ឈើ​ជិត​២០០០​ម៉ែត្រគូប​ដែល​រកឃើញ​នៅ​អូរ​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​កោះ​ញែក មាន​អ្នករត់​ការដឹកចេញ​

ក្នុងខណៈដែល​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង និង​តំបន់​ព្រំដែន​ក្នុងស្រុក​កោះ​ញែក នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នោះ ទើប​មាន​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​ឈើ​ជិត​២០០០​ម៉ែត្រគូប​ដែល​រកឃើញ​នៅ​តំបន់​អូរ​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​កោះ​ញែក អាច​ត្រូវគេ​លួច​ដឹក​ចេញ​ជា​បន្តបន្ទាប់​។ ដោយហេតុថា​រយៈពេល​ជាង​២​សប្ដាហ៍​ទៅហើយ សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះទេ ហើយ​លេច​ឮថា​មាន​អ្នក​រត់ការ​ដើម្បី​ឲ្យ​អ្នកមានអំណាច​ខ្លាំង​ចេញមុខ​ជំនួស​ម្ចាស់​ឈើ​ពិតប្រាកដ ងាយស្រួល​ក្នុងការ​ដឹកឈើ​ចេញ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ទៅលើ​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ហាក់ដូចជា​ពុំមាន​ភាពច្បាស់លាស់​ទាល់​តែ​សោះ​។

សូមបញ្ជាក់ថា​ឈើ​ដែល​សមត្ថកិច្ច​ចម្រុះ​រកឃើញ​នៅ​៤​ទីតាំង​កាលពី​ថ្ងៃទី​១៧-១៩ និង​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ មាន​៣៧៧២​កំណាត់​ស្មើនឹង​១៨៧២,៨២​ម៉ែត្រគូប​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈើ​ដែល​សមត្ថកិច្ច​ចម្រុះ​រកឃើញ​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី ដែល​ក្នុងនោះ​មាន​ទាំង​ក្នុង​ជួរ​អភិបាលខេត្ត សមត្ថកិច្ច​នគរបាល និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​។ ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ក្រុម​ឈ្មួញ​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​បានដាក់​កម្លាំង​និង​កម្មករ​ចូលទៅ​កាប់​ក្នុងព្រៃ​នៃ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ ខេត្តរតនគិរី​។ ការដែល​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដែល​គិតតែ​រឿង​ផលប្រយោជន៍​។​

បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក មានការ​ចាប់​អាំរ​ម្មណ៍​នោះ គឺ​ការរកឃើញ​គំនរ​ឈើ​៤​កន្លែង​ជិត​២០០០​ម៉ែត្រគូប​កើតឡើង​តាំងពី​ថ្ងៃទី​១៧-១៩​និង​២០ ខែកញ្ញា ឆ្នាំ​២០១៦ ប៉ុន្តែ​មកដល់​ដើមខែ​តុលា​ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​ឈើ​ពិតប្រាកដ​នៅឡើយ​ទេ​។ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​វាយតម្លៃ​ទុកជាមុន​ថា ឈើ​ទាំងនោះ​កំពុងមាន​អ្នក​រត់ការ​ដើម្បី​នាំចេញ​ដោយ​រលូន​តាមរយៈ​ឲ្យ​អ្នកមាន​ឥទ្ធិពល​អំណាច​តាំងខ្លួន​ជា​ម្ចាស់​ឈើ​ជំនួស​ម្ចាស់​ឈើ​ពិតប្រាកដ ហើយ​បែងចែក​ផលប្រយោជន៍​គ្នា​តាម​ការព្រមព្រៀង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ព្រោះ​មាន​មន្ត្រីជាន់ខ្ពស់​និង​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ផងដែរ​៕

26 28