បុរស​ម្នាក់​ចង​.​ក​ស្លាប់​ដោយ​មិនដឹង​មូលហេតុ

ខេត្តកណ្តាល ៖ ខណៈ​ឪពុក​ដើរ​រក​ខ្សែ​គោ​យក​ទៅ​ចង​ទូក ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​ម្នាក់​បាន​យក​ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ពុំ វណ្ណ​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​ផ្ឌះ​របស់​ខ្លួន​មក​ដួស​បាយ​ហូប​ក្រោមផ្ទះ ពេល​ហូប​បាយ​រួច​ក៏​ឡើង​ទៅ​សំងំ​លើ​ផ្ឌះ​ម្នាក់ឯង​វិញ ។ លុះដល់​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​បង​របស់​ជន​រង​គ្រោះ​ឈ្មោះ ពុំ យ៉ឺ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មក​ពី​ទិញ​ទូក​គេ​វិញ​ក៏​ស្រែកសួរ​ទៅ​ឪពុក​រក​ខ្សែ​គោ​យក​ចង​ទូក ខណៈនោះ​ឪពុក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​កូន​(​ជន​រង​គ្រោះ​)​យក​ខ្សែ​គោ​ចង​.​ក​ជាប់​នឹង​ធ្នឹម​ផ្ទះ​មិនដឹង​ស្លាប់​បាត់បង់​ជីវិត​តាំងពី​ពេល​ណា ហើយ​ក៏​មិនដឹង​ថា​ដោយសារ​មូលហេតុ​អ្វី​ដែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពេល​ទទួល​ព័ត៌មាន សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​ជំនាញ អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ ចុះ​មក​ពិនិត្យ​សាកសព​ភ្លាម ។ ក្រោយ​ពិនិត្យ​រួច មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន ៕