មិន​ហាមឃាត់ទេ ប្រសិន​ប៉ែន ចំរ៉ុង ចង់ឃើញ​មុខ​កូន​

រាជធានីភ្នំពេញ ៖ តារា​សម្ដែង​មេម៉ាយ​ក្មេងខ្ចី​នាង​ភិន សុ​ដា​លី​ស បាន​សម្រាល​កូនស្រី​ ដែល​ជាតំណក់ឈាម​តែមួយ​គត់ ជាមួយ​អតីត​​ស្វាមី​លោក​ប៉ែន ចំ​រ៉ុ​ង កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ​តុលា ​ស្ថិតនៅ​មន្ទីរពេទ្យ​រូ​យ៉ា​ល់​ភ្នំពេញ ដោយ​ការ​​វះកាត់​ ។

បន្ទាប់​ពីនាង​​ឈឺពោះ​អស់​ជា​ច្រើន​ម៉ោង​ នៅ​តែ​មិន​អាច​កើតតាមធម្មជាតិបាន នាង​​ភិន សុ​ដា​លិស បាន​សម្រាល​​កូន​ស្រី​ ដោយ​ការ​វះ​កាត់ ដែល​កូនស្រី​របស់​នាង​មាន​ទម្ងន់​៣,២​គីឡូក្រាម មានឈ្មោះ​ថា «Katerina» ។

ឪពុក​របស់ ភិន សុ​ដា​លិ​ស លោក​អ៊ិ​ន សុ​ភិន បាន​ស​រសេរ​ក្នុង​គណនី​​ហ្វេ​ស​ប៊ុ​កថា «កូនស្រី​របស់​ភិន សុ​ដា​លិស មិន​អាច​សម្រាល​​ដោយ​ធម្មតា​បាន​​ទេ គឺ​ត្រូវ​តែ​វះកាត់ ​ដោយសារ​តែ​កូន​មាន​ទឹកភ្លោះ​ច្រើន​ពេក​។

លោក​អ៊ិ​ន សុ​ភិន បាន​បញ្ជាក់​ទៀតថា បើ​ទោះជា​កូនស្រី​ធ្លាប់​ធ្វើ​រឿង​មិន​ធ្វើ​ឱ្យ​លោក​សប្បាយចិត្ត និង​ពេញចិត្ត​កន្លង​មក​​ក៏​ដោយ លោក​បាន​តស៊ូ​នៅ​កំដរ​កូនស្រី ​រហូត​ដល់​សម្រាល​ ។

យ៉ាងណា​ក៏​ដោយ​ ចំពោះ​លោក​ប៉ែន ចំ​រ៉ុ​ង ត្រូវ​បាន​លោក​អះអាង​​ថា និង​មិន​ហាមឃាត់​ឡើយ ប្រសិនបើ​លោក​ចង់​ឃើញ​មុខ​កូន​ដោយ​ផ្ទាល់​នោះ​ ។