និស្សិត​ឆ្នើម​៧​រូប ​មក​ទទួល​បទពិសោធន៍​​ជោគ​ជ័យ​ថ្មី​នៅ​សហរដ្ឋអាមេរិក

និស្សិត​កម្ពុជា​ឆ្នើម​ចំនួន​៧រូប​ បាន​ចេញ​ដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​ចូល​រួម​មហា​សន្និបាត American Student Government Association’s National Student Government Summit រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​មាន​ឱកាស​ស្វែង​យល់​ពី​បទពិសោធន៍​ជោគជ័យ​​នៅ​ទីនោះ។​​

 

និស្សិត​ឆ្នើម​៧​រូប ​មក​ទទួល​បទពិសោធន៍​​ជោគ​ជ័យ​ថ្មី​នៅ​សហរដ្ឋអាមេរិក

 

យុវសិស្ស​ត្រូវ​ចូល​​រួម​នោះ​មាន​ សេរី រិទ្ធី​យ៉ា , សុខ ហ៊ាញ , ចាន់ សុ​ភ័ក្រ្ត​ត្រា , លីន កន្និកា ,តាំង ប៊ុន​ហុង ,តាំង ប៊ុន​ហ័ង និង ឈឹង ចំរើន​កល្យាណី ​ដែល​ពួក​គេ​រៀន​នៅ​សាកលវិទ្យាល័យ​អា​មេ​រិ​កាំង​ភ្នំពេញ (AUPP) ។ ក្នុង​ដំណើរ​​​មហាសន្និបាត​នេះ​ ពួក​គេ​នឹង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ ព្រម​ទាំង​ពិភាក្សា​លើ​ប្រធានបទ​ផ្សេង​ៗ​ចំនួន​១០០ ជាមួយ​វាគ្មិន​និង​និស្សិត​តំណាង​សមាគម​និស្សិត​នៅ​សហរដ្ឋអាមេរិក សរុប​ជាង៦០០នាក់ ។​​

 

ក្រៅ​ពី​នោះ​​ ពួក​គេ​​នឹង​មាន​ឱកាស​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ជាតិ​ល្បី​ៗ​ជា​ច្រើន​ក្នុង​រដ្ឋ​ធានី​វ៉ា​ស៊ីន​តោន រួម​មាន​សេតវិមាន​ប្រធានាធិបតី បណ្ណាល័យ​ជាតិ សារមន្ទីរជាតិ​ស្មីត​សូ​នីន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាតិ រូប​សំណាក​ប្រធានាធិបតី​លីន​ខុន រួម​ទាំង​តំបន់​ទេសចរណ៍​ល្បី​ៗ​ជា​ច្រើន​កន្លែង​ទៀត​ផង។​

 

ការ​ចូល​រួម​នេះ​ ត្រូវ​បាន​និស្សិត​ខ្មែរ​ទាំង​៧រូប​ យល់​ថា​ ជា​ឱកាស​មាស​ពិសេស​មួយ​​ក្នុ​ង​ការ​សិក្សា​ស្វែង​យល់​ពី​បទពិសោធន៍​ថ្មី​ ចំណេះ​ដឹង​សំខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​ពី​ប្រទេស​ជឿន​លឿន​ ។​ ទោះ​រយៈ​ពេល​ខ្លី​ត្រឹម​មួយ​សប្ដាហ៍​តែ​ពួក​គេ​ជឿ​ជាក់​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ​នឹង​ផ្ដល់​ត្រលប់​មក​វិញ​នូវ​ចំណេះដឹង​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន ទាំង​របៀប​រស់​នៅ​ ការ​ទំនាក់​ទំនង ពង្រឹង​ភាសា បូក​រួម​ប្រធាន​បទ​សំខាន់​ៗ​ដែល​ជួយ​ឲ្យ​និស្សិត​ទាំង​៧​រូប​​យល់​ដឹង​បាន​កាន់​តែ​ច្រើន។​

 

ពួក​គេ​រំពឹង​ថា​អាច​ចែក​រំលែក​បទពិសោធន៍​ដ៏​មាន​សារសំខាន់​នេះ​ ជា​យាន​ជោគជ័យ​មួយ​ដល់​អ្នក​ជំនាន់​ក្រោយ​និង​សិស្ស​និស្សិត​ផ្សេង​ទៀត​នៅ​កម្ពុជា៕

 

អត្ថបទ៖ លឹម សុ​នា