ថវិកា​រដ្ឋាភិបាល​ប្រមាណ​២៧​លាន​ដុល្លារ​មិនអាច​ទប់​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​បានទេ

ប្រជាកសិករ​រស់នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ពោធិ៍សាត់​ជាដើម បាន​ឲ្យ​ដឹងថា​ឈ្មួញ​នៅតែ​បន្ទាប​តម្លៃ​ស្រូវ​របស់​ពួកគាត់ ហើយ​តំបន់​ខ្លះ​មិនមាន​ឈ្មួញ​ដើរ​ប្រមូល​ទិញស្រូវ​ដូច​កាលពីមុន​ទៀតផង​។ ថ្មីៗ​នេះ​ក្រសួង​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​កសិករ​លក់​ស្រូវ​ក្រោម​តម្លៃ​៨៥០​រៀល​១​គីឡូក្រាម ប៉ុន្តែ​បច្ចុប្បន្ន​ប្រភពពី​កសិករ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ខ្លះ​ដើរ​ទិញស្រូវ​សែន​ក្រអូប​ក្នុង​១​គីឡូក្រាម​តែ​៦០០​រៀល​ប៉ុណ្ណោះ ហើយ​គេ​រើស​គុណភាព​យកតែ​ស្រូវ​ល្អ​ប៉ុណ្ណោះ​។ ដូច្នេះ​ប្រជាកសិករ​នៅតែ​ប្រឈម​នឹង​វិបត្តិ​គ្មាន​ទីផ្សារ​លក់​ស្រូវ ហើយ​វិធានការ​របស់​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​នាពេល​កន្លងមក​ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​កសិករ​នៅតែ​គ្មាន​ទីផ្សារ​លក់​ស្រូវ​ដដែល​។

គួរ​រំលឹក​ដែរ​ថា​ថ្មីៗ​កន្លងទៅនេះ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ថវិកា​ប្រមាណ​២៧​លាន​ដុល្លារ​ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​បច្ចុប្បន្ន ដែល​ប្រើប្រាស់​ដោយ​ធានា​គារ​អភិវឌ្ឍន៍ជនបទ​។ ក៏ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​និង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​បាន​បញ្ជាក់ថា ការទម្លាក់​ថវិកា​២៧​លាន​ដុល្លារ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​រឿង​ស្រូវ​ធ្លាក់​ថ្លៃ​គឺ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​។ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​និង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​បាន​ឲ្យ​ដឹងថា ពួកគេ​នៅតែ​ប្រឈម​នឹង​ការលំបាក​ព្រោះ​លក្ខខណ្ឌ​ខ្ចីប្រាក់​ពី​ធនាគារ​មាន​អាត្រា​ការប្រាក់​ខ្ពស់ និង​បញ្ហា​ជាច្រើន​ទៀត​។ ដូច្នេះហើយ​ទើប​ប្រជាកសិករ​នៅតែ​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ស្រូវ​ធ្លាក់ចុះ ហើយ​ត្រូវ​ខាតបង់​ដើមទុន​យ៉ាងច្រើន​រហូតដល់​គ្មាន​លុយ​សង​ទៅ​ធនាគារ​វិញ​។

កសិករ​នៅក្នុង​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ពោធិ៍សាត់​ជាដើម បាន​លើកឡើងថា​ច្រើន​ឆ្នាំ​មកហើយ​ពួកគាត់​មិនដែល​ជួប​វិបត្តិ​ខ្វះ​ទីផ្សារ​លក់​ស្រូវ​ដូច​ក្នុង​ឆ្នាំ​២០១៦​នេះ​ទេ ព្រោះស្រូវ​ក្រអូប​ដែល​ឈ្មួញ​ធ្លាប់​ប្រមូល​ទិញ​ក្នុង​១​គីឡូក្រាម​ជាង​១០០០​រៀល​នោះ បច្ចុប្បន្ន​នៅត្រឹម​៦០០​រៀល​ហើយ​គ្មាន​ឈ្មួញ​ដើរ​ទិញ​ទៀតផង​។ ការទម្លាក់​ទុន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ​កាន់តែខ្លាំង​សម្រាប់​កសិករ ក៏ដូចជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​និង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញទៅ​បរទេស​។ ហេតុនេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពិនិត្យឡើងវិញ​ហើយ​ត្រូវ​រក​គ្រប់​វិធី​ដើម្បី​ជួយ​កសិករ​ឲ្យ​បាន​ទាន់ពេលវេលា​ចៀសវាង​កុំ​ឲ្យ​កសិករ​ត្រូវ​ប្រឈម​នឹង​ការខាតបង់​តទៅទៀត​។ ជាពិសេស​ការទម្លាក់​ដើមទុន​ទិញស្រូវ​ពី​កសិករ​គួរតែ​ធ្វើឡើង​ប្រកបដោយ​តម្លាភាព ព្រោះ​បច្ចុប្បន្ន​កសិករ​តាម​បណ្ដា​ស្រុក​មួយចំនួន​ដូចជា ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង កំពុង​ប្រឈម​នឹង​វិបត្តិ​គ្មាន​ទីផ្សារ​លក់​ស្រូវ​៕

816f86fd-cedb-4ceb-8d7b-b72a8bd47858 e042bd0b-396b-4945-87eb-9f40dd1ff2d5 1