ​ឈូសឆាយ​ធ្វើ​ផ្លូវលំ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ប្រជាពលរដ្ឋ​សង្ឃឹមថា​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​នេះ មិន​បណ្ដោយ​ឲ្យ​លោក សុខ គុន​ថា​ល់ ប្រធាន​មន្ទីរ​រតន​គារ​ខេត្ត​ប៉ៃលិន រាំងស្ទះ​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធ​រ​ខេត្ត​នោះឡើយ​៕

img-20161006-wa0088-768x1024 img-20161006-wa0087-768x433 img-20161006-wa0089-768x433