​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ផ្កាយ​ចម្លែក​មួយ​ថយចុះ​ពន្លឺ​រៀងរាល់ថ្ងៃ​

​    ​នៅក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ដោយ​វិទ្យាស្ថាន Carnegie Science បានឱ្យដឹងថា ក្រុម​តារាវិទូ​បាន​ពិភាក្សា​ជុំវិញ​ឥរិយាបទ​ដ៏​ចម្លែក​របស់​ផ្កាយ​ដែលមាន​ឈ្មោះថា KIC 8462852​។​

​    ​KIC 8462852 មាន​ចម្ងាយ ១៥០០ ឆ្នាំ​ពន្លឺ​ពី​ផែនដី​របស់​យើង​នៅក្នុង​ក្រុម​ផ្កាយ Cygnus ហើយ​ផ្កាយ​នេះ​បានបង្ហាញ​ការឡើង​ចុះ​ពន្លឺ​យ៉ាង​លឿន​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ 

​    ​ក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លងមកនេះ កែវ​យឺត​អវកាស Kepler បាន​តាមដាន​ផ្កាយ​នេះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ក្នុងអំឡុង​បី​ឆ្នាំ​ដំបូង ផ្កាយ​នេះ​បាន​ធ្លាក់ចុះ​ពន្លឺ​ជិត ១ ភាគរយ​។ ប៉ុន្តែ​វា​បាន​ងងឹត​ជាង​មុន​ដល់​ទៅ ២ ភាគរយ​ត្រឹមតែ ៦០០ ថ្ងៃ​។​

​    ​ក្នុង​គោលបំណង​ស្រាយ​ចម្ងល់​នេះ ក្រុម​តារាវិទូ​បាន​សិក្សា​ផ្កាយ​ជាង ៥០០ ឬក៏​ស្រដៀង​នឹង KIC 8462852 ប៉ុន្តែ​ពួកគេ​បាន​រកឃើញថា ឥរិយាបទ​របស់​ផ្កាយ​នេះ​គឺមាន​លក្ខណៈ​ប្លែក​ខុសគេ​។​

​    ​លោក Ben Montet ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​ក្នុងការ​សិក្សា​ពី​ផ្កាយ​នេះ ជាមួយ​វិទ្យាស្ថាន California Institute of Technology បាន​និយាយថា "​នេះ​ជា​រឿង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចំពោះ​ប្រភេទ​ផ្កាយ​បែបនេះ​ដែល​បាត់ស្រមោល​បន្តិច​ម្តងៗ​ក្នុង​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​យើង​មិន​ធ្លាប់​ឃើញ​រឿង​បែបនេះ​នៅក្នុង​ស្ថិតិ​របស់​កែវ​យឺត Kepler ឡើយ​"​។​

​    ​បច្ចុប្បន្ន ក្រុម​អ្នកជំនាញ​មិន​ប្រាកដថា តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ផ្កាយ​នេះ​ចុះ​ពន្លឺ ប៉ុន្តែ​មានការ​លើកឡើងថា ភព ផ្កាយ អាចម៍ផ្កាយ ឬក៏​ធូលី​នៅក្នុង​លំហ​អាចជា​មូលហេតុ​ដែល​ធ្វើឱ្យ KIC 8462852 ចុះ​ពន្លឺ​៕