គម្រក់​បំផុត ! បងប្រុស​បំផ្លាញ​អនាគត​ប្អូនស្រី​បង្កើត​ខ្លួនឯង

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មានការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​ពេក​ប្អូនស្រី​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​បណ្ដើរ​យំ​បណ្ដើរ បន្ទាប់​ពី​បងប្រុស​បង្កើត​របស់​នាង​បាន​ហៅ​ទៅ​ចម្ការ​ក្បែរ​ផ្ទះ ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

ហេតុការណ៍​ចាប់រំលោភ​ប្អូនស្រី​បង្កើត​ខ្លួនឯង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​រោល​ជ្រូក ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍ត្រី មាស រិ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សន ហួយ ហៅ​ភួយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ម្នាក់ រស់នៅ​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១០​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ ។

លោក​វរសេនីយ៍ត្រី មាស រិ​ទ្ធី បន្ត​ថា នៅ​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​ជា​បងប្រុស​បាន​នាំ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​ដែល​ទើបតែ​មាន​អាយុ​១០​ឆ្នាំទៅ​ចម្ការ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០​ម៉ែត្រ រួច​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច ។ ក្រោយ​ពី​ត្រូវ​បងប្រុស​រំលោភ​រួច​ហើយ ដោយ​មានការ​ឈឺ​ចុកចាប់​ខ្លាំង​ពេក​ក្មេង​ស្រី​រង​គ្រោះ​ដើរមក​ផ្ទះ​បណ្ដើរ​យំ​បណ្ដើរ ដោយ​ឃើញ​បែប​នេះ​ឈ្មោះ រិ​ន ស្រអែម អាយុ​២១​ឆ្នាំ ត្រូវជា​បងថ្លៃ និង​ជា​ប្រពន្ធ​សង្ស័យ ដែល​កំពុង​នៅ​ក្រោមផ្ទះ​ក៏​ហៅ​សួរនាំ ហើយ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ប្រាប់​ពី​សកម្មភាព​របស់​បងប្រុស​ដែល​ធ្វើ​មក​លើ​នាង​ទាំងអស់ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ ស្ត្រី​ជា​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​ស្រវឹងស្រា​ហើយ​ក៏​មាន​អារម្មណ៍​ចង់​រួម​ភេទ ពេល​នោះ​ក៏​ហៅ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​ទៅ​ចម្ការ​ហើយ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បញ្ជាក់​ថា ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​បណ្តឹង​របស់​ឈ្មោះ រិ​ន ស្រអែម ជា​ប្រពន្ធ រួម​ទាំង​ចម្លើយ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ ជនសង្ស័យ​ឈ្មោះ សន  ហួយ ហៅ​ភួយ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នា​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦​នេះ​ផង​ដែរ ៕