មិន​ហ៊ាន​សារភាព ចុង​ក្រោយ​បាន​ត្រឹម​សោក​ស្ដាយ

និយាយ​ពាក្យ​ថា«ស្រលាញ់» ​សម្រាប់​ខ្ញុំ​ដូច​ជា​ពិបាក​និយាយ​ណាស់!
ខ្ញុំ​បាន​ស្គាល់​នារី​ម្នាក់ ដំបូង​ឡើយខ្ញុំ​គ្រាន់​តែ​ជា​គ្រូ​កុំព្យូទ័រ​របស់​នាង​ប៉ុណ្ណោះ តែ​ពេល​ស្គាល់​គាត់​បាន​យូរ​បន្តិច អារម្មណ៍​របស់​ខ្ញុំ​ដូច​ជា​ខុស​ពី​ធម្មតា។

 

មិន​ហ៊ាន​សារភាព ចុង​ក្រោយ​បាន​ត្រឹម​សោក​ស្ដាយរូបតំណាង

 

មិន​ដឹង​ថា​ហេតុ​អី​ទេ ឬ​មក​ពី​វា​ជា​ស្នេហា​លើក​ដំបូង​របស់​ខ្ញុំ?
នាង​ជា​មនុស្ស​ល្អ ស្អាត ហើយ​ពូកែ។
ថ្ងៃ​មួយ​ពួក​យើង​បាន​ទៅ​លេង​ឆ្នេរ​កោះ​ប៉ែន ជា​ក្រុម ហើយ​ក៏​ជា​លើក​ទី​មួយ ហើយ​ដែល​ខ្ញុំ​ចេះ​ប្រចណ្ឌ​នាង ដោយ​សារ​តែ​មាន​មនុស្ស​ប្រុស​ព្យាយាម​តាម​ស្រលាញ់​នាង​ដែរ ។ហើយ​ម្នាក់​ប្រុស​នោះ​ក៏​មិន​មែន​ជា​អ្នក​ក្រៅ​ដែរ គឺ​គេ​ជា​កូន​សិស្ស​របស់​ខ្ញុំ។
ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា មាន​គូ​ប្រជែង​មួយ​ទៀត​ហើយ​!!
ខ្ញុំ​មិន​ដឹង​ថា​តើ​នាង​ដឹង​ថា​ខ្ញុំ​ស្រលាញ់​នាងឬ​អត់​នោះ​ទេ​!
ចំពោះ​រឿង​ស្នេហា ខ្ញុំ​ដូច​ជា​កំសាក​ខ្លាំង​ណាស់។
តាម​ស្រលាញ់​នាង​ជិត​២​ឆ្នាំ​ហើយ​ នៅ​តែ​មិន​ហ៊ាន​សារភាព ថ្ងៃ​មួយ​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​របស់​នាង​ប្រាប់​ខ្ញុំ​ថា នាង​ក៏​លួច​ស្រឡាញ់​ខ្ញុំដែរ។ អារម្មណ៍​របស់​ខ្ញុំ​ដូច​ជា​មាន​សង្ឃឹម​បន្តិច​វិញ តែ​នៅ​មិន​ហ៊ាន​សារភាព​ដដែល​ព្រោះ​ខ្លាច​បាត់​បង់​មិត្តភាព​មួយ​នេះ។
ថ្ងៃ​មួយ រឿង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សោក​ស្តាយ​ហើយ​ឈឺ​ចាប់​បំផុត​នោះ​គឺ មិត្តភ័ក្ដិ​ស្និទ្ធស្នាល​របស់​ខ្ញុំ​បាន​ទៅ​ប្រាប់​នាង​ថា​ខ្ញុំ​មាន​សង្សារ​ហើយ ឈប់​គិត​ពី​ខ្ញុំ​ទៀត​ទៅ ដោយ​ខ្ញុំ​មិន​ដឹង​រឿង​អ្វី​ទាំង​អស់។
ពេល​នោះ​ហើយ​ដែល​នាង​មិន​ដែល​សូម្បី​តែ​ឆាត​មក​ខ្ញុំ ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ទទួល​យក​ពាក្យ​ស្រលាញ់​ពី​បុរស​ម្នាក់​ផ្សេង​ទៀត ដែល​តាម​ស្រលាញ់​នាង​ដែរ។

 

នៅ​ពេល​ដឹង​ការ​ពិត គឺ​អ្វី​ៗ​ហួស​ពេល​បាត់​ទៅ​ហើយ​… នាង​បាន​ក្លាយ​ទៅ​ជា​អនាគត​ប្រពន្ធ​របស់​គេ​បាត់​ទៅ​ហើយ​។
នេះ​គឺ​ការ​ចង​ចាំ​មនុស្ស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​រាល់​ថ្ងៃ ពេល​នឹក​ឃើញ​គេ ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​។
តែ​ក៏​សូម​ជូន​ពរ​ឱ្យ​គេ​ទាំង​ពីរ​ស្រលាញ់​គ្នា​ដល់​ចាស់​!!

 

អត្ថបទ៖ ប្រិយ​មិត្តSabay

 

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ 015 209 699

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា