អាជ្ញាធរខេត្ត​តាកែ គួរ​ចាត់វិធានការ​តាមច្បាប់​លើ​លោក សៅ សម្បត្តិ ប្រធាន​ច្រករបៀង​ដើមត្នោត​

ករណី​លោក សៅ សម្បត្តិ ប្រធាន​ច្រករបៀង​ដើមត្នោត ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ ជំរិត​យកលុយ​ពី​ឈ្មួញ​និង​ពលរដ្ឋ​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ហើយ​ពលរដ្ឋ​និង​ឈ្មួញ​អំពាវនាវ​ឲ្យ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ជាបន្ទាន់​។ ដោយហេតុថា​អំពើពុករលួយ​របស់លោក សៅ សម្បត្តិ ប្រធាន​ច្រករបៀង​ដើមត្នោត ប្រើ​អំណាច​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​ពលរដ្ឋ​គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ច្រករបៀង​ដើមត្នោត​ជា​ច្រករបៀង​ខុសច្បាប់​។ ចំណែក​មន្ត្រី​អាជ្ញាធរ​ឃុំ​ភ្នំ​ដិ​ន និង​មន្ត្រី​អាជ្ញាធរ​ស្រុក​គិរីវង់ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សៅ សម្បត្តិ ប្រព្រឹត្ត​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។

ថ្មីៗ​នេះ​លោក ហោ វិវឌ្ឍន៍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ បាន​បញ្ជា​ឲ្យ​កម្លាំងចម្រុះ​ចុះ​បើក​ការស៊ើបអង្កេត​លើ​លោក សៅ សម្បត្តិ ប្រធាន​ច្រករបៀង​ដើមត្នោត ដែលជា​ច្រករបៀង​ខុសច្បាប់​រឿង​ប្រមូល​លុយ​ពី​ពលរដ្ឋ​ដឹកស្រូវ​ទៅ​លក់​ឲ្យ​យួន​។ លោក ហោ វិវឌ្ឍន៍ បាន​បញ្ជាក់ថា​ទង្វើ​របស់លោក សៅ សម្បត្តិ ជា​អំពើ​ខុសច្បាប់​ព្រោះ​ការប្រមូល​លុយ​បង់ពន្ធ​ជូន​រដ្ឋ​ត្រូវមាន​វិក្កយបត្រ​ពី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ​។ ការដែល​លោក សៅ សម្បត្តិ ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដឹកស្រូវ​ទៅ​លក់​ឲ្យ​យួន​ដោយ​គ្មាន​វិក្កយបត្រ​គឺជា​អំពើពុករលួយ​ទាំងស្រុង ដូច្នេះហើយ​ទើប​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​។

ឈ្មួញ​និង​ពលរដ្ឋ​ដែល​ប្រកប​របរ​ប្រមូល​ទិញស្រូវ​និង​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​យួន​តាម​ច្រករបៀង​ដើមត្នោត​បាន​ឲ្យ​ដឹងថា​លោក សៅ សម្បត្តិ ជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ជា​ប្រធាន​ច្រករបៀង​ដើមត្នោត​ជា​ច្រករបៀង​ខុសច្បាប់ បាន​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ក្នុង​១​រថយន្ត​ពី​៥​ម៉ឺន​ដល់​៣០​ម៉ឺន​រៀល​។ ការដែល​លោក សៅ សម្បត្តិ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​មេ​កើយ​របស់ខ្លួន​ផងដែរ ព្រោះ​លោក សៅ សម្បត្តិ បាន​អួត​ក្អេងក្អាង​ថា​ខ្លួន​ប្រមូល​លុយ​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ​អង្គភាព ដូច្នេះ​ចង់​អ្នកណា​ស៊ើបអង្កេត​ក៏​មិន​ខ្វល់​ដែរ​។ ហេតុនេះ​លោក ឡាយ វណ្ណៈ ដែលជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង​ជា​មេបញ្ជាការ​ឯកភាព​ខេត្តតាកែវ គួរ​ចាត់វិធានការ​ពិនិត្យ​និង​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​លោក សៅ សម្បត្តិ មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ប្រើ​អំណាច​ជំរិត​យកលុយ​ពី​ពលរដ្ឋ​ដឹកស្រូវ​ទៅ​លក់​ឲ្យ​យួន​បន្តទៀត ព្រោះ​ជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​៕

photo_2016-01-19_15-21-48

លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ

pic268